កីឡាជាតិ
ជាតិ
កីឡាករ ៤ប្រភេទកីឡា ​ចេញទៅវៀតណាមត្រៀមប្រកួតស៊ីហ្គេម នៅថ្ងៃទី៤ឧសភា
03, May 2022 , 6:09 pm        
រូបភាព
ប្រតិភូកីឡា និងថ្នាក់ដឹកនាំជាតិ ក្នុងពិធីសំណេះសំណាលប្រតិភូកីឡា ត្រៀមទៅស៊ីហ្គេមលើកទី៣១ រូបពី Camsoc
ប្រតិភូកីឡា និងថ្នាក់ដឹកនាំជាតិ ក្នុងពិធីសំណេះសំណាលប្រតិភូកីឡា ត្រៀមទៅស៊ីហ្គេមលើកទី៣១ រូបពី Camsoc
កីឡាករ កីឡាការិនី កីឡា៤ប្រភេទ នឹងត្រូវចេញដំណើរទៅកាន់ប្រទេសវៀតណាម នៅថ្ងៃទី៤ ខែឧសភានេះ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតក្នុងព្រឹតិ្តការណ៍ស៊ីហ្គេមលើកទី៣១។ កម្ពុជាចូលរួមប្រកួត៣៣ប្រភេទកីឡា នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ ដែលនឹងរៀបចំពិធីបើក នៅថ្ងៃទី១២ ឧសភា និងបញ្ចប់នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ។


យោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី២ ខែឧសភា ម្ចាស់ផ្ទះវៀតណាម បានកំណត់ពេលវេលាសម្រាប់ការទៅដល់ខុសៗគ្នា ដោយយោងតាមពេលវេលាប្រកួត នៃប្រភេទកីឡាខុសគ្នា ហើយបានកំណត់ឲ្យទៅដល់មុន២ថ្ងៃ និងត្រលប់មកវិញមួយថ្ងៃ ក្រោយចប់ការប្រកួត។
 
កីឡា៤ប្រភេទដែលត្រូវទៅនៅថ្ងៃ៤ ខែឧសភានោះ មានកីឡាបាល់ទាត់ទាំងពីវិញ្ញាសា បុរស-នារី, ប្រដាល់គុនខ្មែរ, ប្រដាល់ Kick Boxing និងប្រណាំងទូកកានូ/រ៉ូអ៊ីង។ រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់លើការធ្វើដំណើររបស់អត្ដពលិក ក៏ដូចជាប្រតិភូកីឡាទាំងអស់ ដើម្បីសុវត្ថិភាព និងបង្ហាញនូវការយកចិត្តទុកដាក់ ដល់ប្រតិភូកីឡាទាំងអស់គ្នា។
 
គួរបញ្ជាក់ផងដែរថា កីឡា៤ប្រភេទនោះ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាម។ តាមការបញ្ជាក់ពីមន្ដ្រីសហព័ន្ធកីឡាជាតិនីមួយៗ អត្ដពលិក នឹងប្រឹងប្រកួតឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អប្រសើរ៕
 
 

Tag:
 បាល់ទាត់
  ប្រដាល់គុនខ្មែរ
  Kick Boxing
  ទូកកានូ/រ៉ូអ៊ីង
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com