អន្តរជាតិ
បេក្ខជន​ប្រធានាធិបតី​ហ្វីលីពីន​ប្រកាន់​យក​ជំហរ​តឹងរ៉ឹង​ជាង​មុន​ជុំវិញ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង
01, May 2022 , 8:30 am        
រូបភាព
 រូបឯកសារ៖ អតីតសមាជិកព្រឹទ្ធសភាលោក Ferdinand “Bongbong” Marcos Jr. (ទី២រាប់ពីឆ្វេង) និងអភិបាលក្រុង Davao អ្នកស្រី Sara Duterte (ទី២រាប់ពីស្តាំ)
រូបឯកសារ៖ អតីតសមាជិកព្រឹទ្ធសភាលោក Ferdinand “Bongbong” Marcos Jr. (ទី២រាប់ពីឆ្វេង) និងអភិបាលក្រុង Davao អ្នកស្រី Sara Duterte (ទី២រាប់ពីស្តាំ)
ដោយ: VOA
ទីក្រុង​ម៉ានីល ហ្វីលីពីន - បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​ហ្វីលីពីន​អះអាង​ថា ពួកគេ​នឹង​អនុវត្ត​សេចក្តីសម្រេច​របស់​តុលាការ​អន្តរជាតិ​ឆ្នាំ ២០១៦ ដែល​បាន​ធ្វើ​មោឃភាព​លើ​ការ​ទាមទារ​ដ៏​ធំធេង​របស់​រដ្ឋាភិបាល​ចិន ក្នុង​ការ​កាន់កាប់​ដែនដី​នៅ​តំបន់​សមុទ្រ​ ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​ ប្រសិន​បើ​ពួកគេ​ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធានាធិបតី។

 
ក៏​ប៉ុន្តែ​បេក្ខជនកំពុង​នាំ​មុខ​គេ​គឺ​លោក Ferdinand “Bongbong” Marcos Jr. ដែល​ជា​កូន​ប្រុស​របស់​អតីត​មេដឹកនាំ​ផ្តាច់​ការ​នៅ​ហ្វីលីពីន​ នៅ​តែ​ប្រកាន់​ជំហរ​រាក់ទាក់​ជាមួយចិន។ អ្នក​វិភាគ​មួយ​ចំនួន​និយាយ​ថា លោក​ Marcos Jr. ទំនង​នឹង​បន្ត​គោលនយោបាយ​ដែល​មាន​ទំនោរ​ទៅ​រក​ចិន​របស់​លោក​ប្រធានាធិបតី Rodrigo Duterte តទៅ​ទៀត បើ​សិន​ជា​លោក​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ហ្វីលីពីន​ នា​អាណត្តិ​ថ្មីនេះ។
 
នៅ​ក្នុង​វេទិកា​តស៊ូមតិ​របស់​បេក្ខជន​ប្រធានាធិបតី​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ខែ​មេសា បេក្ខជន​ប្រធានាធិបតី​នានានិយាយ​ថា ហ្វីលីពីន​ត្រូវ​តតាំង​នឹង​គោលការណ៍​ពង្រីក​ខ្លួន​ផ្នែក​យោធា​របស់​រដ្ឋាភិបាល​ចិន​នៅ​តំបន់​សមុទ្រ​ហ្វីលីពីន​ខាង​លិច ដែល​ជា​ឈ្មោះ​មួយ​ប្រើ​ជំនួស​ឲ្យ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​របស់​ហ្វីលីពីន។
 
គោលជំហរ​របស់​ពួកគេ​គឺ​ផ្ទុយ​ស្រឡះ​ពី​ទំនោរ​ងាក​ទៅ​រក​ចិន​របស់​លោក Duterte ដែល​លោក​បាន​មិន​អើពើ​នឹង​សាលដីកា​ដ៏​សំខាន់​មួយ​កាល​ពី​ឆ្នាំ ២០១៦ ដោយ​តុលាការ​អន្តរជាតិ​ទី​ក្រុង​ឡាអេ (Permanent Court of Arbitration in The Hague) នៅ​ប្រទេស​ហូឡង់ ដើម្បី​ទទួល​បាន​ជំនួយ​អភិវឌ្ឍន៍​មួយ​ចំនួន​ពី​រដ្ឋាភិបាល​ចិន។
 
