អន្តរជាតិ
ប្រមុខការទូតរុស្ស៊ី៖ បើអាម៉េរិកចង់ដោះស្រាយជម្លោះអ៊ុយក្រែន ដំបូងត្រូវបញ្ឈប់ការផ្តល់ជំនួយអាវុធ
30, Apr 2022 , 5:40 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ។ រូបភាព៖ AFP
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ។ រូបភាព៖ AFP
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ បានជំរុញឱ្យអាម៉េរិក និងសម្ព័ន្ធយោធាណាតូ (NATO) បញ្ឈប់ការផ្តល់ជំនួយអាវុធ ប្រសិនបើចង់ដោះស្រាយជម្លោះនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី៣០ ខែមេសា។

 
សង្រ្គាមអ៊ុយក្រែន កាន់តែអូសបន្លាយ ខណៈប្រទេសលោកខាងលិច និងបណ្តាប្រទេសផ្សេងទៀត បានសន្យាផ្តល់ជំនួយអាវុធបន្ថែមទៅអ៊ុយក្រែន ដើម្បីទប់នឹងរុស្ស៊ី ដែលបានប្តូរប្រតិបត្តិការរបស់ខ្លួនទៅតំបន់ដុនបាស។ ការណ៍នេះ បានធ្វើឱ្យរុស្ស៊ី ជំរុញឱ្យអាម៉េរិក និងសម្ព័ន្ធយោធាណាតូ បញ្ឈប់ការផ្តល់អាវុធទៅអ៊ុយក្រែន បើចង់ដោះស្រាយវិបត្តិ។ 
 
«ប្រសិនបើអាម៉េរិក និងណាតូ ពិតជាចាប់អារម្មណ៍ក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន ដំបូងពួកគេត្រូវភ្ញាក់ខ្លួន និងឈប់ផ្គត់ផ្គង់អាវុធ និងគ្រាប់កាំភ្លើងឱ្យរបបក្រុងកៀវ»។ លោក ឡាវរ៉ូវ បានសង្កត់ធ្ងន់បែបនេះ ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Xinhua ដោយបន្ថែមថា ប្រតិបត្តិការយោធាពិសេស នឹងបន្តទៅតាមគម្រោង។
 
ទន្ទឹមនេះ មន្រ្តីជាន់ខ្ពស់រុស្ស៊ីរូបនេះ ក៏បានលើកឡើងពីទណ្ឌកម្មសេដ្ឋកិច្ចរបស់ប្រទេសជាច្រើនមកលើរុស្ស៊ីផងដែរ។ ប្រមុខការទូតរុស្ស៊ី បានថ្លែងថា រុស្ស៊ីបន្តអនុវត្តគោលនយោបាយមិនប្រើប្រាស់លុយដុល្លារសម្រាប់រយៈពេលជាច្រើនឆ្នាំ ហើយថែមទាំងអំពាវនាវឱ្យចិន និងឥណ្ឌាប្រើប្រាស់រូបិយវត្ថុផ្សេងក្រៅពីដុល្លារ។ 
 
កិច្ចសម្ភាសរបស់រដ្ឋមន្រ្តីការបរទេសរុស្ស៊ីនេះ ធ្វើឡើងបន្ទាប់ពីប្រមុខអង្គការណាតូ លោក Jens Stoltenberg បានយល់ថា សង្រ្គាមនៅអ៊ុយក្រែន នឹងមានរយៈពេលយូរ ខណៈអាម៉េរិក បានស្នើថវិកាសម្រាប់ជំនួយដល់អ៊ុយក្រែន ប្រមាណ ៣៣ពាន់លានដុល្លារបន្ថែម៕ 
 

Tag:
 រុស្ស៊ី
  អាម៉េរិក
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com