អន្តរជាតិ
អធិការបតីអាល្លឺម៉ង់ ទៅទស្សនកិច្ចនៅជប៉ុនក្នុងដំណើរលើកដំបូងនៅអាស៊ី
29, Apr 2022 , 4:29 pm        
រូបភាព
អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហូល ចាប់ដៃនាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ។ រូបថត AFP
អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហូល ចាប់ដៃនាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ។ រូបថត AFP
អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ ស្ហូល នៅថ្ងៃទី២៨ ខែមេសា បានធ្វើដំណើរទស្សកិច្ចទៅកាន់ជប៉ុន ក្នុងទស្សនកិច្ចនៅតំបន់អាស៊ីជាលើកដំបូង។ មេដឹកនាំអាល្លឺម៉ង់ ចាត់ទុកជប៉ុន​ជាដៃគូដ៏​សំខាន់​មួយ​ក្នុងតំបន់ដែលអាចធ្វើការរួមគ្នាជាមួយអាល្លឺម៉ង់បាន។ យ៉ាងណាមិញ ចិនដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អាល្លឺម៉ង់ មិនស្ថិតក្នុងគម្រោងទស្សនកិច្ចនេះឡើយ។



ជប៉ុន ជាគោលដៅទស្សនកិច្ចមុនគេរបស់អធិបការតីអាល្លឺម៉ង់ អូឡាហ្វ ស្ហូល ក្នុងដំណើរទស្សនកិច្ចតំបន់អាស៊ី តាំងពីបានឡើងកាន់តំណែងជាអធិការបតីអាល្លឺម៉ង់នៅចុងឆ្នាំ២០២១ មក។ ទំនាក់ទំនងទ្វេភាគី និងបញ្ហាអ៊ុយក្រែន​ ជាប្រធានបទសំខាន់ក្នុងជំនួបរវាងលោក ស្ហូល និងនាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ ។
 
«វាមិនមែនជារឿងចៃដន្យទេដែលការធ្វើដំណើរលើកដំបូងរបស់ខ្ញុំក្នុងនាមជាអធិការបតីមកកាន់​តំបន់​នេះ ហើយបានមកកាន់ទីក្រុងតូក្យូ»។ អធិការបតីអាល្លឺម៉ង់បានសង្កត់ធ្ងន់ បែបនេះរួចបន្តថា ដំណើរ​ទស្សកិច្ចរបស់់លោកបង្ហាញច្បាស់ពីសញ្ញានយោបាយរបស់អាល្លឺម៉ង់ និងសហភាពអឺរ៉ុប (EU) ដែល​ចង់ពង្រឹង​ការ​ចូលរួម​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។
 
ក្នុងសន្និសីទកាសែតរួមគ្នា នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា​បាន​គូសបញ្ជាក់​អំពីការ​បដិសេធ​របស់​ប្រទេស​ទាំងពីរចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងបានព្រមានអំពីការប៉ុនប៉ង​ឈ្លានពាន​ណាមួយ​ដោយប្រើកម្លាំងក្នុងទ្វីបអាស៊ី។ មេដឹកនាំទាំងពីរក៏បានបញ្ជាក់ឡើងវិញពីការព្យាយាមកាត់បន្ថយ​ការ​ពឹងផ្អែកលើការនាំចូលថាមពលរុស្ស៊ី។
 
មេដឹកនាំអាល្លឺម៉ង់ ក៏ឆ្លៀតរិះគន់វិធានការរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដែលចង់ស្ដារ​សន្តិភាព​ដោយប្រើកម្លាំងទ័ពនឹងមិនទទួលបានជោគជ័យនោះឡើយ។ ក្រៅពីនេះ មេដឹកនាំ​ទាំងពីរ​ក៏​បាន​ចែក​រំលែកពីការបារម្ភជាខ្លាំងជុំវិញបញ្ហានៅហុងកុង និងបញ្ហាសិទ្ធិមនុស្ស នៅតំបន់ស៊ីនជាំងជាដើម។
 
យ៉ាងណាមិញ លោក ស្ហូល បែរជាមិនមានគម្រោងទៅចិនដែលជាទីផ្សារដ៏ធំមួយទៅវិញ។ សមាជិក​ប្រតិភូដែលអមដំណើរលោក ស្ហូល លើកហេតុផលថា ចិនកំពុងចាត់វិធានការ​រឹតបន្តឹងយ៉ាង​តឹងរ៉ឹង​ក្នុង​ការទប់ស្កាត់ជំងឺកូវីដ-១៩៕
 
 
 

Tag:
 អាល្លឺម៉ង់
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com