ជាតិ
Cambodia Amazing រៀបចំកញ្ចប់ទេសចរណ៍ ២យប់៣ថ្ងៃនៅរមណីយដ្ឋានអង្គរ បឹងទន្លេសាប និង ភ្នំគូលែន
03, May 2022 , 3:48 pm        
រូបភាព
ដោយ:
សៀមរាប៖ លោក សា ឌីណា ស្ថាបនិកក្រុម Cambodia Amazing Trip Planner រៀបចំកញ្ចប់ទេសចរណ៍ថ្មីក្នុងឆ្នាំ២០២២ ដែលរួមបញ្ចូលទាំងវប្បធម៌ បឹងទន្លេសាប និងធម្មជាតិ សរុប១៥ទីតាំង ​​។ ភ្ញៀវទេសចរ​ នឹងទទួលបានការកម្សាន្តតាមរយៈការបោះតង់ ពិសាអាហារក្នុងសហគមន៍ ជាពិសេសដើរកម្សាន្តនៅទីតាំងទេសចរណ៍ដែលបានលាក់ខ្លួនក្នុងតំបន់ភ្នំគូលែន។


សូមអញ្ជើញលោក អ្នកនាង កញ្ញា ទស្សនាបទសម្ភាសរវាងកញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មានThmeyThmey25 និងលោក សា ឌីណា ស្ថាបនិកក្រុម Cambodia Amazing Trip Planner ដូចតទៅ៖ 
 
 

លោក សា ឌីណា ស្ថាបនិកក្រុម Cambodia Amazing Trip Planner ចំណាយពេលប្រមាណ២ឆ្នាំ អំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ ស្រាវជ្រាវទីតាំងទេសចរណ៍សក្តានុពលនៅតំបន់ភ្នំគូលែនជាង ៨៥ទីតាំង។ ការណ៍នេះបានធ្វើឱ្យលោក សា ឌីណា សម្រេចចិត្តបង្កើតកញ្ចប់ទេសចរណ៍ថ្មី ផ្សារភ្ជាប់ពីតំបន់ប្រាសាទ បឹងទន្លេសាប និងភ្នំគូលែន។
 
« កញ្ចប់ទេសចរណ៍នេះ ភ្ញៀវទទួលបានប្រយោជន៍ច្រើន។ ទីមួយគាត់អាចទៅលេងច្រើនកន្លែង ហើយគាត់ទទួលបានព័ត៌មានពីទីតាំងនីមួយៗពីមគ្គទ្ទេសក៍ តាមតំបន់ ។ ជាពិសេស ពួកគាត់មិនចំណាយច្រើន ហើយបានទៅដល់ទិសដៅច្រើនកន្លែង។ មួយវិញទៀតការចំណាយរបស់ពួកគាត់មួយចំនួនធំ នឹងទៅដល់ប្រជាជនក្នុងសហគមន៍ »។ នេះបើតាមលោក សា ឌីណា ។
 
បើតាមលោក សា ឌីណា ទេសចរចំណាយត្រឹម ១១៥ដុល្លារ អាចដើរកម្សាន្ត រយៈពេល២យប់៣ថ្ងៃ។ ថ្ងៃទីមួយទេសចរ អាចបាញ់ធ្នូ នៅក្លឹបកីឡាបាញ់ធ្នូភូមិន្ទកម្ពុជា និងពិសាអាហារថ្ងៃត្រង់នៅទីតាំងនោះ។ បន្ទាប់មកទេសចរអាចទៅទស្សនាថ្ងៃលិច និងមើលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅកំពង់ភ្លុក។ 
 
សម្រាប់ថ្ងៃទី២ ទេសចរអាចដើរកម្សាន្តប្រមាណ ១២កន្លែង និងបោះតង់នៅតំបន់ភ្នំគូលែន។ ដោយឡែកថ្ងៃទី៣ ទេសចរអាចលម្ហែនៅតាមភូមិ មើលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងមើលប្រភពទឹកនៅភ្នំគូលែន។ សម្រាប់ព័ត៌មានបន្ថែម ០៨៥​ ៩៣៩ ៤៤១ ៕
 

Tag:
 ThmeyThmey25
  សៀមរាប
  Cambodia Amazing Trip Planner
  សម្ភាស
  វីដេអូ
© រក្សាសិទ្ធិដោយ thmeythmey.com