ចិន ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី​ ព្រុយណេ និងតៃវ៉ាន់​ បាន​ទាមទារ​ស្រដៀង​គ្នា​ក្នុង​ការ​កាន់កាប់​តំបន់​នានា​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​ និង​ដែលដើរ​តួ​ដ៏​សំខាន់​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ។
អ្នកស្រី​អនុប្រធានាធិបតី​ Leni Robredo ដែល​ជា​បេក្ខជន​ឈាន​មុខ​គេ​ទី ២ ​បន្ទាប់​ពី​លោក Marcos នៅ​ក្នុង​ការ​ស្ទង់មតិ​ការ​ពេញចិត្ត​ជ្រើសរើស​ជា​ប្រធានាធិបតី និយាយ​ថា ហ្វីលីពីន​ត្រូវ​ដឹកនាំ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ក្រមប្រតិបត្តិ​អាស៊ាន-ចិន ដែល​កំពុង​ជាប់​គាំង និង​ដែល​ត្រូវ​បាន​យល់ឃើញ​ភាគច្រើន​ថា​ជា​កិច្ចប្រឹងប្រែង​ដើម្បី​រំសាយ​ភាពតានតឹង​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។
 
អ្នកស្រី Robredo បាន​និយាយ​អំឡុងពេល​ការ​តស៊ូ​មតិ​ថា៖ «ជា​ការ​លំបាក​មួយ​ក្នុង​ការ​បង្កើត​ក្រមប្រតិបត្តិ ដោយសារ​តែ​បណ្តា​ប្រទេស​ដទៃ​ទៀត​គឺ​តែង​តែ​ប្រឆាំង។ ប៉ុន្តែ​ខ្ញុំ​គិត​ថា ហ្វីលីពីន​ត្រូវ​ដឹកនាំ​នៅ​ក្នុង​បរិបទ​នេះ ពីព្រោះ​យើង​មាន​សាលដីកា​ពី​តុលាការ​អន្តរជាតិ»។
 
​អ្នកស្រី​បាន​បន្ថែម​ថា៖ «យើង​ត្រូវ​ការ​យក​សេចក្តីសម្រេច​នេះ​ ដើម្បី​បញ្ចុះបញ្ចូល​ប្រទេស​ជិត​ខាង​យើងក្នុង​សមាគម​អាស៊ាន​ឲ្យ​បន្ត​ធ្វើការ​តស៊ូ​ទាមទារ​ក្នុង​រឿង​នេះ»។
 
ហ្វីលីពីន​បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹងចិន​ទៅ​កាន់​តុលាការ​អន្តរជាតិ​ក្នុង​អាណត្តិ​របស់​ប្រធានាធិបតី​មុន​លោក Duterte គឺ​លោក Benigno Aquino III ដែល​បាន​ទទួល​មរណភាព ប៉ុន្តែ​រដ្ឋាភិបាល​ចិន​មិន​ចូលរួម​ក្នុង​សវនាការ​នោះ​ទេ។ ហ្វីលីពីន​បាន​ឈ្នះ​ក្តី​ក្នុង​ពាក្យ​បណ្តឹង​នេះ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា ភស្តុតាង​គាំទ្រ​សំខាន់​មួយ​សម្រាប់បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ដទៃ​ទៀត ​ស្រប​ពេល​ជ័យជម្នះ​នេះ​បាន​ពណ៌នា​សណ្តាប់ធ្នាប់​ ដោយ​ផ្អែក​លើ​គោលការណ៍​មួយ​នៅ​តំបន់ដែន​ទឹក​ដែល​មាន​ជម្លោះ។
 
