ជាតិ
សង្គមជាតិ
នរវិទូ អាំង ជូលាន ទទួលបានគ្រឿងឥស្សរិយយសនិទាឃរដូវឆ្នាំ២០២២ ពីរដ្ឋាភិបាលជប៉ុន
29, Apr 2022 , 9:25 am        
រូបភាព
លោកបណ្ឌិត អាំង ជូលាន ជានរវិទូ និងសាស្រ្តាចារ្យនៃសកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ នឹងទទួលគ្រឿងឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” ដែលជាគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២២ ផ្តល់ដោយរដ្ឋាភិបាលជប៉ុន។ ទីស្តីការគណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលជប៉ុន បានប្រកាសឈ្មោះរបស់នរវិទូ ជូលាន នៅថ្ងៃទី២៩ ខែមេសានេះ។

 
បើតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២៩ មេសានេះ ការផ្តល់គ្រឿងឥស្សរិយយស ដល់លោក បណ្ឌិត អាំង ជូលាន គឺជាការទទួលស្គាល់ការចូលរួមវិភាគទានរបស់លោក ក្នុងកិច្ចការជំរុញការផ្លាស់ប្តូរផ្នែកសិក្សាស្រាវជ្រាវ និងការយល់ដឹងពីគ្នាទៅវិញទៅមក រវាងប្រទេសជប៉ុន និងកម្ពុជា។  
 
ប្រកាសព័ត៌មានដដែល បន្តទៀតថា  ក្នុងវិស័យអភិរក្ស និងការជួសជុលទីតាំងបុរាណវិទ្យានានា លោកបណ្ឌិត អាំង ជូលាន ក៏បានចូលរួម និងគាំទ្រយ៉ាងពេញទំហឹងជាមួយអ្នកស្រាវជ្រាវ ព្រមទាំងអង្គការពាក់ព័ន្ធរបស់ជប៉ុន។ ក្នុងន័យនេះ លោកបណ្ឌិត បានជំរុញដល់ប្រតិបត្តិការក្នុងគម្រោងនានា ពាក់ព័ន្ធការអភិរក្ស និងជួសជុល ប្រព្រឹត្តទៅយ៉ាងរលូន និងចូលរួមចំណែកពង្រឹងវត្តមានរបស់ប្រទេសជប៉ុនក្នុងកិច្ចការទាំងនេះ។ 
 
សម្រាប់រដ្ឋាភិបាលជប៉ុន អ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២២ ផ្តល់ជូនដល់បុគ្គលឆ្នើម ដើម្បីទទួលស្គាល់ការចូលរួមចំណែករបស់បុគ្គលទាំងនេះ ក្នុងកិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធផលដ៏លេចធ្លោរបស់បុគ្គលទាំងនេះ ក្នុងវិស័យរៀងៗខ្លួននៅក្នុងសង្គម។ 
 
សូមរំឭកថា ក្នុងឆ្នាំ២០២១ រដ្ឋាភិបាលជប៉ុនបានផ្តល់ គ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២១ ដល់លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាននៃរដ្ឋសភា។ រដ្ឋាភិបាលជប៉ុន បញ្ជាក់ថាគ្រឿងឥស្សរិយយស «The Order of the Rising Sun, Gold and Silver Star» ដែលប្រគល់ជូនលោក ឈាង វុន ព្រោះលោកបានចូលរួមពង្រឹងទំនាក់ទំនងរវាងប្រទេសជប៉ុន និងកម្ពុជា និងជំរុញការផ្លាស់ប្តូររវាងសមាជិកសភា នៃប្រទេសទាំង២៕
 

Tag:
 អាំង ជូលាន
  ទូតជប៉ុន
  គ្រឿងឥស្សរិយយស
© រក្សាសិទ្ធិដោយ thmeythmey.com