ជាតិ
​យុវជននៅសៀមរាប អាចមានលទ្ធភាពបន្តការសិក្សានៅមហាវិទ្យាល័យ​ តាមរយៈជំនាញគូររូប
03, May 2022 , 8:59 am        
រូបភាព
កញ្ញា លន់ ឡូន (ស្តាំ) លោក សែត ស៊ឺង និងលោក ធី ចាន់ណារ៉ាក់
កញ្ញា លន់ ឡូន (ស្តាំ) លោក សែត ស៊ឺង និងលោក ធី ចាន់ណារ៉ាក់
ភ្នំពេញ៖ ពន្លឺ​ធម្មជាតិ​នៃ​កម្ពុជា (Color of Cambodia) ជាអង្គការនៃសាលាគំនូរមួយ ដែលមានមូលដ្ឋាននៅខេត្តសៀមរាប។ សាលាមួយនេះ បានបណ្ដុះបណ្ដាលយុវជនក្រីក្រឱ្យក្លាយជាសិល្បករគំនូរតាំងពីឆ្នាំ២០០៣ មកម្ល៉េះ។ ការងារជាងគំនូរនេះ បានផ្តល់ឱកាសឱ្យយុវជន មានលទ្ធភាពបន្តការសិក្សាលើជំនាញនានា នៅមហាវិទ្យាល័យ។​

 
កញ្ញា លន់ ឡូន ជាជាងគំនូរបែបសម័យមួយរូបនៃអង្គការ​ពន្លឺ​ធម្មជាតិ​នៃ​កម្ពុជា (Colors of Cambodia។ ព្រោះតែក្តីស្រលាញ់រួមទាំងទេពកោសល្យពីកំណើតផងនោះ  កញ្ញា បានសម្រេចចូលរៀនផ្នែកគំនូរនេះ​ តាំងពី២០១៥មក។ នាអំឡុងពេលរៀនគូរគំនូរពីលោកគ្រូ-អ្នកគ្រូជំនាញពីសាលា Color of Cambodia យុវតីរូបនេះ ក៏អាចរកចំណូលបានខ្លះ ពីគំនូររបស់ខ្លួន ដើម្បីផ្គត់ផ្គង់ការសិក្សានៅមហាវិទ្យាល័យ ផងដែរ។ 


កញ្ញា លន់ ឡូន ជាជាងគំនូរបែបសម័យមួយរូបនៃអង្គការពន្លឺធម្មជាតិនៃកម្ពុជា 
 
នាឱកាសតាំងពិព័រណ៌គំនូរជាលើកដំបូងនៅរាជធានីភ្នំពេញ កញ្ញា លន់ ឡូន ឆ្លៀតប្រាប់សារព័ត៌មានថ្មីៗថា៖ «ដំបូងខ្ញុំគិតថាគ្រាន់តែចាប់យក [ការគូររូបនេះ] បែបបន្ធូរអារម្មណ៍នៅពេលទំនេរប៉ុណ្ណោះ។ ប៉ុន្តែរៀនយូរៗទៅ ការងារហ្នឹងក៏អាចផ្ដល់ប្រាក់កម្រៃខ្លះៗ ហើយការដែលរៀនគំនូរហ្នឹង អាចជួយខ្ញុំបានច្រើន លើការសិក្សារបស់ខ្ញុំ»។
 
គិតដល់បច្ចុប្បន្ន មានរយៈពេលប្រមាណ៦ឆ្នាំមកហើយ ដែលយុវតីវ័យ២០ឆ្នាំរូបនេះ​ មានការអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ លើការគូរគំនូរផ្សេងៗ ជាពិសេសគំនូរបែបសហសម័យ ។​ គំនូរទាំងនោះ ត្រូវបាននាំទៅលក់ដល់ទីផ្សារបរទេសថែមទៀត។ 


យុវជន សែត ស៊ឹង
 
មិនខុសគ្នាប៉ុន្មានពីយុវតីខាងលើ យុវជន សែត ស៊ឹង ក៏អាចរកចំណូលបាន សម្រាប់បន្តការសិក្សា និងគាំទ្រជីវភាពគ្រួសារ ផងដែរ។  វិចិត្រករវ័យ២០ឆ្នាំរូបនេះ បានរៀបរាប់ថា៖ ​«ការងារជារៀងគំនូរនេះ អាចជួយខ្ញុំឱ្យរកប្រាក់ចំណូលបានខ្លួនឯងបន្តិចបន្តួច [ហើយសាលារៀនហ្នឹង] ជួយ Support [គាំទ្រ] ខ្ញុំដល់ការរៀនសូត្រ ផងដែរ។ ដោយសារខ្ញុំបង្រៀនសិស្សនៅតាមសាលារដ្ឋ ហើយខាងអង្គការជួយជាប្រាក់ខែបន្តិចបន្តួច អ៊ីចឹងទៅខ្ញុំអាចយកលុយហ្នឹងទៅគាំទ្រការសិក្សានៅ មហាវិទ្យាល័យខ្ញុំហើយ និងលក់រូបហ្នឹងជួយខ្លួនឯងបន្ថែមទៀតដែរ»។ 
 