ជាជាង​ការ​អនុវត្ត​សេចក្តី​សម្រេច​របស់​តុលាការអន្តរជាតិ​ទីក្រុង​ឡាអេ​ លោក​ Duterte បាន​ច្រានចោល​ការ​ឈ្នះ​ក្តី​នេះ ដោយ​ហៅ​សេចក្តីសម្រេច​នោះ​ថា «គ្រាន់​តែ​ជា​ក្រដាស​មួយ​សន្លឹក​ប៉ុណ្ណោះ»។
 
ស្រប​ពេល​ដូចគ្នា​នេះ​ដែរ កាលកំណត់​ក្នុង​ការ​បង្កើត​ក្រមប្រតិបត្តិ​អាស៊ាន-ចិន​ នឹង​ទំនង​ជា​ត្រូវ​ខកខាន​ ដោយសារ​ការ​ខ្វែង​គំនិត​គ្នា​ នៅ​ក្នុង​ចំណោម​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​វិបត្តិ​ជំងឺ​កូវីដ១៩។
 
ដោយ​បង្ហាញ​ភាព​តឹងចិត្ត​នឹង​កង្វះ​ការ​គាំទ្រ​ពី​សមាគម​អាស៊ាន​ ចៅហ្វាយ​ក្រុង​ម៉ានីល​លោក Isko Moreno ដែល​ជា​បេក្ខជន​ប្រធានាធិបតី​មួយ​រូប​ផង​ដែរ​ និយាយ​ថា លោក​នឹង​ទៅ​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ​ ដើម្បី​ស្នើសុំ​បណ្តា​ប្រទេស​សមាជិក​ឲ្យ​ទទួល​ស្គាល់​ការ​ឈ្នះ​ក្តី​របស់​រដ្ឋាភិបាល​ក្រុង​ម៉ានីល​ ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ប្រសិន​បើ​លោក​ជាប់ឆ្នោត។
 
លោក​បាន​ថ្លែង​ថា៖ «បោះឆ្នោត​ឲ្យ​ខ្ញុំ​ធ្វើ​ជា​ប្រធានាធិបតី ហើយ​ខ្ញុំ​នឹង​ធានា​ថា ប្រទេស​សមាជិក​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នឹង​ទទួល​ស្គាល់​សាលដីកា​របស់​តុលាការ​ក្រុង​ឡាអេ។ ជា​ពេលវេលា​សម្រាប់​ពួកយើង​នៅ​ក្នុង​ការ​ទៅកាន់​វេទិកា​ត្រឹមត្រូវ​មួយ ពីព្រោះ​ប្រទេស​ជិតខាង​យើង​មាន​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​គេ»។
 
គោលជំហរ​របស់​លោក Moreno គឺ​ស្រដៀង​នឹង​គោលជំហរ​របស់​អតីត​រដ្ឋមន្រ្តី​ការបរទេស​លោក Albert del Rosario ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក Duterte «បង្ហាញ​អំណះអំណាង​មួយ​ទៅ​កាន់​អង្គការសហប្រជាជាតិ​ ដើម្បី​ធានា​ថា សិទ្ធិ​គឺ​ ធំធេង ហើយ​នីតិរដ្ឋ​ត្រូវ​តែ​គោរព​តាម»។
 
