អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី៖ ប្រជាជនអ៊ុយក្រែនច្រើនជាង ១លានត្រូវបានជម្លៀសចូលរុស្ស៊ី ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២
30, Apr 2022 , 11:20 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោកស៊ែហ្គេយ៍ ឡាវរ៉ូវ។ រូបភាព៖ Reuters
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោកស៊ែហ្គេយ៍ ឡាវរ៉ូវ។ រូបភាព៖ Reuters
ដោយ:
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោកស៊ែហ្គេយ៍​ ឡាវរ៉ូវ បានអះអាងថា ​ប្រជាជនអ៊ុយក្រែនច្រើនជាង១លាននាក់ ត្រូវបានជម្លៀសខ្លួនចូលទឹកដីរុស្ស៊ី ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិយោធាលើអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈមក។

 
ជនភៀសខ្លួនប្រមាណ ១,០២លាននាក់ដោយរួមមាន ជនបរទេសចំនួន ១២ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីសាធារណរដ្ឋប្រជាមានិត Donetsk និង Luhansk ដែលជាតំបន់ផ្តាច់ទឹកដីស្ថិតនៅភាគខាងកើតអ៊ុយក្រែន។ ទន្ទឹមនេះទិន្នន័យរបស់អង្គការសហប្រជាជាតិ(UN) ចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានមកប្រជាជនច្រើនជាង៥,៤លាននាក់ បានភៀសខ្លួនចេញពីអ៊ុយក្រែនទៅកាន់ប្រទេសជិតខាង ដើម្បីស្វែងរកទីសុវត្ថិភាព។
 
ក្នុងកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារ​ Xinhua ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា  លោក ​ឡាវរ៉ូវបានបញ្ជាក់ថា ​មនុស្សចំនួន ២,៨លាននាក់នៅអ៊ុយក្រែន​ បានស្នើសុំឱ្យជម្លៀសពួកគេចូលរុស្ស៊ី។ យ៉ាងណាក្តីកាលពីថ្ងៃទី២០ខែមេសា​​ អ៊ុយក្រែនបានចោទរុស្ស៊ី​ថាបានជម្លៀសប្រជាជនពួកគេរាប់ពាន់នាក់ដោយបង្ខំ។
 
អស់ពេលជាង ២ខែហើយដែលរុស្ស៊ីវាយលុកអ៊ុយក្រែនដោយមិនដកថយ ​ប៉ុន្តែចំណាត់ការជម្លៀសជនស៊ីវិលចេញពីតំបន់ជួរមុខមួយចំនួនដូចជាក្រុងកំពង់ផែ Mariupol ដែលត្រូវឡោមព័ន្ធនៅតែជាប់ស្ទះដោយភាគីអ៊ុយក្រែន និងរុស្ស៊ី បន្ទោសគ្នាទៅវិញទៅមក។
 
បន្ថែមពីនេះ ​លោកឡាវរ៉ូវ បានលើកឡើងថា ​បើសិនជាអាម៉េរិកនិងអង្គការណាតូ ពិតជាចង់ដោះស្រាយវិបត្តិអ៊ុយក្រែនមែន ​ពួកគេគួរតែបញ្ឈប់សកម្មភាពបញ្ជូនអាវុធទៅកាន់ក្រុងកៀវ៕
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com