អន្តរជាតិ
លោក Domagoso បេក្ខជនសំខាន់ក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន
01, May 2022 , 10:02 am        
រូបភាព
លោក Francisco Domagoso បេក្ខភាពប្រធានាធិបតីហ្វីលីពីន។ រូបភាព៖ AFP
លោក Francisco Domagoso បេក្ខភាពប្រធានាធិបតីហ្វីលីពីន។ រូបភាព៖ AFP
យុទ្ធនាការឃោសនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីហ្វីលីពីនថ្មីកំពុងតែបន្ត ខណៈថ្ងៃបោះឆ្នោតកាន់តែខិតចូលមកដល់។ ប្រធានាធិបតីថ្មីនឹងត្រូវជ្រើសរើស នៅថ្ងៃទី៩ ខែឧសភា ដើម្បីបន្តតំណែងពីប្រធានាធិបតីហ្វីលីពីន លោករ៉ូឌ្រីហ្គោ ឌូទើតេ ដែលចប់អាណត្តិនៅក្នុងខែមិថុនាខាងមុខ។

 
តាមការស្ទង់មតិរបស់ស្ថាប័ន OCTA Research នៅដើមខែមេសា លោក Ferdinand Marcos Jr ដែលជាអតីតព្រឹទ្ធសភានៅតែជាបេក្ខជននាំមុខគេបង្អស់ ហើយអនុប្រធានាធិបតីហ្វីលីពីនលោកស្រីឡេនី រ៉ូប្រេដូឈរនៅលំដាប់ទីពីរ ក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន។ ចំណែកឯអភិបាលក្រុងម៉ានីល លោក Francisco Domagoso ដែលជាបេក្ខភាពប្រធានាធិបតីសំខាន់មួយស្ថិតនៅលំដាប់ទីបី។
 
តើលោក Domagoso មានប្រវត្តិយ៉ាងដូចម្ដេច និងមានបទពិសោធជាមេដឹកនាំបែបណាខ្លះ?
 
កើតក្នុងឆ្នាំ១៩៧៤នៅតំបន់អនាធិបតេយ្យ Tondo ក្នុងក្រុងម៉ានីលលោក Domagoso បាន ជួយជ្រោមជ្រែងសម្រាលបន្ទុកគ្រួសារយ៉ាងសកម្ម ដោយលោកបានរុញរទេះតាមដងផ្លូវពីផ្ទះមួយទៅផ្ទះមួយ ដើម្បីប្រមូលកាសែត ដបកែវ និងវត្ថុដែលអាចកែច្នៃបាន ទៅលក់បន្តទៅឱ្យឈ្មួញ។ នៅអាយុ១៩ឆ្នាំលោក Domagoso ត្រូវបានជំរុញឱ្យដាក់ពាក្យចូលក្នុង កម្មវិធីទូរទស្សន៍ "That's Entertainment" ហើយក្រោយមកក៏ជាប់បានធ្វើជាតារាក្នុង ភាពយន្តមួយចំនួនក្រោមឈ្មោះ Isko Moreno។ 
 
នៅអាយុ២៣ឆ្នាំ លោកDomagoso បានសម្រេចចិត្តចូលបម្រើការងារ រដ្ឋហើយត្រូវ បានជ្រើសរើសជាក្រុមប្រឹក្សានៃទីក្រុងម៉ានីល ដែលជាមុខតំណែងដែលលោកបានកាន់បីអាណត្តិ។ នៅឆ្នាំ ២០០៧ លោក Domagoso ត្រូវបានជ្រើសរើសជាអភិបាលរងនៃទីក្រុង ម៉ានីល ហើយត្រូវបានជ្រើសរើសឡើងវិញនៅឆ្នាំ២០១០ និង២០១៣។
 
ដើម្បីធានាថាអាចបង្កើតគោលនយោបាយដែលត្រឹមត្រូវ លោក Domagoso បានសិក្សាមុខវិជ្ជាច្បាប់ក្នុងស្រុក និងហិរញ្ញវត្ថុនៅសកលវិទ្យាល័យហ្វីលីពីន។ លោក​ក៏ បានសិក្សាមុខជំនាញ រដ្ឋបាល​សាធារណៈ នៅសាកលវិទ្យាល័យនៃទីក្រុងម៉ានីល និងផ្នែក ច្បាប់នៅសកលវិទ្យាល័យ Arellano ផង។​ លើសពីនេះ លោកបានបន្តការសិក្សាក្នុងកម្មវិធី អប់រំប្រតិបត្តិនៅសាកលវិទ្យាល័យ Harvard និងកម្មវិធីភាពជាអ្នកដឹកនាំយុទ្ធសាស្ត្រនៅ សកលវិទ្យាល័យ Oxford។
 
ក្នុងឆ្នាំ២០១៧ លោកបានធ្វើជាប្រធានគម្រោងសាជីវកម្មផ្លូវដែក North Luzon មុននឹងក្លាយជាអនុរដ្ឋលេខាធិការ​នៃ​នាយកដ្ឋាន​សុខុមាលភាព​សង្គម និង​អភិវឌ្ឍន៍​ សម្រាប់​កិច្ចការ​ Luzon ក្នុង​ឆ្នាំ២០១៨។ ក្នុងឆ្នាំ២០១៩ លោកបានជាប់ឆ្នោត ជាអភិបាលក្រុងម៉ានីល និងបានបម្រើការងារមកដល់សព្វថ្ងៃនេះ។
 
ក្នុងនាមជាអភិបាលក្រុងម៉ានីល លោក Domagoso បានដកតូបខុសច្បាប់ចេញពីផ្លូវ និងដាក់បម្រាមគោចរពេលយប់សម្រាប់ក្មេងជំទង់ ដែលមានអាយុចាប់ពី១៧ឆ្នាំចុះក្រោម។ លោកក៏បានស្តារឡើងវិញ និងការកែលម្អសួនច្បារ វិមាន និងឧបករណ៍ប្រើប្រាស់សាធារណៈផ្សេងៗ។
 
ដើម្បីដោះស្រាយជំងឺកូវីដ-១៩ លោក Domagoso ក៏ទទួលបានការគាំទ្រពី ពលរដ្ឋក្នុងរដ្ឋធានីផងដែរ ដោយសារលោកបានត្រួតពិនិត្យការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដ៏ធំ ការសាងសង់មន្ទីរពេទ្យ និងមណ្ឌលចត្តាឡីស័ក ព្រមទាំងបានប្រគល់ជំនួយថវិកា និងអាហារដល់គ្រួសារក្រីក្រផងដែរ។
 
ក្រៅពីនេះ លោក Domagoso ក៏បានជំរុញឱ្យមានការទទួលបានការអប់រំស្មើៗគ្នា ដោយលោកបានផ្តួចផ្តើមសាងសង់ និងកែលម្អសាលាផ្សេងៗ ដូចជាសាលាបឋមសិក្សា Rosauro Almario សាលាបឋមសិក្សា Dr. Alejandro Albert និងវិទ្យាល័យ Manila Science ជាដើម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com