នៅ​ក្នុង​ការ​តស៊ូ​មតិ​និង​បទសម្ភាសន៍​ពី​ពេល​មុន​ បេក្ខជន​ប្រធានាធិបតីនានា ក៏​បាន​បង្ហាញ​ការបើកចំហ​ចំពោះ​ការ​រុករក​ប្រេង​រួម​គ្នា​ជាមួយ​ចិន និង​បណ្តា​ប្រទេស​ដទៃ​ទៀត ក្រោម​លក្ខខណ្ឌ​មួយ​ចំនួន។ អ្នកស្រី Robredo និយាយ​ថា អ្នកស្រី​នឹងធ្វើការ​ព្រមព្រៀង​ ដរាប​ណា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទទួល​ស្គាល់​សេចក្តីសម្រេច​របស់​តុលាការ​ក្រុង​ឡាអេ ស្រប​ពេល​ដែល​បេក្ខជន​ប្រធានាធិបតី​មួយ​រូប​ទៀតគឺ ​សមាជិក​សភា​លោក Ping Lacson និយាយ​ថា មាន​ការ​បែង​ចែក​ភាគលាភ​ គឺ​ត្រូវ​តែ​មាន​រវាង​ ៦០ និង ៤០ ភាគរយ ដូច​ដែល​បាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ហ្វីលីពីន។
នៅ​ក្នុង​ចំណោម​បេក្ខជន​ប្រធានាធិបតី​ លោក Marcos ត្រូវ​បាន​យល់ឃើញ​ថា​ជា​បេក្ខជន​ភាព​ទំនោរ​ទៅ​ចិន​ច្រើន​ជាង​គេ ដែល​នឹង​បន្ត​គោលនយោបាយ​ «សម្រប​តាម​បែប​យុទ្ធសាស្រ្ត» របស់​លោក Duterte ហើយ​នាំ​យក​ហ្វីលីពីន​កាន់​តែកៀក​នឹង​រដ្ឋាភិបាល​ចិន។
 
លោក Richard Heydarian អ្នកសង្កេត​ការណ៍​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង និង​សាស្រ្តាចារ្យ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​ បាន​ប្រាប់​វីអូអេ ដោយ​សំដៅ​ទៅ​វិមាន Malacañang ដែល​ជា​វិមាន​ប្រធានាធិបតីហ្វីលីពីន​ថា៖ «លោក Ferdinand “Bongbong” Marcos, Jr. គឺ​ជា​បេក្ខជន​តែ​មួយ​រូប​គត់​ ដែល​បាន​បង្ហាញ​ពី​ទំនោរ​នៅ​ក្នុង​ការ​បន្ត​សឹង​តែ​មួយរយ​ភាគរយ​លើ​គោលនយោបាយ​របស់​ប្រធានាធិបតី​កាន់​អំណាច​នា​ពេល​បច្ចុប្បន្ន​នៅ​វិមាន​ Malacañang ដែល​គាំទ្រ​ចិន»។
 
លោក​បាន​ថ្លែង​ថា៖ «ដូច្នេះ ប្រសិន​បើ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Bongbong Marco យើង​អាច​រំពឹង​ពី​ការ​បន្ត​គោលនយោបាយ​នេះ ហើយ​ខ្ញុំ​ថែមទាំង​រំពឹង​ពី​ការ​ដាក់​បញ្ចូល​គោលនយោបាយ​ការបរទេស​ដែល​មាន​ទំនោរ​ទៅ​ចិន​ផងដែរ ដែលនេះ​ស​បញ្ជាក់​ពី​ទំនាក់​ទំនង​មិន​សូវ​ល្អ​ប៉ុន្មាន​ជាមួយ​សហរដ្ឋអាមេរិក និង​គ្មាន​ការ​ប្រែប្រួល​ធំធេង​ណា​មួយ​ ចំពោះទាមទារ​របស់​ហ្វីលីពីន​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង»។
 
លោក​ Marcos ធ្លាប់​បាន​គេចវេស​ពី​ការ​តស៊ូ​មតិ​រៀបចំ​ដោយ​គណៈកម្មាការ​លើ​ការ​បោះឆ្នោត​និង​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ ប៉ុន្តែ​លោកបាន​បង្ហាញ​ពី​គោលជំហរ​របស់​លោក​ជុំវិញ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ តាមរយៈ​បទសម្ភាសន៍​មួយ​ចំនួន។
 
លោក Heydarian បាន​និយាយ​ថា៖ «ជា​ទូទៅ អ្វី​ដែល​យើង​នឹង​ឃើញ​គឺ​ គោលការណ៍​សម្រប​បែប​យុទ្ធសាស្រ្ត​មួយ​ ក្រោម​ការ​ដឹកនាំ​ជា​ប្រធានាធិបតី​របស់​លោក Bongbong Marcos»។
 
