អន្តរជាតិ
ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង គ្រោងលុបចោលការរាប់អាយុប្រជាជនតាំងពីនៅក្នុងផ្ទៃម្តាយ
30, Apr 2022 , 9:20 pm        
រូបភាព
លោក ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង លោក យូន សុកយ៉ល។ រូបភាព៖ AFP
លោក ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង លោក យូន សុកយ៉ល។ រូបភាព៖ AFP
ប្រជាជនកូរ៉េខាងត្បូងទាំងអស់ អាចនឹងថយអាយុមួយឆ្នាំ ដោយសារប្រធានាធិបតីជាប់ឆ្នោត លោក យូន សុកយ៉ល គ្រោងលុបចោលប្រព័ន្ធរាប់អាយុកូរ៉េដែលរាប់ចាប់តាំងពីទារកមានជីវិតក្នុងផ្ទៃម្ដាយ។ កន្លងមក នៅពេលទារកកើតមកភ្លាមគេរាប់អាយុ១ឆ្នាំតែម្តង។ គម្រោងរបស់ប្រធានាធិបតីជាប់ឆ្នោតនេះត្រូវបានប្រកាសនៅថ្ងៃទី២៥ ខែមេសា ហើយគ្រោងអនុវត្ដនៅដើមឆ្នាំ ២០២៣ខាងមុខ។

 
លោក Lee Yong-ho ប្រធានក្រុមការងារផ្ទេរតំណែងប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង លោក យូន សុកយ៉ល បានប្រកាសក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៥ ខែមេសា អំពីគម្រោងជំរុញឱ្យមានទម្រង់ច្បាស់លាស់ ក្នុងការរាប់អាយុប្រជាជនកូរ៉េខាងត្បូងដើម្បីឱ្យដូចបណ្ដាប្រទេសផ្សេងទៀតក្នុងពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ គម្រោងនេះមានបំណងលុបចោលរបៀបរាប់អាយុប្រជាជនតាំងពីនោះក្នុងផ្ទៃម្ដាយ ដែលនឹងធ្វើឱ្យប្រជាជនថយអាយុមួយឆ្នាំ។ 
 
«ដោយសារការគណនាខុសគ្នានៃអាយុប្រើក្នុងផ្លូវច្បាប់ និងអាយុក្នុងសង្គម យើងបានជួបប្រទះបញ្ហាការចំណាយដែលមិនចាំបាច់ក្នុងសង្គម និងសេដ្ឋកិច្ចជាច្រើន តាមរយៈការភាន់ច្រឡំ និងជម្លោះជាបន្តបន្ទាប់លើការទទួលបានសេវាសង្គម សុខុមាលភាព និងសេវាកម្មរដ្ឋបាលផ្សេងទៀត ឬការចុះហត្ថលេខា និងបកស្រាយកិច្ចសន្យាផ្សេងៗ»។ លោក Lee បានអះអាងបែបនេះមុនបន្ថែមថា វានឹងមិនសូវមានការភាន់ច្រឡំក្នុងសង្គម បើសិនប្រជាជនកូរ៉េខាងត្បូងមានរបៀបរាប់អាយុតែមួយដូចៗគ្នា។
 
តាមពិតទៅ កូរ៉េខាងត្បូងមានវិធីរាប់អាយុ ៣បែបខុសៗគ្នា។ វិធីដែលប្រជាជនកូរ៉េខាងត្បូងប្រើប្រាស់ជាទូទៅគឺការរាប់អាយុ១ឆ្នាំតែម្ដងនៅថ្ងៃទារកកើត។ វីធីម៉្យាងទៀតគឺទារកទាំងអស់មានអាយុ០ នៅថ្ងៃកំណើត តែនឹងកើនអាយុ១ឆ្នាំនៅរៀងរាល់ដើមខែមករា បើទោះជាទារកបានកើនក្នុងខែធ្នូក៏ដោយ។ ហើយចុងក្រោយគឺការរាប់អាយុតាមប្រព័ន្ធអន្តរជាតិ ចាប់ពីថ្ងៃទាររកកើតធម្មតាដូចប្រទេសផ្សេងក្នុងពិភពលោក ប៉ុន្តែការរាប់បែបនេះអនុវត្តតែក្នុងផ្លូវច្បាប់ និងដំណើរការរដ្ឋបាលកូរ៉េខាងត្បូងប៉ុណ្ណោះ។ 
 
ជាក់ស្ដែង ការមានប្រព័ន្ធរាប់អាយុ៣បែបផ្សេងគ្នានេះ បានធ្វើឱ្យកូរ៉េខាងត្បូងជួបបញ្ហាទាក់ទងនឹងការរាប់អាយុ ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ទាក់ទិននឹងបញ្ហានេះ នៅខែមករា ដើមឆ្នាំ ២០២២ កូរ៉េខាងត្បូង បានអំពាវនាវឱ្យមានការរាប់អាយុតាមប្រព័ន្ធស្តង់ដាអន្តរជាតិ ដើម្បីកំណត់ការណែនាំ និងគោលការណ៍ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ 
 
គួរបញ្ជាក់ថា គម្រោងឈប់រាប់អាយុមនុស្សតាំងពីក្នុងផ្ទៃម្ដាយ របស់ប្រធានាធិបតីជាប់ឆ្នោត យូន សុកយ៉ល នឹងចាប់អនុវត្តនៅដើមឆ្នាំ ២០២៣តទៅ។ ដំណើរការនេះត្រូវបានអះអាងថាជាការធ្វើវិសោធនកម្មលើច្បាប់ចាស់ដែលមានស្រាប់ វាមិនមែនជាការស្នើច្បាប់ថ្មីឡើយ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com