កីឡាជាតិ
ជាតិ
ប្រធានសហព័ន្ធប្រដាល់ឃីកបុកស៊ីង៖ មិនរំពឹងបានមេដាយ តែថាកីឡាករនឹងប្រឹងប្រែងប្រកួត
04, May 2022 , 8:29 am        
រូបភាព
ជម្រើសជាតិ ឃីកបុកស៊ីង រូបពីCamsoc
ជម្រើសជាតិ ឃីកបុកស៊ីង រូបពីCamsoc
ប្រដាល់ឃីកបុកស៊ីង (Kickboxing) ជាប្រភេទកីឡាមួយ ក្នុងចំណោម៣៣ប្រភេទ ដែលកម្ពុជា បានដាក់ចូលប្រកួតស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។ សហព័ន្ធ មិនបានដាក់ការរំពឹងទុក ឈ្នះមេដាយ១០០ភាគរយនោះទេ នៅក្នុងការប្រកួតស៊ីហ្គេមលើកទី៣១ នៅវៀតណាម។ សម្រាប់ប្រធានសហព័ន្ធប្រដាល់ឃីកបុកស៊ីង ការប្រកួតតែងតែមានឈ្នះចាញ់។


សហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា បានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតស៊ីហ្គេម នៅវៀតណាម ជាពិសេសទៀតនោះ ការត្រៀមសម្រាប់ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្រោយការឧបត្ថម្ភពីថ្នាក់ដឹកនាំជាតិ សហព័ន្ធ បានពង្រឹងសមត្ថភាពកីឡាករ យ៉ាងសកម្មក្នុងការត្រៀមព្រឹត្តិការណ៍អន្ដរជាតិចំនួន២ នាពេលខាងមុខនេះ។ 
 
លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗថា៖«ការប្រកួត តែងតែមានចាញ់មានឈ្នះ។ ដូចនេះយើងមិនអាចរំពឹងទុក១០០ភាគរយបានទេ។ យើងគ្រាន់តែដឹងថា ការអនុវត្តជាក់ស្ដែង អត្តពលិកកម្ពុជាបានប្រឹងប្រែងយ៉ាងសកម្ម ដោយពួកគេហ្វឹកហាត់១ថ្ងៃ ៣ពេល ជាង១០ម៉ោង។ ការហ្វឹកហាត់មានការមមាញឹកខ្លាំងមែនទែន»។ 
 
តាមរយៈការវាស់ស្ទង់ការប្រកួតកន្លងមក ជាពិសេសការប្រកួតស្ដេចប្រដាល់អង្គរ កាលពីថ្ងៃទី១០ ខែមេសាកន្លងទៅ នៅមុខអង្គរវត្ត អត្តពលិកកម្ពុជា៥នាក់ មាន៤នាក់ បានយកឈ្នះអត្តពលិកប្រដាល់ឃីកបុកស៊ីង របស់ប្រទេសចិន។ ប្រដាល់ឃីកបុកស៊ីងកម្ពុជា មានកម្រិតខ្ពស់ ដោយអាចប្រកួតឈ្នះ ប្រទេសដែលខ្លាំងខាងវិស័យកីឡានេះ បានដូចជាប្រទេសចិនជាដើម។ លោក ហេង សុខឃន បានប្រាប់ដូច្នេះ។
 
ម្យ៉ាងវិញទៀត ការប្រកួតឃីកបុកស៊ី ក្នុងស៊ីហ្គេមលើកទី៣០ នៅហ្វីលីពីន កម្ពុជា បានបញ្ជូនអត្តពលិក៤រូប ហើយបានឈ្នះមេដាយសំរឹទ្ធចំនួន៣។ កាលប្រកួតនាឆ្នាំ២០១៩នោះ កម្ពុជា មានពេលតិចបំផុត ពោលគឺត្រឹមតែមួយខែប៉ុណ្ណោះ សម្រាប់ការត្រៀមខ្លួនចូលរួមប្រកួត។ នេះបើតាមការបញ្ជាក់ របស់ប្រធានសហព័ន្ធរូបនេះ។
 
គួរបញ្ជាក់ថា សមាសភាពប្រតិភូកីឡាកម្ពុជា ដែលត្រូវចូលរួមស៊ីហ្គេមនៅវៀតណាម មានលោក សាន សៅយ៉ាន់ គ្រូបង្វឹក, លោក សៅ ប៊ុននឿន គ្រូជំនួយ, កីឡាការិនី នៅ ស្រីពៅ, កីឡាការិនី ទូច ចាន់វត្តី, កីឡាករ ទូច រ៉ាឆាន់, កីឡាករ ខាំ ខ្លានាង, កីឡាករ កាន់ ម៉េងហុង, កីឡាករ លន់ បញ្ញា, កីឡាករ ឈឿន ល្វៃ, កីឡាករ ឈុត វ៉ាន់ថង និង សាន រ៉ាគីម៕
 

Tag:
 ប្រដាល់
  Kickboxing
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com