ជាតិ
សង្គមជាតិ
លោក មាស វីរិទ្ធ៖ កម្ពុជា ត្រៀមខ្លួនសហការជាមួយបណ្តាប្រទេស និងអង្គការនានា ក្នុងការប្រយុទ្ធនឹងគ្រឿងញៀន
03, May 2022 , 11:29 pm        
រូបភាព
លោក មាស វីរិទ្ធ ពិភាក្សាជាមួយអ្នកស្រី លីលី សាង នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២។ រូបពី AFP
លោក មាស វីរិទ្ធ ពិភាក្សាជាមួយអ្នកស្រី លីលី សាង នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២។ រូបពី AFP
លោកនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងក្នុងជំនួបជាមួយអ្នកស្រី លីលី​ សាង​ (Lili  Sang) មន្រ្តី​សម្របសម្រួល​កម្មវិធី​ប្រទេសហត្ថលេខីលើអនុស្សរណ:យោគយល់គ្នានៃប្រទេសមហាអនុតំបន់ទន្លេមេគង្គ​ (Mekong MOU) ថា កម្ពុជា​ត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តសហការល្អជាមួយបណ្តាប្រទេសអង្គការជាតិ-​អន្តរជាតិនានា​ ដែលជួយក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ប្រសាសន៍របស់លោក ត្រូវបានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដកស្រង់យកទៅផ្សាយ។

 
លោក មាស វីរិទ្ធ និង អ្នកស្រី លីលី សាង បានជួបពិភាក្សាគ្នា នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ។ បើតាម AKP អ្នកស្រី លីលី សាង បានសម្តែងក្តីរីករាយ ចំពោះកិច្ចសហការល្អរវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់កម្ពុជា ជាមួយការិយាល័យ​អង្គការ​សហប្រជាជាតិ​ស្តីពី​ឧក្រិដ្ឋកម្ម និង​គ្រឿងញៀន (UNODC) ក្នុង​ការអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលផែនការអនុតំបន់ទី១១ (SAP11​)។ 
 
នៅចំពោះមុខអ្នកស្រី លីលី សាង លោក មាស វីរិទ្ធ បានសំណូមពរដល់ UNODC ឲ្យពិនិត្យសកម្មភាពនានា ដែលមិនទាន់ត្រូវបានសម្រេចបាន ក្នុងផែនការអនុតំបន់ទី១១ ​(SAP11​) ហើយដាក់ចូលទៅក្នុងផែនការអនុតំបន់ទី១២​ ​(SAP12​) ដើម្បីឲ្យប្រទេសទាំង៦នៃមហាអនុតំបន់ទន្លេមេគង្គ រួមគ្នាបន្តសកម្មភាពប្រកបដោយប្រសិទ្ធភាព។ លោក បន្ថែមថា កម្ពុជា ស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរៀបចំផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនអនុតំបន់ទី១២៕ 
 
 
 
 
 
 
 
 
 
 
 
 

Tag:
 មាស វីរិទ្ធ
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com