អន្តរជាតិ
ចិន៖ ណាតូ ធ្វើឱ្យអឺរ៉ុបរញ៉េរញ៉ៃរួចហើយ កុំចង់មកប៉ះតំបន់អាស៊ី-ប៉ាស៊ីហ្វិក
29, Apr 2022 , 8:29 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៨ ខែមេសា។ រូបភាព៖ ក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៨ ខែមេសា។ រូបភាព៖ ក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងបរទេសចិន លោក Wang Wenbin នៅថ្ងៃទី២៨ ខែមេសា បានរិះគន់រដ្ឋមន្រ្តីការបរទេសអង់គ្លេស ដែលចង់ទាញសម្ព័ន្ធយោធាណាតូ មកអន្តរាគន៍នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ពិសេសលើបញ្ហាតៃវ៉ាន់។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន អង្គការណាតូ បានធ្វើឱ្យអឺរ៉ុបរញ៉េរញ៉ៃស្រាប់ហើយ កុំចង់មកលូកដៃក្នុងកិច្ចការអាស៊ី-ប៉ាស៊ីហ្វិកទៀត។



 
 
ចាប់តាំងពីផ្ទុះសង្រ្គាមអ៊ុយក្រែន-រុស្ស៊ី តៃវ៉ាន់ បានក្លាយជាចំណុចដ៏រសើប ដោយត្រូវបានប្រៀបធៀបស្ថានភាពដែនកោះមួយនេះ ទៅនឹងអ៊ុយក្រែន។ បញ្ហានេះ បានធ្វើឱ្យរដ្ឋមន្រ្តីការបរទេសអង់គ្លេស Liz Truss នៅថ្ងៃទី២៧ ខែមេសា ជំរុញសម្ព័ន្ធយោធាណាតូឱ្យស្វះស្វែងរកការពង្រឹងសន្តិសុខនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក តាមរយៈកិច្ចសហប្រតិបត្តិការជាមួយជប៉ុន និងអូស្រ្តាលី។ ប្រមុខការទូតអង់គ្លេស ថែមទាំងបានអំពាវនាវឱ្យសម្ព័ន្ធយោធានេះ ជួយតៃវ៉ាន់អាចការពារខ្លួនពីការគំរាមរបស់ចិនផង។ 
 
ការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសអង់គ្លេសខាងលើ ត្រូវបានក្រសួងការបរទេសចិនប្រតិកម្មយ៉ាងខ្លាំង។ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៨ ខែមេសា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបថា អង្គការណាតូ ត្រូវមើលឃើញជាសម្ព័ន្ធភាពបែបការពារ ប៉ុន្តែផ្ទុយទៅវិញ បានបង្កឱ្យការប្រឈមមុខ និងការបង្កចលាចលទៅវិញ។ 
 
«សម្ព័ន្ធយោធាណាតូ បានធ្វើឱ្យអឺរ៉ុបរញ៉េរញ៉ៃរួចហើយ»។ លោក Wang បានសង្កត់ធ្ងន់បែបនេះ ដោយបានចោទជាសំណួរមួយថា ពេលនេះ អង្គការណាតូ ចង់ធ្វើឱ្យតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងពិភពលោកលោក មានភាពជ្រួលច្របល់ដែរឬយ៉ាងណា។
 
បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន ប្លុកយោធាមួយនេះ ត្រូវបានបង្កើតឡើងតាំងពីសង្រ្គាមត្រជាក់មកម្លេះ និងជាសម្ព័ន្ធយោធាដ៏ធំជាងគេបំផុត ហើយវាគួរតែមានការកែប្រែចំណុចមួយចំនួន ដោយផ្អែកតាមការផ្លាស់ប្តូរវេលាដែរ។ លោក Wang បានយល់ថា អង្គការណាតូ នៅតែប្រកាន់គំនិតសន្តិសុខចាស់គំរិល បន្តការប្រឈមមុខបែបប្លុក និងជាឧបករណ៍នៃក្រុមប្រទេស ដែលស្វែងរកអនុត្តរភាពនិយម។ 
 
ក្រៅពីបញ្ហានៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក អ្នកនាំពាក្យក្រសួងការបរទេសចិន ក៏បាននិយាយការពារជំហររបស់ចិនជាថ្មីជុំវិញជម្លោះនៅអ៊ុយក្រែនដែរ។ លោក Wang បានអះអាងថា រដ្ឋាភិបាលក្រុងប៉េកាំង តែងសម្រេចចិត្តដោយផ្អែកលើគុណតម្លៃទំនាក់ទំនងទៅវិញទៅមក។ 
 
សុន្ទរកថារបស់រដ្ឋមន្រ្តីការបរទេសអង់គ្លេស ធ្វើឡើងក្រោយសមភាគីអាម៉េរិក លោកអាន់តូនី ប្លីងខិន មួយថ្ងៃប៉ុណ្ណោះ ដោយលោកបានជំរុញឱ្យអាម៉េរិក ប្តេជ្ញាធានាតៃវ៉ាន់មានសម្ភារយោធាគ្រប់គ្រាន់ ដើម្បីការពារខ្លួនប្រឆាំងរាល់ការឈ្លានពាន និងសកម្មភាពឯកតោភាគីរបស់ចិន។ 
 
ចិន តែងបានបញ្ជូនយន្តហោះចូលទៅក្នុងដែនអាកាសតៃវ៉ាន់ជាញឹកញាប់ រួមទាំងធ្វើសមយុទ្ធយោធានៅជុំវិញកោះផង។ ជាការឆ្លើយតប ក្រុងតៃប៉ិ បានបញ្ជូនយន្តហោះចម្បាំងទៅតាមដាន និងព្រមានយន្តហោះចម្បាំងចិន។ ស្របពេលមានជម្លោះអ៊ុយក្រែន-រុស្ស៊ីកើតឡើងស្រាប់ ប្រធានធិបតីតៃវ៉ាន់ លោកស្រី Tsai ing-wen បានបញ្ជាឱ្យកងកម្លាំងរបស់ខ្លួនរឹតបន្តឹងសន្តិសុខ ជុំវិញកោះយ៉ាងខ្លាំង ដើម្បីបង្ការចិនលួចវាយប្រហារ៕ 
 

Tag:
 ចិន
  អង់គ្លេស
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com