ជាតិ
សង្គមជាតិ
លោក លាង សួគ៌ ត្រូវជ្រើសតាំងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជំនួសលោក អ៊ុំ សារិទ្ធ ដែលទទួលមរណភាព
03, May 2022 , 2:33 pm        
រូបភាព
លោក លាង សួគ៌ ឡើងថ្លែងក្នុងព្រឹទ្ធសភា ក្រោយសមាជិកព្រឹទ្ធសភាបោះឆ្នោតឲ្យលោកជាប់ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ រូបពីវីដេអូរបស់ព្រឹទ្ធសភា
លោក លាង សួគ៌ ឡើងថ្លែងក្នុងព្រឹទ្ធសភា ក្រោយសមាជិកព្រឹទ្ធសភាបោះឆ្នោតឲ្យលោកជាប់ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ រូបពីវីដេអូរបស់ព្រឹទ្ធសភា
លោក លាង សួគ៌ ប្រធានតុលាការខេត្តកំពង់ធំ ត្រូវបានព្រឹទ្ធសភាជ្រើសតាំងឲ្យធ្វើជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជំនួសលោក អ៊ុំ សារិទ្ធ ដែលទទួលមរណភាព។ ការជ្រើសតាំងលោក លាង សួគ៌ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គរបស់ព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២។



សេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានឲ្យដឹងថា ក្នុងចំណោមសមាជិកព្រឹទ្ធសភា៥៩រូប ដែលមានវត្តមានក្នុងកិច្ចប្រជុំពេញអង្គ មាន៥២រូប បានបោះឆ្នោតគាំទ្រក្នុងការជ្រើសតាំងលោក លាង សួគ៌ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ 

លោក សូ សុវណ្ណារ៉េត ប្រធានលេខាធិការដ្ឋានរដ្ឋបាលតុលាការខេត្តកំពង់ធំ ប្រាប់សារព័ត៌មានថ្មីៗថា ក្រោយជាប់ឆ្នោតជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លោក លាង សួគ៌ ប្រហែលជាត្រូវលះបង់តំណែងជាប្រធានតុលាការខេត្តកំពង់ធំ ដ្បិតថា លោក ពុំអាចធ្វើជាប្រធានតុលាការផង និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមផងនោះទេ (វិសមិតភាព)។ ប៉ុន្តែ អ្នកណា ដែលត្រូវឡើងធ្វើជាប្រធានតុលាការខេត្តកំពង់ធំជំនួសលោក លាង សួគ៌ លោក សូ សុវណ្ណារ៉េត មិនទាន់ដឹងព័ត៌មានច្បាស់នោះទេ។ លោក មានប្រសាសន៍ថា ការជ្រើសរើសប្រធានថ្មីនៃតុលាការខេត្តកំពង់ធំ គឺរង់ចាំការសម្រេចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ 
 
ព្រះមហាក្សត្រ ទ្រង់គង់ជាព្រះអធិបតី (ព្រះប្រធាន) នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដោយមានសមាជិក១១រូប។ សមាជិកទាំង១១នាពេលបច្ចុប្បន្ន រួមមាន លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក ឌិត មុន្ទី ប្រធាតុលាការកំពូល អ្នកស្រី ជា លាង អគ្គព្រះរាជអាជ្ញាតុលាការកំពូល លោក អ៊ិត រ៉ាឌី លោក ប្លង់ ឆ្លាម អ្នកស្រី ប៊ុន្នីញ ប៊ុណ្ណារី លោក ចាយ ច័ន្ទតារាវណ្ណ លោក សេង ប៊ុនឃាង លោក អ៊ីវ បូរិន្ទ លោក ស្រ៊ា រតនៈ និង លោក លាង សួគ៌ ដែលទើបបនឹងត្រូវបានជ្រើសតាំងដោយព្រឹទ្ធសភា។ លោក ត្រូវរង់ចាំការចេញព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ក្នុងការតែងតាំងលោក ដើម្បីក្លាយជាសមាជិកជាផ្លូវការ។  
 
យោងតាមមាត្រា៤នៃច្បាប់ស្តីពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្រៅពីសមាជិក៣ គឺរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ប្រធានតុលាការកំពូល និងអគ្គព្រះរាជអាជ្ញាតុលាការកំពូល សមាជិក៨នាក់ផ្សេងទៀត គឺកើតចេញពីការជ្រើសតាំង។ សមាជិកទាំង៨នាក់នោះ គឺ ១រូប ជ្រើសតាំងដោយព្រឹទ្ធសភា ១រូប ជ្រើសតាំងដោយរដ្ឋសភា ១រូប ជ្រើសតាំងដោយក្រុមប្រឹក្សាធម្មនុញ្ញ ១រូប ជ្រើសតាំងដោយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ១រូប ជាចៅក្រមនៃសាលាជម្រះក្តីជាន់ខ្ពស់ ជ្រើសតាំងតាមការបោះឆ្នោតពីចៅក្រមនៃសាលាជម្រះក្តីជាន់ខ្ពស់ ១រូប ជាព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាជម្រះក្តីជាន់ខ្ពស់ ឬជាព្រះរាជអាជ្ញាបម្រើការងារនៅក្រសួងយុត្តិធម៌ ជ្រើសតាំងតាមការបោះឆ្នោតដោយព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាជម្រះក្តីជាន់ខ្ពស់ និងនៅក្រសួងយុត្តិធម៌ ១រូប ជាចៅក្រមនៃសាលាដំបូង ជ្រើសតាំងតាមការបោះឆ្នោតដោយចៅក្រមនៃសាលាដំបូងទូទាំងប្រទេស និង ១រូប ជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ជ្រើសតាំងតាមការបោះឆ្នោតដោយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងទូទាំងប្រទេស។
 
មិនថាចេញពីប្រភពណាឡើយ នីតិវិធីចុងក្រោយបង្អស់ គឺព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងពួកគេទាំងអស់គ្នា ទើបពួកគេ អាចក្លាយជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមពេញសិទ្ធិ និងជាផ្លូវការ។ 
 
លោក អ៊ុំ សារិទ្ធ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលជ្រើសតាំងដោយព្រឹទ្ធសភា។ ក្រោយលោក ទទួលមរណភាព ព្រឹទ្ធសភា មានភារកិច្ចត្រូវជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមថ្មី ដើម្បីជំនួសលោក។ លោក ទទួលមរណភាពក្នុងវ័យ៧៧ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២៕ 
 

Tag:
 លាង សួគ៌
  ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
© រក្សាសិទ្ធិដោយ thmeythmey.com