ពីនេះ ពីនោះ
«កាស» ជារូបិយវត្ថុសម្រាប់ចាយ រីឯ «កាក់» ជាឯកតានៃរូបិយវត្ថុ
03, Oct 2022 , 7:29 am        
រូបភាព
«កាស» មានន័យថា រូបិយវត្ថុសម្រាប់ចាយ មានសណ្ឋានមូល ប្រហោងកណ្ដាល ៤ ជ្រុង ធ្វើដោយស្ពាន់, ទង់ដែង, សាំង្កសី រីឯ «កាក់» ជាឈ្មោះប្រាក់ដែលមាន​ចំនួន​តម្លៃ​ផ្សេងៗគ្នា។ នេះ​បើតាម​ខ្លឹម​សារ​នៃ​ការពន្យល់​ក្នុង​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃ​រាជ ជួន ណាត។

 
តាម​វចនានុក្រម​ ប្រភព​ប្រើ​ប្រាស់ «កាស» នៅកម្ពុជា គឺ​មកអំពី​ស្រុក​ចិន ឬស្រុកអណ្ណាម ហើយ​សព្វ​ថ្ងៃ​ សព្វថ្ងៃក្នុងដែនកម្ពុជា លែងប្រើរូបិយវត្ថុនេះតាំងអំពីមានសេន។ 
 
អ្វីដែល​គួរឲ្យ​កត់សម្គាល់នោះ កម្ពុជា​ក៏ធ្លាប់ចេញចរាចរណ៍​​ប្រភេទ​កាស​សម្រាប់ចាយ​ផង​ដែរ ដូចជា​៥០០​រៀល, ១០០រៀល និង​៥០​រៀល ប៉ុន្តែក្រោយម​ក​ក៏បាត់វិញ។ ក្រៅពីនេះ យើង​សង្កេតមាន​ការផលិត​កាស​អនុស្សាវីរយ៍ មួយចំនួន ដូចជា ​កាសអនុស្សាវរីយ៍ប្រភេទ ៣០០០រៀល អបអរសាទរការបង្កើតសហគមន៍អាស៊ាន, កាសប្រាក់អនុស្សាវរីយ៍ប្រភេទ ៣០០០រៀល អបអរសាទរខួបទី៦០ឆ្នាំ មិត្តភាពកម្ពុជា-ជប៉ុន, កាសអនុស្សាវរីយ៍​ព្រះឆាយាល័ក្ខណ៍​ព្រះបាទ​នរោត្តម​ សីហនុ​, កាសប្រាក់​ប្រាសាទ, កាស​ប្រាក់​ស្លឹង ជាដើម។
 
រីឯពាក្យ​ «កាក់​» វិញ គឺ​សំដៅ​លើ​ឯក​តា​នៃ​រូបិយវត្ថុ។  «ឈ្មោះប្រាក់ដែលប្រើក្នុងប្រទេសកម្ពុជាមាន ៣ យ៉ាងគឺ ចំនួនតម្លៃ ១០ សេន, ២០ សេន, ៥០ សេន»។ នេះបើតាម​ការពន្យល់​ក្នុងវចនានុក្រម។ 
 
ទាក់ទងនឹងពាក្យទាំងពីរ អ្នកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេសទេសធនាគារជាតិនៃកម្ពុជា ធ្លាប់​សរសេរពន្យល់​នៅ​លើហ្វេសប៊ុក​ដោយខ្លីថា កាសក្នុងភាសាអង់គ្លេស គឺ Coin ខណៈ កាក់ស្មើនឹងពាក្យ Cent។
 
ក្រៅពីន័យ​ទាក់ទង​នឹង​រូបិយវត្ថុ «កាស» និង «កាក់» មានន័យ​ដាច់ដោយឡែកផ្សេងទៀត។ «កាស» មានន័យថា បង្ខិតចូលឲ្យញឹក ឬ បង្ខិតចេញឲ្យស្រឡះ, ឲ្យស្រដាស់។ កាសបន្ទោះឫស្សី ឬ កាសរនាប; អង្គុយកាសឲ្យជិតៗគ្នាបន្តិចទៅ ដើម្បីឲ្យបានចុះគ្នាច្រើន ។
 
រីឯ «កាក់» សំដៅ​លើ​ឈ្មោះអាវមួយបែប​ឥតដៃ។ អាវកាក់៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com