អន្តរជាតិ
ប្រធានាធិបតីឥណ្ឌូណេស៊ី៖ អាម៉េរិក បន្តជំទាស់វត្តមានលោកពូទីន ក្នុងកិច្ចប្រជុំG20
30, Apr 2022 , 11:56 am        
រូបភាព
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ។ រូបភាព៖ AFP
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ។ រូបភាព៖ AFP
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ នៅថ្ងៃទី២៩ ខែមេសា បានអះអាងថា អាម៉េរិក នៅតែបន្តជំទាស់វត្តមានរុស្ស៊ី នៅក្នុងកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ (G20) ដែលគ្រោងប្រារព្ធឡើងនៅកោះបាលី នាចុងឆ្នាំ២០២២។ បើតាមលោកវីដូដូ ឥណ្ឌូណេស៊ី មិនត្រូវលម្អៀងទៅភាគីណាមួយឡើយ។


ចាប់តាំងពីជម្លោះអ៊ុយក្រែនផ្ទុះឡើង ប្រទេសជាច្រើន រួមទាំងអាម៉េរិក បានព្យាយាមដាក់សម្ពាធលើរុស្ស៊ី តាមរយៈទណ្ឌកម្ម និងធ្វើឱ្យក្រុងមូស្គូស្ថិតនៅដាច់តែម្នាក់ឯងលើវេទិកាអន្តរជាតិ ក្នុងគោលបំណងឱ្យបញ្ឈប់ប្រតិបត្តិការយោធាពិសេស។ ទន្ទឹមនេះ អាម៉េរិក រួមទាំងសម្ព័ន្ធមិត្ត បានជំរុញឱ្យដករុស្ស៊ីចេញពីកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ (G20) ប៉ុន្តែត្រូវបានឥណ្ឌូណេស៊ី និយាយការពារថា ខ្លួនគួរតែរក្សាអព្យាក្រឹតភាព ក្នុងនាមជាប្រធាននៃកិច្ចប្រជុំ។ 

ដោយមិនដករុស្ស៊ីចេញពីកិច្ចប្រជុំ ឥណ្ឌូណេស៊ី បានសម្រេចអញ្ជើញអ៊ុយក្រែន ដែលមិនមែនជាសមាជិក G20 ឱ្យចូលរួមបន្ថែម ដើម្បីរក្សាតុល្យភាពនៃកិច្ចប្រជុំ។ 
 
«ខ្ញុំបានអញ្ជើញលោក  វ៉ូឡូឌីមៀ ហ្សេលេនស្គី ចូលរួមក្នុងកិច្ចប្រជុំG20»។ លោកចូក វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ក៏នឹងចូលរួមកិច្ចប្រជុំ ដែលនឹងរៀបចំនៅចុងឆ្នាំ ២០២២ ដែរ។ ទន្ទឹមនេះ ប្រធានាធិបតីឥណ្ឌូណេស៊ី បានអំពាវនាវឱ្យបញ្ឈប់សង្រ្គាម និងស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព។ 

វត្តមានរបស់ប្រធានាធិបតីរុស្ស៊ីបែបនេះ ត្រូវបានអាម៉េរិកជំទាស់ ដោយសាររុស្ស៊ីមិនស័ក្តិសម ចូលរួមក្នុងវេទិកាអន្តរជាតិឡើយ បន្ទាប់ពីឈ្លានពានអ៊ុយក្រែន។ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ ខែមេសា លោកស្រី Jen Psaki អ្នកនាំពាក្យសេតវិមាន បានថ្លែងថា ប្រធានាធិបតីអាម៉េរិក បានប្រកាសប្រឆាំងជាសាធារណៈ ចំពោះវត្តមានលោកបៃឌិន ក្នុងកិច្ចប្រជុំ G20 ហើយរុស្ស៊ី មិនគួរជាផ្នែកមួយនៃកិច្ចប្រជុំនោះឡើយ។

ក្នុងថ្ងៃដដែលនោះ អ្នកនាំពាក្យក្រសួងការបរទេសរង លោកស្រី Jalina Porter បានប្រាប់អ្នកសារព័ត៌មានថា អាម៉េរិក ជឿថា ខ្លួនមិនអាចបន្តមានកិច្ចសហការជាមួយរុស្ស៊ីដូចធម្មតាឡើយ ទាក់ទិននឹងវត្តមានរុស្ស៊ីនៅក្នុងស្ថាប័នអន្តរជាតិ ឬសហគមន៍អន្តរជាតិ។

គួររម្លឹកថា មន្រ្តីហិរញ្ញវត្ថុជាន់ខ្ពស់នៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង២០ ដូចជាអាម៉េរិក អង់គ្លេស បារាំង និងកាណាដា បានដើរចេញពីកិច្ចប្រជុំ G20 នៅថ្ងៃទី២០ ខែមេសា ព្រោះតែវត្តមានមន្រ្តីហិរញ្ញវត្ថុរុស្ស៊ី៕




Tag:
 ឥណ្ឌូណេស៊ី
  អាម៉េរិក
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com