កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo គាំទ្រគ្រូបង្វឹកថ្មី Erik ten Hag ចំពោះការដឹកនាំអនាគតក្រុម Man Utd
29, Apr 2022 , 1:53 pm        
រូបភាព
ទម្រង់លេងរបស់ខ្សែប្រយុទ្ធ ​Cristiano Ronaldo ទល់ក្រុម Chelsea ថ្ងៃទី២៨ខែមេសា បានបង្ហាញថា រូបគេនៅតែជាកម្លាំងស្នូលដ៏សំខាន់ចំពោះក្រុម ហើយរូបគេគាំទ្រអនាគតក្រុម ដែលនឹងត្រូវស្ថិតក្រោមការដឹកនាំរបស់លោក Erik ten Hag។ នេះបើតាមអ្នកចាត់ការបណ្តោះអាសន្នលោក Ralf Rangnick។


ក្រុមបិសាចក្រហមបានប្រកួតស្មើ ១-១ ទល់ក្រុមតោខៀវ Chelsea។ ដោយខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំ បានជួយស្រោចស្រង់ក្រុមបិសាចក្រហមពីការបាត់បង់៣ពិន្ទុ ត្រឹមតែរយៈពេល ១១៩ វិនាទី បន្ទាប់ពីកីឡាករ Marcos Alonso បានបើកការនាំមុខនៅទឹកដី Old Trafford។
 
ទោះជាយ៉ាងនេះក្តី អនាគតរបស់ Ronaldo នៅតែមានភាពមិនច្បាស់លាស់ ក្រោយចប់រដូវកាលជាមួយក្លិប Man Utd ដែលកំពុងមានដំណឹងថា នឹងត្រូវការសាងសង់ក្រុមជាថ្មី ដោយមានការផ្លាស់ប្តូរកីឡាករច្រើននាក់។ តែក្រោយជួយរកគ្រាប់តាមស្មើ Chelsea នេះ លោក Rangnick ថា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល នៅតែជាកម្លាំងដ៏សំខាន់សម្រាប់ក្រុម។
 
«មិនត្រឹមតែជាគ្រាប់បាល់ ដែលគាត់រកបានថ្ងៃនេះទេ ក៏ដូចជាការបង្ហាញទម្រង់លេងដ៏ល្អរបស់គាត់ និងរបៀបដែលគាត់បានជួយក្រុម។ ជាកីឡាករវ័យ៣៧ឆ្នាំដូចគាត់ វាជារឿងមិនធម្មតា សម្រាប់ធ្វើរឿងទាំងអស់នេះ គាត់នៅតែជាកម្លាំងស្នូលដ៏ខ្លាំងក្នុងការជួយក្រុម ហើយគេក៏គាំទ្រការដឹកនាំរបស់ Erik ten Hag ដូចគ្នា»។លោក Rangnick និយាយប្រាប់ទូរទស្សន៍ Sky Sports បែបនេះ។
 
១គ្រាប់របស់ Ronaldo នេះ គឺជាគ្រាប់បាល់ទី៨ ក្នុងចំណោម៩គ្រាប់របស់ក្រុម Man Utd នាការប្រកួតចុងក្រោយនេះ។ ចំណែកមួយគ្រាប់ទៀតរកបានដោយ Fred ជាអ្នកស៊ុតចូល ក្នុងខែមេសានេះ។
 
ពេលបច្ចុប្បន្ន Manchester United កំពុងឈរលេខរៀងទី៦ មាន៥៥ពិន្ទុ នៅសល់៣ប្រកួតក្នុងដៃប៉ុណ្ណោះ៕
 

Tag:
 Cristiano Ronaldo
  Erik ten Hag
© រក្សាសិទ្ធិដោយ thmeythmey.com