កីឡាជាតិ
ជាតិ
Tampines Rovers ជាក្រុម​ទីមួយ​នៃក្របខណ្ឌ S.League ​ដែល​មក​ប្រកួ​តមិត្ត​ភា​ពនៅ​កម្ពុជា
16, Jan 2014 , 11:01 pm        
រូបភាព
ដោយ: រួបរួម
Tampines Rovers បាន​ក្លាយ​ជា​ក្រុមកំពូល​ទីមួយ​ក្នុង​ក្រប​ខណ្ឌ S.League ដែល​មក​ប្រកួតមិ​ត្តភាព​នៅ​ក្នុង​ប្រទេ​សក​ម្ពុជា ដោយ​ពួក​គេ​ត្រូវ​ប៉ះជាមួយ​ស្វាយរៀងនៅ​ថ្ងៃ​សុក្រ និងណា​ហ្គាខបនៅ​ថ្ងៃអា​ទិត្យ។ ក្រុម​ដែល​មាន​រហស្សនាម​ថា «រមាំង» មួយនេះ ប្រើ​ប្រាស់ការប្រកួតមិត្តភាព​ដើម្បី​ត្រៀម​ខ្លួនសម្រាប់​ការប្រកួ​តជម្រុះ​វគ្គ​ Playoff នៃ​យុទ្ធ​នាការ AFC Champions League ជាមួយក្រុម South China របស់ហុងកុង ខណៈស្វា​យរៀង និងណាហ្គាខប ត្រូវ​ខ្លួន​សម្រាប់​យុទ្ធ​នាការពាន​រង្វាន់ស​ម្តេច ហ៊ុន សែន និងក្របខណ្ឌមិត្ត​ហ្វូ​នខេម​បូឌា​នលីក។



Tampines Rovers ទើប​តែរក្សា​តំណែង​ជើង​ឯក​បី​ឆ្នាំ​ជាប់ៗ​គ្នានៅ​ក្នុងក្របខណ្ឌ S.League ដែល​ជា​ការគ្រប់​គ្រង​ពាន​លើក​ទី​៥របស់​ខ្លួន​ក្នុងក្របខណ្ឌកំពូល​របស់​សិង្ហបុរី។ Tampines ស្ថិត​ក្រោម​ការ​ដឹកនាំ​បង្វឹក​របស់​លោក Salim Moin ដោយមាន​កីឡាករ​៤ជាតិ​សាសន៍​ផ្សេងៗគ្នា រួមមាន​សិង្ហបុរី ជប៉ុន ស៊ែប៊ី និង​ប៉ារ៉ាហ្គាយ។ កីឡាករមួយចំនួន​ត្រូវ​បាន​ផ្តល់​សញ្ជាតិ​សិង្ហបុរី ដូចជា កីឡាករ​ដើម​កំណើត​ស៊ែប៊ី Alexandar Duric និងប្រធា​នក្រុម Fahrudin Mustafic។

នៅ​ក្នុងស​ន្និសី​ទសារព័ត៌​មាន​ដែល​ត្រូវ​បាន​រៀបចំ​ឡើងនៅ​សណ្ឋាគារណាហ្គាវើល កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែមករា លោក Salim Moin បានបញ្ជាក់ថា នេះ​ជាការ​ប្រកួតមិត្តភាពលើក​ទីបួន​របស់ Tampines នៅមុន​ការ​ប្រកួត​ Playoff ពានរង្វាន់ AFC Championship ជាមួយ​ក្លិបហុងកុង South China នា​ខែកុ​ម្ភៈ ខាងមុខ។

គ្រូបង្វឹក​វ័យ​៥២ឆ្នាំ​រូប​នេះ បាន​អះអាង នេះ​ក៏​ជាការ​ប្រកួតមិត្តភាព​ដើម្បីពង្រឹង​ទំនាក់ទំនង​ជាមួយក្លិប​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជាផង​ដែរ។ លោក​បាន​បញ្ជាក់ថា៖ «យើងមាន​ការរីករាយ​ដែល​ត្រូវ​បានអញ្ជើញ​មក​កាន់​ប្រទេសកម្ពុជា​ជាលើក​ដំបូង ដូច្នេះ​ក្រៅពី​ការ​ប្រកួត​យកឈ្នះចាញ់ យើង​ក៏​អាច​បង្កើន​ទំនាក់​ទំនង​ជាមួយ​បាល់ទាត់​កម្ពុជា​ផងដែរ»។

