ជាតិ
១៧គណបក្សចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ
29, Apr 2022 , 12:18 pm        
រូបភាព
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប.)
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប.)
ដោយ: រួបរួម
គណបក្សនយោបាយចំនួន១៧ ដែលមានបេក្ខជនសរុប៨៦ ០៩២នាក់ (ស្ត្រី ២៧ ៨១៣នាក់) បានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នាថ្ងៃទី២៩ ខែមេសា។



ក្នុងចំណោមគណបក្សទាំង១៧ គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គណបក្សខ្មែររួបរួមជាតិ មានបេក្ខជននៅទូទាំង២៥រាជធានី-ខេត្ត ខណៈគណបក្សហ៊្វុនស៊ិនប៉ិច ឈរឈ្មោះនៅ២៤រាជធានី-ខេត្ត និងគណបក្សសញ្ជាតិកម្ពុជា មាននៅ២០រាជធានី-ខេត្ត។

គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សយុវជនកម្ពុជា ឈរឈ្មោះនៅ១៨រាជធានី-ខេត្ត គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅ១៥រាជធានី-ខេត្ត គណបក្សឆន្ទៈខ្មែរ គណបក្សកម្ពុជានិយម គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ឈរនៅ១០រាជធានី-ខេត្ត។

បណ្តាគណបក្សដែលឈរឈ្មោះក្រោម១០រាជធានី-ខេត្ត រួមមាន គណបក្សខ្មែរតែមួយ (៩), គណបក្សឯកភាពជាតិខ្មែរ (៤), គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សរស្មីខេមរា, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច (៣)។

បេក្ខជនសរុបទាំងអស់មាន ៨៦ ០៩២នាក់ (ស្រ្តី២៧ ៨១៣នាក់)។ គណបក្សប្រជាជនកម្ពុជា មានបេក្ខនារីច្រើនជាងគេ ដែលមានជាង៧០០០នាក់ បន្ទាប់មកគណបក្សភ្លើងទៀន (ជាង៥៥០០នាក់), គណបក្សខ្មែររួមរួបជាតិ (ជាង៤០០០នាក់) និងគណបក្សហ៊្វុនស៊ិនប៉ិច (ជិត៣៩០០នាក់)។

បើតាមគ.ជ.ប. ដំណាក់កាលនៃការចុះបញ្ជីបេក្ខជន បានបញ្ចប់ជាស្ថាពរ បន្ទាប់ពីឃុំសង្កាត់ទាំង១៦៥២ សម្រេចនូវបញ្ជីបេក្ខជនផ្លូវការ និងបានចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោតសម្រាប់ឃុំសង្កាត់នីមួយៗ៕




© រក្សាសិទ្ធិដោយ thmeythmey.com