អន្តរជាតិ
ការសិក្សា៖ បំណែកប្លាស្ទិកត្រូវបានរកឃើញក្នុងជាលិកាសួតមនុស្ស​រស់ ជាលើកដំបូង
01, May 2022 , 8:20 pm        
រូបភាព
រូបភាព៖ AP
រូបភាព៖ AP
ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រ បានរកឃើញបំណែកប្លាស្ទិកតូចៗនៅក្នុងសួតរបស់មនុស្សនៅរស់ជា​លើកដំបូង។ ពួកគេបានកំណត់អត្តសញ្ញាណភាគល្អិតប្លាស្ទិកសរុបចំនួន៣៩ ហើយត្រូវ​បានរកឃើញនៅគ្រប់ផ្នែកទាំងអស់នៃសួត។ ភាគច្រើន គេបានរកឃើញសារធាតុគីមី Polypropylene ដែលប្រើ​ដើម្បីផលិតថង់ប្លាស្ទិកសម្រាប់ការវេចខ្ចប់ និងបំពង់បឺត និង សារធាតុគីមី PET ដែលប្រើជាទូទៅសម្រាប់ផលិតដបទឹក និងភេសជ្ជៈ។

 
ការសិក្សាមួយ ដែលត្រូវបានចុះផ្សាយលើទិនានុប្បវត្តិ Science of the Total Environment បានបង្ហាញពីការរកឃើញបំណែកតូចៗនៃប្លាស្ទិកនៅក្នុងជាលិកាសួតរបស់មនុស្ស ​ដែលនៅមានជីវិត។​ នេះជាការរកឃើញដំបូង ខណៈកន្លងមក ការសិក្សាបានធ្វើឡើង​លើអ្នកជំងឺមហារីកសួត ឬអ្នកដែលបានស្លាប់។ ការសិក្សាបានបញ្ជាក់ថា បំណែកប្លាស្ទិក​ក្នុងជាលិកាសួតមនុស្សដែលមានជីវិតនោះ ស្ថិតនៅជ្រៅក្នុងសួតជាងការរំពឹងទុករបស់​អ្នកស្រាវជ្រាវ។
 
អ្នកនិពន្ធជាន់ខ្ពស់ លោកស្រី Laura Sadofsky នៅសាលាវេជ្ជសាស្ត្រ Hull York បានប្រាប់កាសែត The Guardian ថា៖​ «យើងមិនដែលរំពឹងថានឹងរកឃើញចំនួនបំណែកប្លាស្ទិកច្រើន ហើយមានទំហំធំដល់ថ្នាក់នេះ នៅក្នុងតំបន់ខាងក្រោមនៃសួតទេ»។ ផ្លូវដង្ហើមនៅផ្នែកខាង​ក្រោមសួតមានទំហំតូចណាស់ ដូច្នេះវាជារឿងគួរឱ្យភ្ញាក់ផ្អើលមួយដែលបំណែកប្លាស្ទិក​អាចចូលទៅក្នុងសួតបាន ព្រោះជាធម្មតាវាគួរតែត្រូវបានរាំងស្ទះ។
 
ជាការពិត ការសិក្សាពីមុន ក៏បានរកឃើញ​បំណែកប្លាស្ទិកនៅក្នុងសួតមនុស្សដែរ តែវាជា​ការធ្វើកោសល្យវិច័យលើសាកសព។ ការសិក្សាដែលបានធ្វើឡើងឆ្នាំ ១៩៩៨ នៅអាម៉េរិក ក៏ដូចជាការសិក្សារបស់ប្រេស៊ីល ក្នុងឆ្នាំ ២០២១ បានរកឃើញប្លាស្ទិកក្នុងសួតអ្នកជំងឺ​មហារីកសួត។ យ៉ាងណាមិញ ការសិក្សាថ្មីនេះ គឺជាការសិក្សាដំបូងដែលបានធ្វើលើមនុស្ស​រស់ដែលមិនមានបញ្ហាសួត។ 
 
សារធាតុគីមី ដែលបានរកឃើញភាគច្រើនគឺ Polypropylene ដើម្បីផលិតថង់​ប្លាស្ទិកសម្រាប់ការវេចខ្ចប់ និងបំពង់បឺត និងសារធាតុគីមី PET ដែលប្រើជាទូទៅសម្រាប់​ផលិតដបទឹក និងភេសជ្ជៈ។ ការស្រាវជ្រាវនេះ បានកំណត់អត្តសញ្ញាណភាគល្អិតប្លាស្ទិក​សរុបចំនួន៣៩ ហើយត្រូវ​បានរកឃើញនៅគ្រប់ផ្នែកទាំងអស់នៃសួត។ បំណែកប្លាស្ទិក​ចំនួន ១១ប្រភេទ ត្រូវបានរកឃើញ​នៅផ្នែកខាងលើនៃសួត និង៧ប្រភេទនៅផ្នែកកណ្តាល ហើយ ២១ប្រភេទនៅផ្នែកខាងក្រោមសួត។
 
ដូច្នេះ មនុស្សគួរតែប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឱ្យបានខ្ពស់លើការប្រើប្រាស់ប្លាស្ទិក សំណល់ប្លាស្ទិក ការបំពុលខ្យល់ជាដើម ដែលសុទ្ធសឹងជាកត្តាសំខាន់នាំឱ្យប៉ះពាល់ដល់​សុខភាពរាងកាយ ពិសេសផ្លូវដង្ហើម៕ 
 

Tag:
 ប្លាស្ទិក
© រក្សាសិទ្ធិដោយ thmeythmey.com