លោក ប្រា​ក់ សុវណ្ណា​រ៉ា គ្រូបង្វឹក​បណ្តោះ​អាសន្ន​ក្លិបណា​ហ្គាខប និង​តំណាង​របស់ក្លិប​ស្វាយរៀង សុទ្ធ​តែបាន​អះអាង​ថា ក្រុម​របស់ពួក​លោក​នឹង​ទទួល​បាន​បទពិសោធន៍​ច្រើន​ពី​ម្ចាស់​ជើង​ឯក S.League របស់​សិង្ហបុរី នៅ​មុន​យុទ្ធ​នាការ​ពាន​រង្វាន់​សម្តេច ហ៊ុន សែន និង​ក្របខណ្ឌមិត្តហ្វូនខេមបូ​ឌានលីក។

ជំនួប​រវាង​ Tampines Rovers និង​ស្វាយរៀងដែល​ជាម្ចាស់​ជើង​ឯក​ក្របខណ្ឌមិត្តហ្វូន​ខេមបូឌានលីក ត្រូវ​ប្រព្រឹត្តទៅនៅ​ថ្ងៃ​សុក្រ ទី​១៧ ខែមករា ​នា​វេលាម៉ោង​៣:៣០ នៅ​ពហុកីឡដ្ឋាន​ជាតិ។ ណាហ្គាខប ម្ចាស់​ការពារ​តំណែង​ជើង​ឯកពាន​រង្វាន់​សម្តេច ហ៊ុ​ន សែន ត្រូវ​ស្វាគមន៍​ជើង​ឯកលីក​សិង្ហបុរី នា​វេលាម៉ោង​៤ ថ្ងៃអាទិត្យ ទី​១៩ ខែមករា។

លោក Jerome អនុ​ប្រធាន​គ្រប់​គ្រងព្រឹ​ត្តិកា​រណ៍​របស់ស​ណ្ឋាគារ​ណាហ្គាវើល បាន​បញ្ជាក់​ឲ្យ​ថា ក្រុម​ដែល​ឈ្នះ​ក្នុងការ​ប្រកួត​នាថ្ងៃ​អាទិត្យនឹង​ទទួល​បាន​ពាន​រង្វាន់មិត្តភាព «NagaWorld Cup Trophy» ហើយការ​ប្រកួ​តនេះ ក៏នឹង​មាន​ការផ្សាយ​បន្ត​ផ្ទាល់​តាម​រយៈកញ្ចក់​ទូរទស្សន៍​អប្សរា​ផង​ដែរ។

លោក គល់ សុផាន់​ណា អ​គ្គលេ​ខាធិការ​សហ​ព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ បាន​វាយតម្លៃ​ថា នេះ​ជា​ការ​បោះ​ជំហាន​ទៅមុខ​មួយ​ទៀត​នៃវិស័យ​បាល់ទាត់នៅ​កម្ពុជា ដែល​ក្លិប​នៅ​ក្នុងស្រុក​មាន​ឱកាស​រៀបចំ​ការ​ប្រកួតមិត្តភាព​ជាមួយក្លិប​កំពូល​នៅ​ក្នុងតំបន់។ លោក​បាន​អំពាវនាវ​ដល់ក្រុមអ្នក​គាំទ្រឲ្យ​ចូល​រួម​ទស្សនា​ដើម្បី​លើក​ទឹក​ចិត្ត​ដល់កីឡាករ៕

លោក Jerome Lee កាន់ពាន​រង្វាន់មិត្តភាព NagaWorld Cup Trophy ដែល​ក្លិបណាហ្គាខប និង​ Tampines Rovers ត្រូវ​ប្រជែងគ្នា​យក​នៅ​ថ្ងៃអាទិត្យ



© រក្សាសិទ្ធិដោយ thmeythmey.com