សម្រាប់លោក ធី ចាន់ណារ៉ាក់ ក៏ជាវិចិត្រករមួយរូបមកពីសាលា Color of Cambodia  នៅខេត្តសៀមរាប ផងដែរ។ យុវជនរូបនេះទទួលបានជ័យលាភីលេខមួយក្នុងការគូរគំនូរ ក្រោយរៀនបានត្រឹមមួយខែប៉ុណ្ណោះ។ វិចិត្រករដែលកំពុងបន្តការសិក្សានៅមហាវិទ្យាល័យនេះ បាននិយាយដូច្នេះថា៖ «ថ្ងៃដែលខ្ញុំប្រលងគំនូរដាក់ Calendar ដែលរាល់ឆ្នាំមានការប្រលងម្ដង។ ពេលខ្ញុំរៀនបានមួយខែ ហើយខ្ញុំដាក់ប្រលង ជាមួយសិស្សផ្សេងៗ ហើយខ្ញុំក៏បានជាប់លេខមួយទៅ»។ 


លោក ធី ចាន់ណារ៉ាក់ ក៏ជាវិចិត្រករមួយរូបមកពីសាលា Color of Cambodia
 
ចាន់ណារ៉ាក់ មិនបោះបង់អាជីពមួយនេះឡើយ។ ផ្ទុយទៅវិញយុវជនរូបនេះ បានព្យាយាមដុះខាត់សមត្ថភាពខ្លួនបន្ថែមទៀត​ បើទោះជាកំពុងមមាញឹក ក្នុងការសិក្សាលើជំនាញផ្សេងនៅមហាវិទ្យាល័យ ផងដែរ។ គំនូរនីមួយៗដែលចេញពីស្នាដៃវិចិត្រករវ័យក្មេងនៃអង្គការ Color of Cambodia នេះ គឺមានតម្លៃចាប់ពី៧០ដុល្លារ រហូរដល់ ៥០០ដុល្លារ ក្នុងមួយគំនូរមួយផ្ទាំង។  
 
លោក ព្រហ្ម ពន្លឺ ដែលជាគ្រូបង្រៀនគំនូរ នៅ Color of Cambodia អះអាងប្រាប់សារព័ត៌មានថា៖« គំនូរភាគច្រើនដែលសិស្សគូរ គឺនាំទៅលក់ភាគច្រើន ជាគំនូរដូច និងគំនូរសហសម័យ។ ឯគំនូរទាំងនោះ នាំទៅលក់ដល់ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងម្ដងម្កាលទៅលក់នៅអាម៉េរិក ផងដែរ។ ចំណែកតម្លៃវិញអាចមានចន្លោះពី ៧០ដុល្លារ រហូតដល់ជាង៥០០ដុល្លារ [ក្នុងមួយផ្ទាំង] តាមទំហំ និងទឹកដៃ»។


 
Color of Cambodia ជាសាលាឬជាអង្គការគំនូរមួយ ត្រូវបានបង្កើតនាអំឡុងឆ្នាំ២០០៣មក ដោយលោក Bill Gentry ដែលជាជនជាតិអាម៉េរិក។ ​បច្ចុប្បន្ន សាលានេះស្ថិតនៅកណ្តាលក្រុងសៀមរាប​ នៃខេត្តសៀមរាប។ ក្នុងគោលបំណងចម្បងនៃការបង្កើតអង្គការនេះឡើង គឺដើម្បីផ្ដល់ចំណះដឹងលើជំនាញគំនូរ ដល់យុវជនកម្ពុជា និងជាកន្លែងលក់ស្នាដៃគំនូររបស់សិស្សដែលរៀននៅទីនេះ​ ទៅកាន់អន្តរជាតិ។ 
 
ជិត២ទស្សវត្សរ៍មកនេះ សាលាគំនូរ Color of Cambodia មិនត្រឹមតែបណ្ដុះសិល្បករគំនូរនោះឡើយ តែក៏បានផ្ដល់ឱកាសដល់យុវជនទាំងនោះ អាចរកចំណូលផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ជាពិសេសអាចឱ្យកុមារនិងយុវជនក្រីក្រី អាចមានលទ្ធភាពបន្តការសិក្សានៅសាកលវិទ្យាល័យថែមទៀត។  លោក ព្រហ្ម ពន្លឺ ប្រាប់សារព័ត៌មានថ្មីៗបន្ថែមថា  ក្រៅពីអាជីពជាវិចិត្រករគំនូរ យុវជនទាំងបីខាងលើក៏ជាគ្រូបង្រៀនគំនូរនៅតាមសាលារដ្ឋផងដែរ ដោយអាចទទួលបានការឧបត្ថម្ភពី Color of Cambodia បន្ថែមពីការលក់គំនូររបស់ពួកគេ៕
 
 

Tag:
 BBC
  គំនូរ
  សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com