ជាតិ
សង្គមជាតិ
មរណភាពលោក ហ៊ុន ណេង៖ លោក កឹម សុខា ផ្ញើសាររំលែកទុក្ខទៅសម្តេច ហ៊ុន សែន, សម្តេច អរគុណលោក
06, May 2022 , 9:56 am        
រូបភាព
សម្តេច ហ៊ុន សែន (សម្លៀកបំពាក់ពណ៌ស) និង លោក កឹម សុខា ជួបគ្នាក្នុងរោងបុណ្យសពមហាឧបាសិកា ប៊ុន ស៊ាងលី កាលពីអំឡុងខែឧសភា ឆ្នាំ២០២០។ រូបពី AP
សម្តេច ហ៊ុន សែន (សម្លៀកបំពាក់ពណ៌ស) និង លោក កឹម សុខា ជួបគ្នាក្នុងរោងបុណ្យសពមហាឧបាសិកា ប៊ុន ស៊ាងលី កាលពីអំឡុងខែឧសភា ឆ្នាំ២០២០។ រូបពី AP
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានសរសេរសារទៅកាន់សម្តេច ហ៊ុន សែន តាមបណ្តាញសង្គម ដើម្បីបង្ហាញសមានចិត្តរបស់លោក ក្នុងការចូលរួមរំលែកទុក្ខជាមួយសម្តេច និងក្រុមគ្រួសារ ដែលទើបនឹងបាត់បង់បងប្រុសបង្កើត គឺលោក ហ៊ុន ណេង។ លោក ហ៊ុន ណេង សមាជិករដ្ឋសភា និងជាអតីតអភិបាលខេត្តកំពង់ចាម ទទួលមរណភាព ក្នុងវ័យ៧២ឆ្នាំ ដោយជំងឺគាំងបេះដូង កាលពីព្រលប់ម៉ោង៦:២៥នាទី នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។ ប៉ុន្មានម៉ោងក្រោយមក លោក កឹម សុខា ក៏បានសរសេរសាររំលែកទុក្ខជូនទៅសម្តេច ហ៊ុន សែន។



សាររំលែកទុក្ខរបស់លោក កឹម សុខា ទៅកាន់សម្តេចនាយករដ្ឋមន្រ្តី៖«ខ្ញុំ និងភរិយា មានសេចក្តីសោកស្តាយក្រៃលែង ដោយបានទទួលដំណឹងថា ឯកឧត្តម ហ៊ុន ណេង ជាបងប្រុសរបស់សម្តេចតេជោ បានទទួលមរណភាពដោយជំងឺគាំងបេះដូង […]»។ ក្នុងឱកាសដ៏ក្រៀមក្រំបំផុតនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកមរណទុក្ខដ៏ធំធេងជាមួយសម្តេចតេជោនិងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធឯកឧត្តម ហ៊ុន ណេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូមសម្តេចតេជោ ទទួលនូវការគោរពរាប់អានពីខ្ញុំនិងភរិយា»។

សាររបស់សម្តេច ហ៊ុន សែន តបទៅលោក កឹម សុខា៖«តាងនាមឲ្យក្រុមគ្រួសារទាំងមូល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសាររំលែកទុក្ខដែលឯកឧត្តម និងលោកជំទាវ ផ្ញើរមកខ្ញុំនិងក្រុមគ្រួសារ ក្នុងឱកាសនៃការបាត់បង់ដ៏ធំធេងសម្រាប់ខ្ញុំនិងគ្រួសារ។ សូមឯកឧត្តមនិងលោកជំទាវទទួលនូវការស្រឡាញ់រាប់អានពីខ្ញុំនិងក្រុមគ្រួសារ»។

ក្រៅផ្ញើសារតបលោក កឹម សុខា ហើយ សម្ដេច ហ៊ុន សែន ក៏បានបង្ហាញអារម្មណ៍ក្ដុកក្ដួល នៃការបាត់បង់បងប្រុសខ្លួន នៅលើហ្វេសប៊ុក នាព្រឹកថ្ងៃទី៦ ឧសភា ដូច្នេះថា៖«បងប្អូនយើងបែកគ្នាដោយពុំបានលាគ្នា និងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់។ បែកគ្នាលើកនេះបែកជារៀងរហូតហើយ មិនអាចជួបគ្នាវិញបានទេ»។
 
