ជាតិ
សង្គមជាតិ
កញ្ញា សេង ហ្គេកលី ជ្រើសការរស់នៅបែប «តិចនិយម» ដើម្បីចំណេញពេល ថវិកា និងជួយបរិស្ថាន
04, May 2022 , 8:59 am        
រូបភាព
 កញ្ញា សេង ហ្គេកលី ជាអ្នកនិពន្ធសៀវភៅ កូនសិស្សជីវិត និង អ្នកបង្កើតមាតិកា នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
កញ្ញា សេង ហ្គេកលី ជាអ្នកនិពន្ធសៀវភៅ កូនសិស្សជីវិត និង អ្នកបង្កើតមាតិកា នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
ភ្នំពេញ៖ កញ្ញា សេង ហ្គេកលី​ ជាអ្នកសរសេរសៀវភៅ និងជាអ្នកបង្កើតមាតិកា នៅតាមបណ្តាញទំនាក់ទំនងសង្គម ដែលនិយាយអំពីយុវជន។ កញ្ញា ចាប់ផ្តើមការរស់នៅបែបតិចនិយម​តាំងពីចុងឆ្នាំ២០១៩មក​ ដែលជួយឱ្យនាងចំណេញពេលវេលា  ប្រាក់ និងជួយដល់បរិស្ថានបានថែមទៀត តាមរយៈការកាត់បន្ថយនូវការប្រើប្រាស់របស់របរប្រើប្រាស់ផ្សេងៗ។

 
ជាង២ឆ្នាំមកហើយ  ដែលកញ្ញា សេង ហ្គេកលី សម្រេចរស់នៅបែបតិចនិយម ខណៈមនុស្សទូទៅមានទំនោរលើការប្រើប្រាស់សម្ភារនិយមនៅតាមសម័យទំនើបនាពេលបច្ចុប្បន្ន។ ហ្គេកលី ជាអ្នកនិពន្ធសៀវភៅវ័យក្មេងមួយរូប ហើយក៏ជាអ្នកបង្កើតមាតិកានានាតាមអ៊ីនធឺណិតដែលពាក់ព័ន្ធនឹងបញ្ហា និងដំណោះស្រាយនៃការរស់នៅប្រចាំថ្ងៃមួយចំនួនរបស់យុវជន។  
 
ការរស់នៅជីវិតបែបតិចនិយមរបស់យុវតីវ័យ២៤ឆ្នាំរូបនេះ គឺជាការរក្សាទុករបស់របរប្រើប្រាស់ ដែលចាំបាច់និងមានតម្លៃឱ្យតិចបំផុតសម្រាប់បម្រើដល់ការរស់នៅប្រចាំថ្ងៃ ដែលហៅជាភាសាអង់គ្លេសថា​ «The Minimalism»។  កញ្ញា ហ្គេកលី បានបញ្ជាក់ថា ការរស់នៅរបៀបនេះ គឺមិនមានមាត្រដ្ឋាន ស្តង់ដារ ឬរូបមន្តណា អាចកំណត់បានឡើយ ពោលគឺអាស្រ័យទៅលើគោលបំណងរបស់បុគ្គលម្នាក់ៗដែលអនុវត្ត។ 
 
ស្ទើររាល់ថ្ងៃ កញ្ញា ហ្គេកលី តែងតែពាក់អាវពណ៌ខ្មៅ។ « ការមាន [ពណ៌] ខោអាវបន្តិចបន្តួច គឺមិនមែនហៅថា Minimalism នោះទេ»។ នេះជាការលើកឡើងរបស់កញ្ញា ហ្គេកលី ដោយពន្យល់បន្ថែមថា៖  « វាក៏មិនសំដៅតែទៅលើការស្លៀកពាក់តែមួយមុខដែរ។  ប៉ុន្តែវាទាក់ទងនឹងការរស់នៅរបស់ប្រចាំថ្ងៃយើង។ ឧទាហរណ៍ ក្នុងបន្ទប់របស់យើង ឬក៏ផ្ទះរបស់យើង ឧបករណ៍ ឬឥវ៉ាន់ផ្សេងរបស់យើង វាផ្ដល់ភាពសំខាន់ ឬមានតម្លៃដល់យើងពិតប្រាកដ»។ ​


 
បន្ទាប់ពីរស់នៅជីវិតបែបតិចនិយមបានជាង២ឆ្នាំមកនេះ កញ្ញា ហ្គេកលី ​យល់ឃើញថា ការរស់នៅបែបនេះ បានធ្វើឱ្យកញ្ញាសប្បាយចិត្ត កាត់បន្ថយស្ត្រេស ចំណេញពេលវេលា និងសន្សំថវិកា។ លើសពីនេះ នាងក៏បានក្លាយជាចំណែកមួយជួយដល់បរិស្ថានថែមទៀត តាមរយៈការកាត់បន្ថយនូវការប្រើប្រាស់សម្ភារមិនចាំបាច់ ឬរក្សាទុកតែសម្ភារណា ដែលចាំបាច់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។​
 
កញ្ញា ហ្គេកលី បន្តប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ៖ « យើងមានការងារត្រូវធ្វើច្រើន។ មួយថ្ងៃៗយើងរវល់ ប៉ុន្តែបើមករវល់រឿងត្រូវស្លៀកពាក់អីហ្នឹងទៀត វាកាន់តែខាតពេលខ្លាំងមែនទែន។ នៅពេលខ្ញុំប្ដូរមកពាក់តែអាវពណ៌ខ្មៅ ឬពណ៌ប្រផេះ គឺព្រឹកឡើងយើងដឹងតែទាញអាវហ្នឹងមកពាក់ ដោយមិនចាំបាច់គិតថាត្រូវពាក់ខោអាវអី។ ហើយពេលដែលអនុវត្តជីវិតបែបតិចនិយមនេះ វាជួយសម្រួលដល់ការគិត គឺយើងជ្រើសការគិតណាដែលមានប្រយោជន៍»។  
 
 
កន្លងមក កញ្ញា សេង ហ្គេកលី បាននិពន្ធសៀវភៅមួយក្បាល មានចំណងជើងថា «កូនសិស្សជីវិត» ដែលមានបីភាគ។ សម្រាប់ភាគទីបីនៃសៀវភៅនេះ កញ្ញា ក៏បានលើកអំពីការជ្រើសយកការរស់នៅបែបតិចនិយមនេះផងដែរ។ កញ្ញា បានរួមបញ្ចូលទាំងនិយមន័យ អត្ថប្រយោជន៍ របៀបចាប់ផ្ដើមនៃការរស់នៅបែបតិចនិយមនេះ និងការពន្យល់ផ្សេងអំពី Minimalismនេះ៕  
 

Tag:
 ThmeyThmey
  The minimalism
  សេង ហ្គេកលី
© រក្សាសិទ្ធិដោយ thmeythmey.com