ជាតិ
ចុងសប្តាហ៍ទី៤ខែមេសា ទេសចរដើរកម្សាន្តទូទាំងប្រទេសជាង​ ៣០ម៉ឺននា​ក់
03, May 2022 , 10:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ទេសចរជាង​៣០ម៉ឺននាក់ ក្នុងនោះទេសចរអន្តរជាតិជិត២ម៉ឺននាក់បានដើរកម្សាន្តទូទាំងប្រទេសកាលពីថ្ងៃទី ៣០មេសា និង ១ឧសភាដែលជាសប្តាហ៍ទី៤នេះខែមេសា។ ខេត្តព្រះសីហនុមានទេសចរទៅកម្សាន្តច្រើនជាងគេបន្ទាប់មកគឺខេត្តកំពត  បាត់ដំបង និងរាជធានីភ្នំពេញ ។

 
របាយការណ៍របស់ក្រសួងទេសចរណ៍បានលម្អិតថា ទេសចរជាតិចំនួន​ ២៩៦ ០៤២នាក់ និងទេសចរអន្តរជាតិចំនួន ១៨ ០៣៩ នាក់ បានចេញដើរកម្សាន្តទូទាំងប្រទេសក្នុងរយៈពេល២ថ្ងៃ។ខេត្តព្រះសីហនុទទួលបានទេសចរសរុប ៦០ ៧៤១នាក់ ក្នុងនោះទេសចរអន្តរជាតិមាន ៧ ៧៧៩នាក់។

ខេត្តកំពតទទួលបានភ្ញៀវ ៤១ ៣៦៤នាក់ ក្នុងនោះជនបរទេស ១ ៤២៦នាក់។ ចំណែកខេត្តបាត់ដំបង មានអ្នកដើរកម្សាន្តចំនួន៣៨ ១១២នាក់ ក្នុងនោះភ្ញៀវអន្តរជាតិ ៨២នាក់។ជាមួយគ្នានេះរាជធានីភ្នំពេញឈរនៅលំដាប់លេខ៤ ដែលមានទេសចរសរុប ៣៥ ០៦៤នាក់ ក្នុងនោះភ្ញៀវអន្តរជាត៦ ០៧៩នាក់។ ចំណែកខេត្តកែបទទួលបានទេសចរ ២៦ ៩២៦នាក់ ដែលមានទេសចរបរទេស ៣៥៤នាក់។
 
ងាកទៅខេត្តសៀមរាប និងខេត្តពោធិ៍សាត់វិញមិនស្ថិតនៅក្នុងចំណោមខេត្ត៥ដែលទទួលបានទេសចរដើរកម្សាន្តច្រើននោះទេដោយខេត្តសៀមរាបមានទេសចរជាតិ ២ ៤០០០នាក់ និងទេសចរបរទេសចំនួន ១​ ៤១៣នាក់។ខេត្តពោធិ៍សាត់ទទួលបានទេសចរជាតិ ១៧ ០៣៨នាក់ និងទេសចរអន្តរជាតិ ៦នាក់។
 
បើតាមក្រសួងទេសចរណ៍ខេត្តដែលទទួលបានអ្នកដើរកម្សាន្តតិចជាងគេ មានខេត្តឧត្តរមានជ័យ។ ខេត្តនេះ មានទេសចរដើរកម្សាន្ត៨៨៧នាក់។ ខេត្តព្រៃវែង មានភ្ញៀវ ១ ៣០៤នាក់។ ខេត្តត្បូងឃ្មុំ មានទេសចរ ១ ៤៤៥នាក់។ ខេត្តស្ទឹងត្រែងមានទេសចរ ១ ៨៧៦នាក់។ ខេត្តកំពង់ឆ្នាំ មានទេសចរដើរកម្សាន្ត ២ ១២៦នាក់។

គួរបញ្ជាក់ផងដែរថា កាលពីចុងសប្តាហ៍ទី៣នៃខែមេសាចំនួន៣២៧ ២៧០នាក់ បានចេញដើរកម្សាន្តនៅតាម​រមណីយដ្ឋាននានា។ ចំណែកចុងសប្តាហ៍ទី២ខែមេសាបូកជាមួយពិធីបុណ្យចូលឆ្នាំខ្មែរ មានទេសចរជាង ៥លាននាក់បានចេញដើរកម្សាន្តនៅតាមទីតាំងទេសចរណ៍នានា ទូទាំងប្រទេស ក្នុងនោះខេត្តបាត់ដំបងកំពង់ចាម បន្ទាយមានជ័យ សៀមរាប និងព្រៃវែង ទទួលបានទេសចរច្រើនជាងគេ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com