អន្តរជាតិ
សភាអាម៉េរិក អនុម័តកម្មវិធីខ្ចីនិងជួលអាវុធសម័យសង្រ្គាមលោកលើកទី២ ដើម្បីជួយអ៊ុយក្រែន
29, Apr 2022 , 10:29 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន។ រូបភាព៖ AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន។ រូបភាព៖ AFP
សភាតំណាងអាម៉េរិក នៅថ្ងៃទី២៨ ខែមេសា បានអនុម័តសេចក្តីព្រាងច្បាប់ជួល និងខ្ចីអាវុធ ដើម្បីជួយអ៊ុយក្រែន និងប្រទេសឯទៀតដែលបារម្ភពីសកម្មភាពរុស្ស៊ី។ សេចក្តីព្រាងច្បាប់មួយនេះ នឹងធ្លាក់ទៅលើតុប្រធានាធិបតីអាម៉េរិក ដើម្បីចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់។ កម្មវិធីខ្ចី និងជួលអាវុធនេះ ធ្លាប់ត្រូវបានអាម៉េរិកប្រើប្រាស់នៅក្នុងសង្រ្គាមលោកលើកទីពីរ ដើម្បីជួយអង់គ្លេសប្រយុទ្ធនឹងកងទ័ពអាល្លឺម៉ង់។

 
សភាតំណាងអាម៉េរិក បានអនុម័ត «សេចក្តីព្រាងច្បាប់ខ្ចី និងជួលអាវុធ ដើម្បីការពារប្រជាធិបតេយ្យអ៊ុយក្រែនឆ្នាំ២០២២» ក្នុងសំឡេងគាំទ្រ ៤១៧ ទល់នឹងសំឡេងប្រឆាំង ១០។ ការអនុម័តនេះ ធ្វើឡើងបន្ទាប់ពីព្រឹទ្ធសភាអាម៉េរិក បានគាំទ្រជាឯកច្ឆន្ទនៅ ៣សប្តាហ៍មុន។ សម្រាប់នីតិវិធីបន្ទាប់ កម្មវិធីខ្ចី និងជួលអាវុធខាងលើ នឹងបញ្ជូនទៅសេតវិមាន ដើម្បីឱ្យលោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក ចុះហត្ថលេខាក្លាយជាច្បាប់។ 
 
ចំណាត់ការ ដែលសល់ពីសង្រ្គាមលោកលើកទីពីរនេះ នឹងអនុញ្ញាតអាម៉េរិកឱ្យជួល និងខ្ចីនូវអាវុធរបស់ខ្លួនទៅអ៊ុយក្រែន និងសម្ព័ន្ធមិត្តផ្សេងទៀត ដែលរងការគំរាម ដោយសារតែការឈ្លានពានរបស់ក្រុងមូស្គូលើក្រុងកៀវ។ តាមកម្មវិធីខ្ចី និងជួល ប្រទេសដែលខ្ចី និងជួលអាវុធពីអាម៉េរិក ជាពិសេសអ៊ុយក្រែន អាចបង់ប្រាក់ជួលនៅពេលក្រោយ បន្ទាប់ពីទទួលបានអាវុធ។ ប្រទេសទាំងនោះ អាចខ្ចី និងជួលអាវុធពីអាម៉េរិក លើសពី ៥ឆ្នាំ។ 
 
«ថ្ងៃនេះ ប្រជាជនអ៊ុយក្រែន កំពុងឈរនៅជួរមុខ ដើម្បីប្រយុទ្ធសម្រាប់ប្រជាធិបតេយ្យ និងប្រឆាំងអំពើហិង្សា»។ លោកស្រី Mary Gay Scanlon សមាជិកសភាតំណាងមកពីបក្សប្រជាធិបតេយ្យ បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា អាម៉េរិក ចាំបាច់ផ្តល់ឱ្យសម្ព័ន្ធមិត្តជំនួយមនុស្សធម៌ និងយោធាជាច្រើនទៀត។ លោកបៃឌិន ត្រូវបានរំពឹងថា នឹងចុះហត្ថលេខាឱ្យប្រើប្រាស់កម្មវិធីខាងលើ ដើម្បីត្រួសត្រាយផ្លូវឱ្យអ៊ុយក្រែន ទទួលបានអាវុធ។
 
ទន្ទឹមនេះ ប្រធានសភាតំណាងអាម៉េរិក លោកស្រីណាន់ស៊ី ផេឡូស៊ី ចាត់ទុកសង្រ្គាមនៅអ៊ុយក្រែន ជាការប្រយុទ្ធរវាងប្រទេសប្រជាធិបតេយ្យ និងប្រទេសផ្តាច់ការ។ ប្រធានសភាតំណាងអាម៉េរិករូបនេះ បានសន្យាជួយអ៊ុយក្រែនឱ្យទទួលបានអាវុធបន្ថែមទៀត។ 
 
សេចក្តីព្រាងច្បាប់ជួល និងខ្ចីអាវុធខាងលើ មានប្រភពចេញពីសង្រ្គាមលោកលើកទីពីរ តាមការអំពាវនាវរកជំនួយរបស់នាយករដ្ឋមន្រ្តីអង់គ្លេស លោក Winston Churchill ដើម្បីប្រយុទ្ធជាមួយកងទ័ពអាល្លឺម៉ង់ មុនពេលអាម៉េរិកប្រឡូកក្នុងសង្រ្គាមលោកលើកទីពីរ នៅក្នុងខែធ្នូ ឆ្នាំ១៩៤១៕
 

Tag:
 អាម៉េរិក
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com