ជាតិ
សង្គមជាតិ
សម្តេច ស ខេង ទៅពិនិត្យសុខភាពនៅបារាំងលើកទី២ តាមវេជ្ជបញ្ជា
02, May 2022 , 1:24 pm        
រូបភាព
សម្តេច ស ខេង ទៅចូលរួមពិធីបុណ្យឯករាជ្យជាតិលើកទី៦៦ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ រូបពីគេហទំព័ររបស់សម្តេច
សម្តេច ស ខេង ទៅចូលរួមពិធីបុណ្យឯករាជ្យជាតិលើកទី៦៦ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ រូបពីគេហទំព័ររបស់សម្តេច
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ត្រូវចេញដំណើរទៅកាន់ប្រទេសបារាំងជាលើកទី២ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២នេះ ដើម្បីបន្តពិនិត្យ និងតាមដានសុខភាព តាមការតម្រូវរបស់វេជ្ជបណ្ឌិត។ នេះបើតាមសេចក្តីជូនដំណឹងពីខុទ្ទកាល័យរបស់សម្តេច។



តាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃទី២ ខែឧសភា ខុទ្ទកាល័យរបស់សម្តេច ស ខេង បញ្ជាក់ថា សម្តេច នឹងប្រើពេល១សប្តាហ៍ សម្រាប់ការពិនិត្យសុខភាពនៅបារាំងជាលើកទី២នេះ។ ខុទ្ទកាល័យរបស់សម្តេច បានឲ្យដឹងទៀតថា សម្តេច ទៅពិនិត្យសុខភាពនៅបារាំងជាលើកទី២នេះ បន្ទាប់ពីការពិនិត្យសុខភាពរបស់សម្តេចនៅបារាំងកាលពីលើកទី១ ទទួលបានជោគជ័យ។

សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ ធ្លាប់បានទៅព្យាបាលជំងឺនៅបារាំងម្តងរួចមកហើយ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២១ ដោយប្រើពេលប្រមាណកន្លះខែ។ ខុទ្ទកាល័យរបស់សម្តេច ផ្តល់ព័ត៌មានជាសាធារណៈនាពេលនោះថា សម្តេច ទៅបារាំង ដើម្បីវះកាត់ជំងឺ ហើយការវះកាត់នោះ ទទួលបានជោគជ័យ ប៉ុន្តែមិនបានបង្ហាញលម្អិតថា សម្តេច វះកាត់ជំងឺអ្វីឡើយ៕

Tag:
 ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com