អន្តរជាតិ
ជនជាតិកូរ៉េខាងត្បូង២នាក់ត្រូវបានចាប់ខ្លួន ព្រោះលួចការណ៍សម្ងាត់យោធាឱ្យកូរ៉េខាងជើង
29, Apr 2022 , 9:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ:
ជនជាតិកូរ៉េខាងត្បូង២នាក់ដែលម្នាក់ជានាយទាហានជើងគោក ត្រូវបានចាប់ខ្លួនពីបទលួចការណ៍សម្ងាត់យោធាឱ្យភ្នាក់ងារកូរ៉េខាងជើង។ ប៉ូលិសកូរ៉េខាងត្បូង ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP បែបនេះនៅថ្ងៃទី២៨ ខែមេសា។ អ្នកទាំងពីរទទួលបានលុយជារូបិយប័ណ្ណគ្រីបតូដើម្បីធ្វើការនេះ។

 
បើតាមប៉ូលិសកូរ៉េខាងត្បូង ជនស៊ីវិលជាពាណិជ្ជករ និងមន្រ្តីយោធាជើងគោកឋានៈអនុសេនីយ៍ឯកត្រូវបានចាប់ខ្លួន នៅពេលព្យាយាមយកការណ៍សម្ងាត់យោធាទៅតាមការបញ្ជារបស់ភ្នាក់ងារកូរ៉េខាងជើង។ អ្នកទាំងពីរត្រូវបានឱ្យឈ្នួលជារូបិយប័ណ្ណគ្រីបតូ ជាការដោះដូរដើម្បីទទួលបានទិន្នន័យចូលទៅកាន់ប្រព័ន្ធបញ្ជា និងគ្រប់គ្រងរួម (Joint Command & Control System) របស់យោធាកូរ៉េខាងត្បូង។​ នេះជាករណីដំបូងហើយដែលកូរ៉េខាងត្បូងចាប់បានការប៉ុនប៉ងរបស់កូរ៉េខាងជើង។
 
«បុរស២នាក់ត្រូវបានចាប់ខ្លួនក្រោមការចោទប្រកាន់បំពានច្បាប់សន្តិសុខជាតិ»។ មន្រ្តីម្នាក់នៅទីភ្នាក់ងារប៉ូលិសជាតិកូរ៉េខាងត្បូងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP បែបនេះនៅថ្ងៃទី២៨ ខែមេសា។ 
 
បើតាមការបញ្ជាក់របស់អាជ្ញាធរក្រុងសេអ៊ូល នាយាទាហាននោះ មានអាយុ២៩ឆ្នាំ ហើយត្រូវបានចោទពីការបញ្ជូនព័ត៌មានទាក់ទិននឹងការចូលទៅកាន់ប្រព័ន្ធបញ្ជារួម ដែលជាបណ្តាញទំនាក់ទំនងផ្ទៃក្នុងដ៏សំខាន់របស់យោធាកូរ៉េខាងត្បូង ទៅឱ្យអ្នកស៊ើបការណ៍ក្រុងព្យុងយ៉ាង។ ចំណែកម្នាក់ទៀតដែលជាអ្នកជំនួញអាយុ៣៨ឆ្នាំ ត្រូវបានជាប់ចោទពីការផ្តល់នាឡិការដៃដោយភ្ជាប់ជាមួយកាមេរ៉ាសម្ងាត់ឱ្យទាហានខាងលើនេះដើម្បីជាជំនួយប្រមូលព័ត៌មាន។ អ្នកជំនួញមួយរូបនេះក៏ត្រូវបានគេសង្ស័យថាបានទិញ និងដំឡើងឧបករណ៍លួចការណ៍មាន USB ដើម្បីចូលទៅកាន់ប្រព័ន្ធខាងលើដែរ។ 
 
ប៉ូលិសក្រុងសេអ៊ូលក៏បានលើកឡើងដែរថា អ្នកទាំងពីរបានទទួលលុយជាគ្រីបតូពីភ្នាក់ងារកូរ៉េខាងជើងជាការដោះដូរលួចការណ៍សម្ងាត់នេះ។ ភាគីយោធាបានទទួលលុយប្រហែល៣៧ ៧៨៩ដុល្លារ និងអ្នកជំនួញទទួលបានប្រមាណ៦០ម៉ឺនដុល្លារ។ 
 
ជុំវិញរឿងនេះ បើតាមការបញ្ជាក់របស់ប៉ូលិសក្រុងសេអ៊ូល អ្នកជំនួញដែលបានចាប់ខ្លួននោះដំបូងឡើយ មានទំនាក់ទំនងជាមួយភ្នាក់ងារចារកម្មក្រុងព្យុងយ៉ាងតាមប្រព័ន្ធអនឡាញដោយនិយាយអំពីការរកស៊ីរូបិយប័ណ្ណគ្រីបតូកាលពី៦ឆ្នាំមុន។ ក្រោយមក អ្នកទាំងបីបានទាក់ទងគ្នាតែតាមរយៈប្រព័ន្ធ Telegram ប៉ុណ្ណោះ៕
 
 
 
 
 
 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com