ជាតិ
ថវិកា ២ពាន់ដុល្លារ បានចូលគណនីអតីតសហជីពណាហ្គាវើលដ៍ ក្រោយពួកគេប្រកាសរកជំនួយ
04, May 2022 , 10:46 am        
រូបភាព
ដោយ៖ ញឹក សំអូន
ភ្នំពេញ៖ អតីតសហជីពណាហ្គាវើលដ៍ ដែលនាំគ្នាតវ៉ាក្រុមហ៊ុននេះ បានទទួលថវិកាពីសប្បុរសជនជាបន្តបន្ទាប់ ក្រោយពួកគេប្រកាសរកជំនួយកាលពីសប្ដាហ៍មុន។ រយៈពេល ៦ថ្ងៃនេះ ពួកគេទទួលទឹកប្រាក់បានប្រមាណ ២ ០០០ដុល្លារ។



ថវិកាដែលសប្បុរសជនបានផ្ដល់ឱ្យពួកគេ នៅក្នុងគណនីតំណាងសហជីពឈ្មោះ Nop Tithboravy។ កញ្ញា ឈឹម ស៊ីថរ បានប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) តាមទូរស័ព្ទនៅរសៀលថ្ងៃទី ០៣ ខែឧសភាថា សមាជិកកូដករមានគ្នាច្រើន ដូច្នេះពួកគេត្រូវបន្តកៀងគរ និងស្វែករកជំនួយពីសប្បុរសជនបន្តទៀត ដើម្បីដោះស្រាយការខ្វះខាតខ្លាំង ក្នុងអំឡុងពេលតវ៉ាទាមទារលក្ខខណ្ឌការងារ ពីក្រុមហ៊ុនណាហ្គាវើលដ៍នេះ។
 
តំណាងសហជីពរូបនេះ បានបញ្ជាក់ថា៖« ពួកយើងព្យាយាមរកជំនួយគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីយក​មកឧបត្ថម្ភសមាជិកកូដករ ឱ្យមានអាហារហូប មានលទ្ធភាពជួលផ្ទះស្នាក់នៅ និងសម្រាប់ចាយវាយ ទិញថ្នាំ​ផ្សេងៗ»។
 
បច្ចុប្បន្ន ពួកគេទទួលបានជំនួយជាថវិកា ដោយពុំទាន់មានសប្បុរសជនណា ផ្ដល់ជំនួយជាសម្ភារនោះទេ។ នេះជាការបញ្ជាក់របស់កញ្ញា ស៊ីថរ ដែលបានបន្ថែមថា ជំនួយដែលក្រុមការងារតំណាងសហជីព ទទួលបានពីសាធារណជន ភាគច្រើនជាអ្នករស់នៅក្នុងប្រទេសកម្ពុជា។
 
«និយាយទៅខ្ញុំអត់ដឹងដែរ មិនដឹងថាជាជំនួយនៅក្នុងប្រទេស ឬក្រៅប្រទេសទេ។ ប៉ុន្តែបើតាមមើលឈ្មោះ ភាគច្រើនឈ្មោះខ្មែរយើង»។ នេះបើតាមកញ្ញា ស៊ីថរ ។
 
ជុំវិញវិវាទការងាររវាងក្រុមកូដករ និងភាគីក្រុមហ៊ុនណាហ្គាវើលដ៍ នឹងត្រូវបញ្ចប់ បើសិនមានការដោះស្រាយសមស្របណាមួយ ដែលពួកគេអាចទទួលយកបានទាំងសងខាង។ ជាពិសេសទទួលយកពួកគេចូលធ្វើការ និងផ្ដល់ប្រាក់ខែឡើងវិញ។ នេះបើតាមកញ្ញា ស៊ីថរ ។
 
សូមរំឭកថា កាលពីថ្ងៃពុធសប្ដាហ៍មុន សហជីពណាហ្គាវើលដ៍ បានអំពាវនាវរកសប្បុរសជនក្នុងស្រុក និងអន្តរជាតិ ព្រមទាំងសា្ថប័ននានា ដើម្បីជួយគាំទ្រដល់កូដករ។ ពួកគេបានតវ៉ាជិត ៥ខែមកហើយ ចាប់ពីថ្ងៃទី១៨ ធ្នូ ២០២១មក ប៉ុន្តែក្រុមហ៊ុនពុំទាន់មានដំណោះស្រាយឱ្យពួកគេ។
 
បច្ចុប្បន្នតំណាងសហជីព រួមទាំងអតីតបុគ្គលិកណាហ្គាវើលដ៍ ជិត២០០នាក់ កំពុងបន្តការតវ៉ា។ ពួកគេទាមទារឱ្យនិយោជិតក្រុមហ៊ុន ដែលភាគច្រើនជាសមាជិកសហជីព ចូលធ្វើការវិញ ហើយក្រុមហ៊ុនត្រូវគោរពសិទ្ធិស្ត្រី ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករ។
 
កន្លងមកក៏មានសកម្មជន និងមេដឹកនាំសហជីពរបស់ពួកគេចំនួន ១១នាក់ ត្រូវបានចាប់ខ្លួន ក្រោមការចោទប្រកាន់ពីបទញុះញង់ឱ្យមានភាពចលាចលក្នុងសង្គម និងរំលោភលើវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ប៉ុន្តែពួកគេទាំងនោះ បានដោះលែងវិញទាំងអស់ នៅអំឡុងខែ​មីនា ២០២២៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com