អន្តរជាតិ
លោក បៃឌិន ស្នើសុំថវិកា៣៣ពាន់លានដុល្លារទៀតពីសភាដើម្បីជួយអ៊ុយក្រែន
29, Apr 2022 , 2:59 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ។ រូបថត AFP
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ។ រូបថត AFP
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅថ្ងៃទី២៨ ខែមេសា បានដាក់សំណើទៅសភាដើម្បី​ស្នើសុំ​ជំនួយ​៣៣ពាន់លានដុល្លារបន្ថែមទៀតសម្រាប់អ៊ុយក្រែនដែលកំពុងតែបន្តទប់ទល់ជាមួយរុស្ស៊ី។ ប្រធាធិបតី អ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេស្គី បានអរគុណជាខ្លាំងចំពោះទឹកចិត្ត ហើយក៏ជំរុញឱ្យសភាអាម៉េរិក អនុម័តសំណើនេះឱ្យបានលឿន។

 
ស្ថានភាពនៅអ៊ុយក្រែនហាក់មិនថមថយនោះឡើយខណៈដែលរុស្ស៊ី កំពុងវាយលុកតំបន់ភាគខាង​កើត។ ដើម្បីទប់ទល់កងកម្លាំងរុស្ស៊ី អ៊ុយក្រែនបានទទូចស្នើឱ្យលោកខាងលិចបញ្ជូនជំនួយយោធា ពិសេសអាវុធធុនធ្ងន់ឱ្យ​កាន់តែច្រើនឡើង និងទាន់ពេល។ អាម៉េរិកដែលតែងតែសកម្មក្នុងជម្លោះនេះ ក៏ត្រៀមកញ្ចប់ជំនួយថ្មីទៀតដល់អ៊ុយក្រែន។
 
ថ្លែងពីសេតវិមាននៅថ្ងៃទី២៨ ខែមេសា ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន លើកឡើងថា លោក​បាន​ស្នើ​សុំជំនួយ៣៣ពាន់លានដុល្លារពីសភា។ ក្នុងនោះ ទឹកប្រាក់២០ពាន់លានដុល្លារនឹង ប្រើ​សម្រាប់បំពាក់​អាវុធ គ្រាប់រំសេវ និងជំនួយយោធាផ្សេងៗទៀត ហើយ៨,៥ពាន់លានដុល្លារ ជាជំនួយ​សេដ្ឋកិច្ច​ដោយ​ផ្ទាល់សម្រាប់រដ្ឋាភិបាលអ៊ុយក្រែន និង៣ពាន់លានដុល្លារដែលនៅសល់ជា​ជំនួយមនុស្សធម៌។
 
«យើងត្រូវការសេចក្ដីព្រាងច្បាប់នេះដើម្បីគាំទ្រអ៊ុយក្រែនក្នុងការតស៊ូដើម្បីសេរីភាព»។ លោក បៃឌិន សង្កត់ធ្ងន់បែបនេះដោយចង់សំដៅលើសំណើផ្ដល់ជំនួយសម្រាប់អ៊ុយក្រែន។ មេដឹកនាំអាម៉េរិក​រូបនេះ​ក៏បន្តថា ការចំណាយលើអាវុធដើម្បីប្រឆាំងគ្នាមិនថោកនោះឡើយ ក៏ប៉ុន្តែបើអ៊ុយក្រែន​មិនតបត នោះ​ការខាតបង់ និងការចំណាយពេលក្រោយនឹងអស់ច្រើនជាងនេះ។
ក្រោយការប្រកាសរបស់លោក បៃឌិន ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏ លើក​ឡើង​ក្នុងវីដេអូមួយថា លោក បៃឌិន បានសម្រេចលើជំហានដ៏សំខាន់មួយ ហើយ លោក​ក៏អរគុណ​យ៉ាង​ខ្លាំង​ចំពោះទឹកចិត្តរបស់ពលរដ្ឋអាម៉េរិកក៏ដូចជាមេដឹកនាំអាម៉េរិកផងដែរ។ លើសពីនេះ លោក ហ្សេលេនស្គី សង្ឃឹមសភាអាម៉េរិកនឹងអនុម័តសំណើខាងលើយ៉ាងឆាប់រហ័ស។ 
 
យោងតាមសេចក្ដីសង្ខេបនៃសំណើរបស់លោក បៃឌិន សំណើមួ​យនេះអនុញ្ញាតឱ្យមន្ត្រីអាម៉េរិក​អាច​រឹប​អូសទ្រព្យធនពីអ្នកមានអំណានៅរុស្ស៊ីដែលជាប់ពាក់ព័ន្ធក្នុងការជួយជ្រោមជ្រែងឱ្យ​រុស្ស៊ីប​ន្ត​លុក​លុយ​អ៊ុយក្រែន។ បន្ថែមពីនេះ រដ្ឋអាជ្ញាអាម៉េរិកក៏អាចនឹងបង្កើនរយៈពេលដាក់​ទោសការ​លាង​លុយ​កខ្វក់​របស់បុគ្គលជាប់ពាក់ព័ន្ធពី៥ឆ្នាំទៅ១០ឆ្នាំផងដែរ៕
 

Tag:
 អាម៉េរិក
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com