កីឡាជាតិ
ជាតិ
កីឡាការិនី សឿន វីផា ៖ យើងមកពីក្រុមផ្សេងគ្នា តែយើងមានបេះដូងតែមួយ ដើម្បីជាតិ
03, May 2022 , 9:29 am        
រូបភាព
កីឡាការិនី សឿន វីផា ក្នុងពេលប្រកួតមិត្តភាពជាមួយ U16 សាលាកីឡាបាល់ទាត់ជាតិបាទី។ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
កីឡាការិនី សឿន វីផា ក្នុងពេលប្រកួតមិត្តភាពជាមួយ U16 សាលាកីឡាបាល់ទាត់ជាតិបាទី។ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
កីឡាការិនីបាល់ទាត់ជម្រើសជាតិកម្ពុជា២០រូប ដែលនឹងបញ្ជូនទៅប្រកួតស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម កំពុងហ្វឹកហាត់យ៉ាងសកម្ម។ កីឡាការិនី សឿន វីផា មកពីក្លិបភ្នំពេញក្រោន ក៏ស្ថិតក្នុងចំណោម២០នាក់នេះដែរ។


 
កីឡាការិនី សឿន វីផា បានបញ្ជាក់ថា ការប្រមូលផ្ដុំជម្រើសជាតិ មកពីក្រុមផ្សេងៗក្នុងប្រទេស មកហ្វឹកហាត់ជាមួយគ្នា អាចមានការពិបាកខ្លះៗ ដោយទម្រង់លេង និងកម្រិតកីឡាការិនីទាំងអស់ មិនដូចគ្នានោះទេ។ តែទោះជាយ៉ាងណា កីឡាការិនីទាំងអស់ មានគោលដៅរួមដោយធ្វើឲ្យល្អបំផុត ក្នុងការប្រកួតនៅស៊ីហ្គេម។ 
 
កីឡាការិនីភ្នំពេញក្រោនរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗថា៖«ពួកយើង មកពីក្រុមផ្សេងគ្នា តែយើងមានបេះដូងតែមួយ នោះគឺការប្រកួតដើម្បីកម្ពុជា»។ 
 
ខ្សែបម្រើកណ្ដាលរូបនេះ បន្ថែមថា តាមការហ្វឹកហាត់ជាមួយគ្នាមួយរយៈពេលខ្លីនេះ កីឡាការិនីទាំងអស់ មានការយល់ចិត្តគ្នាច្រើន។ «យើង មិនទាន់ហ៊ានរំពឹងទុកខ្ពស់ទេ តែអ្វីដែលយើងអាចធ្វើបានរួមគ្នានោះ គឺការប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព និងធ្វើឲ្យល្អបំផុត» ។ នេះបើតាមការបញ្ជាក់របស់ វីផា ។
 
សមាសភាពកីឡាការិនីបាល់ទាត់កម្ពុជា ទាំង២០រូបនោះ រួមមាន៖ បាន ជាវ៉ៃ, ពឿន គន្ធា, អ៊ិន ស្រីនិច, សឿន វីផា, គាត ស៊ីវហ័ង, ទី សំណាង, គឹម ចាន់ថេត, ញ៉ ស្រីណែត, ចាន់ ធីន, ឈិត សាភឿន, កែប ទាន់សម័យ, មាត សាភា, យឿន ស្រីនីត, សុខ លី, ហុក សៅឌី, យ៉ុន យ៉ើន, ជា សម្ភស្ស, ជិត សូវៀត, ហ៊ា ស្រីឡាស់, ភឿន ស្រីភ័ស្ដ។ ជម្រើសជាតិបាល់ទាត់នារីរបស់កម្ពុជា ស្ថិតនៅពូល A រួមមានម្ចាស់ផ្ទះ វៀតណាម ហ្វីលីពីន និង ឥណ្ឌូណេស៊ី ខណៈពូល B មាន ថៃ មីយ៉ាន់ម៉ា សិង្ហបុរី និង ឡាវ៕
 
កីឡាការិនីភ្នំពេញក្រោន សឿន វីផា ។ រូបពីភ្នំពេញក្រោន

 

Tag:
 បាល់ទាត់
  ស៊ីហ្គេម
  សឿន វីផា
© រក្សាសិទ្ធិដោយ thmeythmey.com