កីឡាជាតិ
ជាតិ
វៀតណាម សម្រេចឲ្យមានការបាញ់កាំជ្រួច មិនលើសពី១៥នាទីឡើយ នៅថ្ងៃបើកស៊ីហ្គេម
30, Apr 2022 , 9:59 am        
រូបភាព
ម្ចាស់ផ្ទះវៀតណាម នឹងធ្វើពិធីបើកស៊ីហ្គេមលើកទី៣១ នៅថ្ងៃទី១២ ខែឧសភា នៅកីឡដ្ឋានជាតិវៀតណាម My Dinh នាទីក្រុងហាណូយ ជាមួយនឹងការបាញ់កំជ្រួចបំភ្លឺអបអរ។


 
បើតាមរយៈការផ្សាយរបស់គេហទំព័រ Sea Games 2021 លោក Vu Duc Dam ឧបនាយករដ្ឋមន្ដ្រីវៀតណាម បានសម្រេចយល់ព្រមឲ្យមានការបាញ់កំជ្រួច ប៉ុន្តែមានការកំណត់ពេល ដោយមិនត្រូវលើសពី១៥នាទីឡើយ។ 
 
ឧបនាយករដ្ឋមន្ដ្រីវៀតណាមរូបនេះ បានចេញសេចក្តីសម្រេចបែបនេះ ទៅកាន់គណៈកម្មការរៀបចំនៃទីក្រុងហាណូយ ដែលធ្វើការជិតស្និទជាមួយក្រសួង វប្បធម៌ កីឡា និងទេសចរណ៍ និងអាជ្ញាធរពាក់ព័ន្ធ នៅក្នុងដំណើរការរៀបចំ និងអនុវត្ត។ ក្រៅពីនេះ ក៏មានការសម្ដែងរបាំប្រពៃណី ដែលបង្ហាញពីវប្បធម៌របស់វៀតណាមផងដែរ។
 
នេះជាលើកទី២ហើយ ដែលវៀតណាម បានធ្វើម្ចាស់ផ្ទះស៊ីហ្គេម ក្រោយពីរៀបចំស៊ីហ្គេមលើកទី២២ កាលពីឆ្នាំ២០០៣។ ម្ចាស់ផ្ទះវៀតណាម មើលឃើញថា ស៊ីហ្គេមនេះ នឹងក្លាយជាផ្នែកមួយ ដែលអាចទាក់ទាញអ្នកទេសចរណ៍បរទេស តាមរយៈវប្បធម៌ និងការបើកដំណើរការបើកឡើងវិញ នៃវិស័យទេសចរណ៍វៀតណាម។ 
 
ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ប្រព្រឹត្តិទៅចាប់ធ្វើនៅថ្ងៃទី១២-២៣ ខែឧសភា។  ការប្រកួតស៊ីហ្គេមលើកទី៣១ នឹងមានអត្តពលិកចូលរួមសរុបប្រមាណ៧១១៥ នាក់ មកពី១១ប្រទេសក្នុងតំបន់ ។ វៀតណាម ដាក់៤០ប្រភេទកីឡាសម្រាប់ប្រកួត៕
 

 

 

Tag:
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com