ជាតិ
កម្ពុជា-ជប៉ុន ចង់បង្កើនសហប្រតិបត្តិការរយៈពេលវែង លើវិស័យការពារជាតិ ដើម្បីឆ្ពោះទៅឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ
29, Apr 2022 , 12:19 pm        
រូបភាព
ភ្នំពេញ៖ កម្ពុជា-ជប៉ុន បានបង្ហាញបំណងបង្កើនកិច្ចសហប្រតិបត្តិការរយៈពេលវែង លើវិស័យការពារជាតិ ដើម្បីឆ្ពោះទៅឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ។ នេះបើតាមជំនួបរវាងសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក យ៉ាម៉ាហ្សាគី កូជី (Yamazaki Koji) អគ្គសេនាធិការចម្រុះកងទ័ពស្វ័យការពារនៃប្រទេសជប៉ុន នាវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៩ មេសា។



លោក យ៉ាម៉ាហ្សាគី កូជី បានប្រាប់សម្ដេច ហ៊ុន សែន ថា លោកបានជួបពិភាក្សាការងារជាមួយលោក វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក អំពីកិច្ចសហប្រតិបត្តិការរយៈពេលវែងលើវិស័យការពារជាតិនេះហើយ។
 
បើតាមលោក យ៉ាម៉ាហ្សាគី កូជី កិច្ចប្រតិបត្តិការយោធានេះ គឺផ្ដោតការយកចិត្តទុកដាក់លើការហ្វឹកហ្វឺនសមយុទ្ធសម្រាប់ជំនួយមនុស្សធម៌, សង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងទប់ស្កាត់អំពីអំពើភេរវកម្មផង និងឈានឆ្ពោះទៅទទួលបានឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហផង។
 
សម្ដេច ហ៊ុន សែន គាំទ្រចំពោះគោលបំណងកិច្ចសហប្រតិបត្តិការរយៈពេលវែង លើវិស័យការពារជាតិនេះ។ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏លើកទឹកចិត្តឱ្យកងទ័ពប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការលើកម្មវិធីដែលមានស្រាប់ ជាពិសេសយកចិត្តទុកដាក់លើការហ្វឹកហ្វឺនរួមគ្នា ក្នុងការសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងទប់ស្កាត់អំពើភេរវកម្ម ដែលមាននៅក្នុងផែនការប្រតិបត្តិយោធានេះ។ នេះបើតាមហ្វេសប៊ុកសម្ដេច ហ៊ុន សែន ដែលបានស្រង់ខ្លឹមសារនៃជំនួបលោក យ៉ាម៉ាហ្សាគី កូជី (Yamazaki Koji) អគ្គសេនាធិការចម្រុះកងទ័ពស្វ័យការពារនៃប្រទេសជប៉ុន។

ក្នុងជំនួបលោក យ៉ាម៉ាហ្សាគី កូជី កាលពីថ្ងៃទី២៨ មេសា លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានស្នើដល់ភាគីជប៉ុនគាំទ្រឲ្យមានទស្សនកិច្ចរបស់នាយទាហានវ័យក្មេង និងជួយកសាងធនធានមនុស្ស ជាពិសេសផ្តល់សម្ភារៈបរិក្ខារយោធា ក៏ដូចជាជួយលើវិស័យសង្រ្គោះគ្រោះមហន្តរាយ និងបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ រួមទាំងការដោះមីន និងគ្រាប់មិនទាន់ផ្ទុះជាដើម។
 
លោក វង្ស ពិសេន សង្ឃឹមថា ទៅថ្ងៃអនាគត កងទ័ពកម្ពុជា-ជប៉ុន នឹងបន្តកិច្ចសហការជិតស្និទ្ធ ក្នុងការផ្លាស់ប្តូរព័ត៌មាន និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់កម្រិត គ្រប់ប្រភេទទ័ព ជាពិសេសកងទ័ពជើងគោកប្រទេសទាំងពីរ។
 
កន្លងមក កងស្វ័យការពារជប៉ុន បានរួមចំណែកអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ តាមរយៈការទទួលយកសិក្ខាកាមយោធាកម្ពុជា ទៅបណ្តុះបណ្តាលលើជំនាញផ្សេងៗ។ នេះបើតាមលោក វង្ស ពិសេន។
 
ដំណើរទស្សនកិច្ចរបស់លោក យ៉ាម៉ាហ្សាគី កូជី (Yamazaki Koji) អគ្គសេនាធិការចម្រុះកងទ័ពស្វ័យការពារនៃប្រទេសជប៉ុន មកកម្ពុជានាពេលនេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យការពារជាតិ ស្របទៅតាមសេចក្តីប្រកាសរួម របស់ថ្នាក់ដឹកនាំកំពូលទាំងពីរកន្លងមក៕
 
 
 

Tag:
 ហ៊ុន សែន
  យោធាជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com