នៅ​ក្នុង​ការ​ដោះស្រាយ​ផ្សេងៗ​ជា​មួយ «មិត្ត» ចិន លោក Marcos ហាក់​ដូចជា​ទុក​ដោយ​ឡែក​នូវ​សេចក្តីសម្រេច​របស់​តុលាការ និង​ងាក​មក​រក​ការ​ពិភាក្សា​ទ្វេភាគី​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ដើម្បី​បញ្ចៀស​ពី​ការធ្វើ​សង្រ្គាម​ជាមួយ​ប្រទេស​មហាអំណាច​នៅ​អាស៊ី​មួយ​នេះ ដែល​នេះ​គឺ​ដូចទៅ​នឹង​គោលការណ៍​របស់​លោក Duterte ផង​ដែរ។
 
លោក​ធ្លាប់​បាន​ប្រាប់​ទៅ​ពិធីករ​កម្មវិធី​ជជែក​កម្សាន្ត​ដ៏​ល្បី​ឈ្មោះ​មួយ​កាល​ពី​ខែ​មករា​ថា៖ «សាលដីកា​នោះ​លែង​ជា​សាលដីកា​ប្រសិន​បើ​មាន​ភាគី​តែ​មួយ​ចូលរួម។ ដូចនេះ​គឺ​ លែង​មាន​ [ប្រសិទ្ធភាព] ​សម្រាប់​យើង​ត​ទៅ​ទៀត​ហើយ»។
 
លោក Marcos ក៏​បាន​លើក​ឡើង​ថា លោក​ក៏​នឹង​មិន​សុំ​ជំនួយ​ពី​សហរដ្ឋអាមេរិក​ក្នុង​ការ​ដោះស្រាយ​បញ្ហាជាមួយ​ចិន​នោះ​ទេ។ ហ្វីលីពីន​និង​សហរដ្ឋអាមេរិក​ គឺ​ជា សម្ព័ន្ធមិត្ត​ជាប់​សន្ធិសញ្ញា​នឹង​គ្នា។
 
នៅពេល​សួរ​ថា ​តើ​លោក​នឹង​សុំ​ជំនួយ​ពីសហរដ្ឋអាមេរិក​ក្នុង​ការ​ដោះស្រាយ​ជាមួយ​ចិន​ឬ​ទេ លោក​បាន​ថ្លែង​ថា៖ «ទេ។ បញ្ហា​គឺ​រវាង​ចិន​និង​យើង។​ ប្រសិន​បើ​សហរដ្ឋ​អាមេរិក​ចូល​មក គឺ​មានទំនោរ​នឹង​បរាជ័យ​ ដោយសារ​តែ​យើង​ដាក់​តួអង្គ​ចម្បង​ទាំង​ពីរ​ជាមួយ​គ្នា»។
 
នៅ​ក្នុង​បទសម្ភាសន៍​ដដែល លោក Marcos បាន​ពណ៌នា​អ្នក​បម្រើការ​នៅ​ស្ថានទូត​ចិន​នៅ​ក្រុង​ម៉ានីល​ថា​ជា​ មិត្តភក្តិ​របស់​លោក។ ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី​ការ​ដាក់​ពាក្យ​ធ្វើជា​បេក្ខជន​ប្រធានាធិបតី លោក​ Marcos បាន​ហៅ​ទូរសព្ទ​ក្នុង​បែបផែន​ជា​ការ​រាក់ទាក់​មួយទៅ​កាន់​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ហ្វីលីពីន​លោក Huang Xilian។
 
លោក Jay Batongbacal សាស្រ្តាចារ្យ​និង​នាយកវិទ្យាស្ថាន​កិច្ចការ​សមុទ្រ​អន្តរជាតិ​និង​ច្បាប់​ដែន​សមុទ្រ​នៃ​សាកលវិទ្យាល័យ​ហ្វីលីពីន បាន​ព្រមាន​ថា ហ្វីលីពីន​មិន​អាច​ដោះស្រាយ​បញ្ហា​ជាមួយ​ចិន​ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ​ទេ បើ​គ្មាន​ជំនួយ​ពី​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​ដទៃ​ទៀត។
 
