អន្តរជាតិ
រុស្ស៊ី ប្រើមីស៊ីលវាយប្រហារទីក្រុងកៀវ ក្បែរទីតាំងប្រមុខ UN ធ្វើទស្សនកិច្ច
29, Apr 2022 , 11:18 am        
រូបភាព
លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ។ រូបភាព៖ Twitter-António Guterres
លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ។ រូបភាព៖ Twitter-António Guterres
កម្លាំងយោធារុស្ស៊ី នៅថ្ងៃទី២៨ ខែមេសា បានបាញ់មីស៊ីលដាក់ទីក្រុងកៀវជាច្រើនគ្រាប់ ដែលបង្កឱ្យអ្នករបួសយ៉ាងហោចណាស់ ១០នាក់។ ការវាយប្រហារនេះ ធ្វើឡើងស្របពេលប្រមុខអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ធ្វើទស្សនកិច្ចនៅក្នុងរដ្ឋធានីអ៊ុយក្រែន។

 
ចាកចេញពីរុស្ស៊ី លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃទី២៨ ខែមេសា បានធ្វើទស្សនកិច្ចនៅអ៊ុយក្រែន ដើម្បីពិនិត្យមើលស្ថានការណ៍ រួមទាំងទៅពិនិត្យមើលតំបន់ជាយក្រុងកៀវ Borodianka, ក្រុង Bucha និងក្រុង Irpin ទីដែលយោធារុស្ស៊ីរងការចោទថាសម្លាប់រង្គាល។ ទន្ទឹមនេះ ប្រមុខអង្គការអង្គការសហប្រជាជាតិ ក៏បានជួបពិភាក្សាជាមួយលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែនផងដែរ។ 
 
បន្ទាប់ពីជំនួបជួបផ្ទាល់នៅទីក្រុងកៀវរវាងលោក ហ្គូតេរ៉េស និងលោក ហ្សេលេនស្គី រុស្ស៊ី បានបាញ់មីស៊ីលជាច្រើនគ្រាប់ដាក់រដ្ឋធានីអ៊ុយក្រែន និងបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ១០នាក់រងរបួស។ ការវាយប្រហារនេះ ត្រូវបានប្រធានាធិបតីអ៊ុយក្រែន ថ្កោលទោសយ៉ាងខ្លាំង។ 
 
«ការវាយប្រហារនេះ បានបង្ហាញជាច្រើន...ពីកិច្ចខិតខំរបស់រុស្ស៊ី ក្នុងការបំបាក់មុខអង្គការសហប្រជាជាតិ រួមទាំងអ្វីគ្រប់យ៉ាងដែលអង្គការមួយនេះតំណាង»។ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ការវាយប្រហារខាងលើ ត្រូវការការប្រតិកម្មដ៏មានឥទ្ធិពលមួយ។ បើតាមលោកហ្សេលេនស្គី រុស្ស៊ីបានវាយប្រហារមីស៊ីលចំនួន ៥គ្រាប់នៅក្នុងក្រុងកៀវ។ 
 
ចំណែកលោក ហ្គូតេរ៉េស និងក្រុមការងារមានការតក់ស្លុតយ៉ាងខ្លាំង ចំពោះការវាយប្រហារនោះ។ លោក Saviano Abreu អ្នកនាំពាក្យការិយាល័យមនុស្សធម៌អង្គការសហប្រជាជាតិ បានអះអាងថា វាជាតំបន់សង្រ្គាម ប៉ុន្តែវាមានការភ័យខ្លាចយ៉ាងខ្លាំង ដោយការវាយប្រហារមីស៊ីល បានកើតឡើងនៅជិតក្រុមការងារ និងរូបលោក។ យ៉ាងណាមិញ អ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់ឡើយ ថាតើការវាយប្រហារនោះ មានចម្ងាយប៉ុន្មានពីក្រុមការងារអង្គការសហប្រជាជាតិ និងលោកអគ្គលេខាធិការUN។ 
 
ក្នុងដំណើរទស្សនកិច្ចនៅអ៊ុយក្រែន ប្រមុខអង្គការសហប្រជាជាតិ បានជំរុញឱ្យរុស្ស៊ីសហការជាមួយការស៊ើបអង្កេត ដែលធ្វើឡើងដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ បើតាមលោក ហ្គូតេរ៉េស អង្គការសហប្រជាជាតិ គាំទ្រពេញទំហឹងចំពោះការស៊ើបអង្កេតរបស់តុលាការ ICC លើឧក្រិដ្ឋកម្មនៅក្រុង Bucha និងតំបន់ជុំវិញក្រុងកៀវ។ 
 
មិនតែប៉ុណ្ណោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានទទួលស្គាល់ថា ក្រុមប្រឹក្សាសន្តិសុខ មិនអាចធ្វើអ្វីបានឡើយ ដើម្បីទប់ស្កាត់សង្រ្គាម ហើយនេះគឺជាការខកចិត្តយ៉ាងខ្លាំង។ លើសពីនេះ លោក ហ្គូតេរ៉េស បានចាត់ទុកសង្រ្គាមនៅអ៊ុយក្រែន គឺជារឿងដ៏អាក្រក់បំផុត។  
 
តាមការបញ្ជាក់របស់អ្នកនាំពាក្យយោធារុស្ស៊ីប្រាប់អ្នកសារព័ត៌មាន កម្លាំងយោធាខ្លួនបានវាយប្រហារតាមផ្លូវអាកាសចំនួន៣៨គោលដៅ ដោយបានបំផ្លាញឃ្លាំងស្តុកអាវុធអ៊ុយក្រែនចំនួន ៧កន្លែង។ ប៉ុន្តែអ្នកនាំពាក្យយោធារុស្ស៊ី មិនបានបញ្ជាក់ពីការវាយប្រហារនៅក្នុងក្រុងកៀវ និងជុំវិញក្រុងកៀវឡើយ៕
 

Tag:
 UN
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com