អន្តរជាតិ
បម្រែបម្រួលអាកាសធាតុ អាចបង្កើតមេរោគថ្មីរាប់ពាន់ ដែលអាចបង្កហានិភ័យដល់មនុស្ស
30, Apr 2022 , 10:00 pm        
រូបភាព
រូបភាព៖ AP
រូបភាព៖ AP
ដោយ:
យោងតាមព្រឹត្តិប័ត្រមួយចេញផ្សាយដោយ​ Journal Nature នៅថ្ងៃទី២៨ ខែមេសា​ បម្រែបម្រួលអាកាសធាតុនឹងជំរុញឱ្យពពួកសត្វផ្លាស់ប្តូរទីជម្រកទៅកាន់តំបន់ដែលត្រជាក់ ហើយពេលនោះសត្វទាំងនោះ នឹងប្រឈមជាមួយប្រភេទសត្វផ្សេងទៀត ដែលអាចបង្កើនហានិភ័យនៃការបង្កើតមេរោគថ្មី និងអាចឆ្លងមកមនុស្ស។

 
បច្ចុប្បន្ននេះ មេរោគយ៉ោងហោច ១ ម៉ឺនប្រភេទ កំពុងមានវត្តមានយ៉ាងស្ងៀមស្ងាត់ ក្នុងចំណោមពពួកសត្វព្រៃថនិកសត្វដែលអាចមានសមត្ថភាពឆ្លងមកមនុស្ស​ ដោយភាគច្រើនស្ថិតនៅក្នុងព្រៃជ្រៅនៃតំបន់ព្រៃត្រូពិច។
 
តាមការព្យាករណ៍របស់អ្នកស្រាវជ្រាវ ​ នៅពេលកំណើនសីតុណ្ហភាពកើនឡើងខ្លាំង​ បណ្តាថនិកសត្វចាប់ផ្តើមបោះបង់ទីជម្រកដើមរបស់ពួកគេ ទៅតំបន់ត្រជាក់។ នៅពេលនោះ បណ្តាថនិកសត្វ និងជួបជាមួយសត្វប្រភេទផ្សេងទៀត។ ការជួបទាក់ទងគ្នារវាង​ពពួកសត្វប្រភេទខុសគ្នា នឹងបង្កើតឱ្យមានមេរោគឆ្លងថ្មីយ៉ាងតិច១៥ ០០០ ​លើសត្វ ត្រឹមឆ្នាំ២០៧០។ លើសពីនេះ ​ការកើនឡើងកំម្តៅផែនដី នឹងធ្វើឱ្យទំនាក់ទំនងដំបូងរវាងប្រភេទថនិកសត្វខុសគ្នាជួបគ្នានៅតាមតំបន់ដែលមានមនុស្សរស់នៅច្រើន​ ជាទីដែលប្រជាជនងាយនឹងរងគ្រោះ​​ ហើយប្រភេទមេរោគខ្លះ នឹងអាចរីកសាយជាសកល។
 
តំបន់ដែលអាចកើតមានដូចជា តំបន់ Sahel របស់អាហ្រ្វិក​ អេត្យូពី ឥណ្ឌា​ ចិន ឥណ្ឌូណេស៊ី ហ្វីលីពីន​និងបណ្តាប្រទេសអឺរ៉ុបមួយចំនួន។
 
«ការសិក្សានេះ​ផ្តល់ឱ្យយើងព័ស្តុតាងដែលមិនអាចប្រកែកបានកាន់តែច្រើនដែលថា នាទសវត្សរ៍ខាងមុខនេះ ​មិនត្រឹមតែអាកាសធាតុក្តៅខ្លាំងទេ ប៉ុន្តែថែមទាំងមានជំងឺច្រើនទៀត»។ លោ​ក​ Gregory Albery សហនិពន្ធនៃព្រឹត្តិប័ត្រខាងលើ និងអ្នកជំនាញសិក្សាជំងឺសត្វព្រៃនៅឯសកលវិទ្យាល័យ Georgetown បានលើកឡើងបែបនេះ។
 
ការសិក្សានេះ បានប្រើប្រាស់ពេល៥ឆ្នាំដោយតាមដានលើថនិកសត្វចំនួន ៣១៣៨ ប្រភេទដោយយកគំរូពីរបៀបបំលាស់ប្តូររបស់ពួកវា នៅពេលស្ថិតក្រោមសេណារីយ៉ូនៃការកើនឡើងកំម្តៅផែនដី បន្ទាប់មកក្រុមអ្នកស្រាវជ្រាវ ធ្វើការវិភាគពីផលប៉ះពាល់នៃការចម្លងមេរោគ។
 
អ្នកស្រាវជ្រាវក៏បានបញ្ជាក់ដែរថា មិនមែនមេរោគទាំងអស់ឆ្លងទៅកាន់មនុស្ស ឬក្លាយជាជំងឺរាតត្បាត ដូចជាជំងឺកូវីដ-១៩ទេ ប៉ុន្តែចំនួននៃមេរោគឆ្លងលើពពួកថនិកសត្វបែបនេះ នឹងបង្កើនហានិភ័យឆ្លងដល់មនុស្ស៕
 

© រក្សាសិទ្ធិដោយ thmeythmey.com