លោក​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «ដោយ​មិន​មាន​ជំនួយ​ពី​នរណា​ម្នាក់ ដែល​ខ្ញុំ​ចង់​មាន​ន័យ​ថា មិនត្រឹម​តែ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ទេ វា​គឺ​ជា​រឿង​ប្រាកដប្រជា​មួយ​ [ដែល​ការ​ដោះស្រាយ​មិន​អាច​ទៅ​រួច]។ ហ្វីលីពីន​ជា​ប្រទេស​តូច​មួយ​ បើ​ធៀប​នឹង​ចិន តាម​ភូមិសាស្រ្ត ឬ​ប្រជាសាស្រ្ត​ ឬ​យោធា ឬ​តាមបែបផែន​នៃ​ការ​វាស់វែង​ណាមួយ។ ដូច្នេះ ការ​ដោះស្រាយ ឬ​ការ​ចរចា​ណាមួយ​រវាង​ភាគី​ទាំង​ពីរ​នឹង​ជា​ការ​ចរចា​មួយ​ដែល​មិនមាន​សមភាព»។
 
លោក​បាន​បន្ថែម​ថា៖ «នេះ​ជា​ហេតុផល​ដែល​យើង​មិន​គួរ​និយាយ​ថា យើង​មិន​ត្រូវ​ការ​ជំនួយ​ពី​ប្រទេស​ណា​មួយ មិន​ត្រឹម​តែ​សហរដ្ឋអាមេរិក​នោះ​ទេ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ជាមួយ​ចិន​ ដែល​នឹង​កើត​មាន​ឡើង​ចេញ​ពី​ជម្លោះ​នោះ»។
 
ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ គឺ​ជា​បញ្ហា​ធំ​មួយ​ដែល​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​នៅ​ហ្វីលីពីន ស្រប​ពេល​រដ្ឋាភិបាល​ចិន​ បន្ត​ការ​ពង្រីក​ផ្នែក​យោធា​យ៉ាង​គឃ្លើន​នៅ​តំបន់​កោះមាន​ជម្លោះ​នៅ​ដែន​សមុទ្រ​នោះ។ ឆ្នាំ​សមុទ្រ​និង​នាវា​ជើង​ទឹក​ចិន​ធ្លាប់​បាន​បំពាន​លើ​ទូកនេសាទ​ហ្វីលីពីន​នៅ​តំបន់​សមុទ្រ​ហ្វីលីពីន​ខាង​លិច​ក្នុង​ដែនទឹក​របស់​ហ្វីលីពីន​ផង​ដែរ។
 
អំឡុងពេល​អាណត្តិ​របស់​លោក Duterte ឧប្បត្តិហេតុ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ជាង​គេ​បង្អស់​មួយ​គឺ​ហេតុការណ៍​ Recto Bank កាល​ពី​ឆ្នាំ ២០១៩ នៅ​ពេល​ដែល​នាវា​ចិន​បាន​ពន្លិច​ទូកនេសាទ​ហ្វីលីពីន​ដែល​មាន​អ្នកនេសាទចំនួន ២២​នាក់។ ការ​ស៊ើបអង្កេត​រកឃើញ​ថា នាវា​ចិន​បាន​បុក​ទូកនេសាទ​ហ្វីលីពីន និង​បាន​បោះបង់​ចោល​អ្នកនេសាទ​ទាំង​នោះ នៅ​ពេល​ដែល​ទូក​នោះ​លិច ដែល​នេះ​ជា​ការ​រំលោភ​បំពាន​ច្បាប់​ដែន​ទឹក។
 
ការ​ស្ទង់មតិ​ឆ្នាំ ២០២០ បង្ហាញ​ថា ជំនឿទុក​ចិត្ត​របស់​ពលរដ្ឋ​ហ្វីលីពីន​មក​លើ​ចិន​បាន​ធ្លាក់​ពី​កម្រិត​ «ទាប» មក​ «អាក្រក់» ដោយ​អត្រា​ជំនឿទុក​ចិត្ត​បាន​ធ្លាក់​រហូត​ដល់ -៣៦៕
 
ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា
 

© រក្សាសិទ្ធិដោយ thmeythmey.com