ជាតិ
សង្គមជាតិ
អ្នកស្រី សែម ស្រីម៉ៅ ស្នើឱ្យភ្ញៀវគោរពស្រ្តីរត់កង់បី ខណៈខ្លួន ធ្លាប់រងការមើលងាយ
30, Apr 2022 , 8:59 am        
រូបភាព
អ្នកស្រី សែម ស្រីម៉ៅ កំពុងអង្គុយនៅ មុខ Passapp របស់ខ្លួន។
អ្នកស្រី សែម ស្រីម៉ៅ កំពុងអង្គុយនៅ មុខ Passapp របស់ខ្លួន។
ដោយ៖ ហ៊ន ថូវ៉ាន (Horn Thovan)
 
ប្រមាណ៥ឆ្នាំមកហើយដែលអ្នកស្រី សែម ស្រីម៉ៅ ប្រកបរបររត់ម៉ូតូកង់បី (PassApp) ដើម្បីដោះស្រាយបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ។ ការប្រកបរបរនេះ អ្នកស្រីហាក់មិនសូវទទួលបានការឱ្យតម្លៃពីភ្ញៀវចំនួន តែបែរជារងការរើសអើង និងការបំពានមួយចំនួនទៅវិញ។ អ្នករត់កង់បីរូបនេះ ស្នើឲ្យភ្ញៀវគ្រប់រូប ផ្តល់តម្លៃលើស្ត្រីដែលប្រកបរបនេះ។

 
ស្ថិតនៅក្នុងវ័យ៣០ឆ្នាំ អ្នកស្រី សែម ស្រីម៉ៅ បានសម្រេចចិត្តបោះបង់អាជីពជាអ្នកសម្ដែងខ្សែភាពយន្ត ហើយងាកមកចាប់របរជាអ្នករត់កង់បីវិញ ដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ និងដើម្បីមានពេលវេលាមើលថែកូន២នាក់។ បញ្ហានៃជំងឺកូវីដ-១៩ រួមទាំងអតិផរណានាពេលបច្ចុប្បន្ន ជាពិសេសការកើនឡើងនូវថ្លៃទំនិញនិងប្រេងឥន្ធនៈ បានធ្វើឱ្យប្រាក់ចំណូលរបស់អ្នកស្រី ដែលបានពីការរត់កង់បីនេះ បានធា្លក់ចុះនៅជាមធ្យមត្រឹម៣ទៅ៥ម៉ឺនរៀលតែប៉ុណ្ណោះក្នុងមួយថ្ងៃ ខណៈអ្នកស្រីកំពុងរងការរើសអើង និងបំពានមួយចំនួនពីអតិថិជនរបស់ខ្លួន។
 
«ខ្ញុំ [ទទួលរងការ] មើលងាយពីខាងភ្ញៀវ ពីមនុស្សជុំវិញខ្លួន នៅពេលដែលយើងចេញទៅរត់កង់បីយប់ព្រលប់អី ហើយពេលបើកបរអីអញ្ចឹងគេមើលងាយដែរ។ គេអត់សូវគោរពសិទ្ធិទេ»។ នេះជាការលើកឡើងរបស់អ្នកស្រី សែម ស្រីម៉ៅ។ ស្ត្រីរត់ PassApp រូបនេះ បន្តរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)  ថា៖ «ភ្ញៀវមើលងាយយើង គាត់ឲ្យយើងចាំយូរហើយនិយាយស្ដីអត់សូវមានសុជីវធម៌ដាក់យើងទៀត[...]។ បើភ្ញៀវបរទេសខ្លះ គាត់ជក់បារី គាត់អត់គោរពសិទ្ធិយើង លើកជើងចង់ដល់លើក្បាលយើង ហើយស្រែកគំហកឲ្យយើងទៀត»។
 
លើសពីនេះ អ្នកស្រី សែម ស្រីម៉ៅ  ត្រូវបានក្រុមបុរសដែលជាអ្នករត់កង់បីដូចគ្នា ចោទថាមកដណ្តើមការងារដែលជាឆ្នាំងបាយប្រចាំថ្ងៃរបស់ពួកគេ ដោយក្រុមបុរសទាំងនោះជំរុញឱ្យនាង ទៅធ្វើការងារយប់ឬធ្វើការងារនៅហាងការ៉ាអូខេ (KTV) ឬក៏ការងារអ្វីផ្សេងវិញ ដោយឈប់ពីរបររត់កង់បីនេះ។ 


 
សម្រាប់ស្ត្រីរត់កងបីរូបនេះផ្ទាល់ គឺមានបំណងចង់បើកហាងលក់បាយម្ហូបមួយកន្លែងដើម្បីរក្សាស្ថិរភាពជីវភាពគ្រួសារឲ្យមានលំនឹងនិងមានពេលបានមើលថែកូនៗគ្រប់គ្រាន់។ បច្ចុប្បន្ន អ្នកស្រី កំពុងសន្សំប្រាក់ដែលបានពីការរត់កង់បី ជាមួយនឹងចំណូលរបស់សា្វម៉ី ដែលបានពីលក់ចំណីអាហារបន្តិចបន្តួចនៅតាមចិញ្ចើមផ្លូវ ដើម្បីសម្រេចក្តីប្រាថ្នាមួយនេះ នាពេលអនាគត។
 
ជាមួយគ្នានេះ អ្នកស្រី សែម ស្រីម៉ៅ បានស្នើសុំពីប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកដែលប្រើប្រាស់សេវាម៉ូតូកង់បី គឺត្រូវគោរពនិងឱ្យតម្លៃទៅលើស្ត្រីដែលជាអ្នកបើកបរ ពីព្រោះស្ត្រី គឺមានសិទ្ធិក្នុងការធ្វើកិច្ចការអ្វីមួយដែលខ្លួនពេញចិត្តបានដូចបុរសដែរ។ 
 
ស្ត្រីប្រកបរបររត់កងបីតាំងពីឆ្នាំ២០១៧រូបនេះ បាននិយាយថា៖ «សូមបងប្អូនជាភ្ញៀវទាំងអស់  មិនថាជាភ្ញៀវខ្មែរ ឬអន្តរជាតិអ្វីទេ សូមផ្ដល់តម្លៃដល់ខ្ញុំជាអ្នករត់កង់បីផង ដោយសារខ្ញុំជាស្ត្រី [ខ្ញុំ] មានសិទ្ធិដែរ! [ខ្ញុំ]មានតម្លៃរបស់ខ្ញុំ! »៕ 
 

Tag:
 ស្ត្រី
  កង់បី
  អ្នកស្រី សែម ស្រីម៉ៅ
© រក្សាសិទ្ធិដោយ thmeythmey.com