លោក កឹម សុខា ត្រូវបានមើលឃើញថា ជាអ្ននយោបាយ មិនប្រកាន់ជំហររឹងត្អឹង។ កាលពីមហាឧបាសិកា ប៊ុន ស៊ាងលី ម្តាយបង្កើតរបស់សម្តេច ប៊ុន រ៉ានី និងជាម្តាយក្មេករបស់សម្តេច ហ៊ុន សែន ទទួលមរណភាព កាលពីអំឡុងខែឧសភា ឆ្នាំ២០២០ ក៏លោក កឹម សុខា ផ្ញើសាររំលែកទុក្ខជាមួយសម្តេច ហ៊ុន សែន និងក្រុមគ្រួសាររបស់សម្តេចដែរ។ មិនត្រឹមតែផ្ញើសាររំលែកទុក្ខទេ លោក បានទៅគោរពវិញ្ញាណក្ខន្ធមហាឧបាសិកា ប៊ុន ស៊ាងលី ទៀតផង និងបានអង្គុយនិយាយគ្នាជាមួយសម្តេច ហ៊ុន សែន ក្នុងរោងបុណ្យនាពេលនោះ។

សពរបស់លោក ហ៊ុន ណេង តម្កល់ធ្វើបុណ្យនៅគេហដ្ឋានក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ហើយនឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាថ្ងៃទី៩ ខែឧសភា។
 
លោក ហ៊ុន ណេង មានឈ្មោះដើម ហ៊ុន ឡុងសេង កើតនៅថ្ងៃទី ២៥ វិច្ឆិកា ឆ្នាំ១៩៥០ នៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ ហ៊ុន នាង និងម្ដាយឈ្មោះ ឌី ប៉ុក ។ លោក ហ៊ុន ណេង ជាកូនទី២ ក្នុងចំណោមបងប្អូន៦នាក់ ក្នុងនោះស្រី ៣នាក់។ លោក បានរៀបការជាមួយលោកស្រី លាង វួចឆេង នៅឆ្នាំ១៩៧១ និងមានកូន៦នាក់ ក្នុងនោះស្រី៣នាក់។
 
នៅមុនឆ្នាំ១៩៧០ យុវជន ហ៊ុន ណេង បានប្រឹងប្រែងរៀនសូត្រនៅសាលាបឋមសិក្សាពាមកោះស្នា និងបន្តនៅអនុវិទ្យាល័យស្ទឹងត្រង់ ហើយឈានទៅបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងសេដ្ឋកិច្ច និងរដ្ឋបាល នៅឆ្នាំ១៩៩៧។ មិនតែប៉ុណ្ណោះ លោកក៏បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីស្ថាប័នសាកលវិទ្យាល័យជាតិ និងអន្តរជាតិមួយចំនួនទៀតផង។
 
ស្ថិតនៅក្នុងចន្លោះឆ្នាំ ១៩៧០ ដល់ ១៩៧៥ លោកបានទៅរស់នៅក្នុងតំបន់រំដោះស្រុកកំណើត និងក្រោយពេលប្រទេសជាតិធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះ លោកបានចូលបម្រើក្នុងកងទ័ពនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ 
 
ក្រោយប្រទេសជាតិរួចផុតពីរបបខ្មៅងងឹតមក លោក ហ៊ុន ណេង បានទទួលតួនាទីក្នុងមុខតំណែងផ្សេងៗជាបន្តបន្ទាប់ រួមមាន៖ ជាប្រធានមន្ទីរខេត្តកំពង់ចាម នៅឆ្នាំ១៩៧៩, ជាប្រធានមន្ទីរផែនការខេត្តកំពង់ចាម ឆ្នាំ១៩៨១ ,ជាអភិបាលស្រុកក្រូចឆ្មារ ឆ្នាំ១៩៨២ ,ជាអភិបាលខេត្តកំពង់ចាម ឆ្នាំ១៩៨៤ ,ជាអភិបាលខេត្តស្វាយរៀង ឆ្នាំ១៩៩៩ និងវិលត្រឡប់មកធ្វើជាអភិបាលខេត្តកំពង់ចាមវិញ នៅឆ្នាំ២០០៥ មុននឹងត្រូវចូលនិវត្ត នៅឆ្នាំ២០១៣។ 
 
បន្ទាប់ចូលនិវត្តហើយនោះ លោក ហ៊ុន ណេង ក៏បានឈរឈ្មោះ និងជាប់ជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម របស់គណបក្សប្រជាជនកម្ពុជា និងត្រូវជ្រើសតាំងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភាជាតិ រហូតដល់បច្ចុប្បន្ន មុនពេលមរណភាពនេះ។
 
តាមរយៈសកម្មភាពការងារក្នុងជីវិតនេះ លោក ហ៊ុន ណេង ក៏បានទទួលគ្រឿងឥស្សរិយយសជាច្រើនពីព្រះមហាក្សត្រ ផងដែរ។ ក្នុងនោះ ក៏មានគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ព្រះរាជាណាចក្រកម្ពុជា គឺថ្នាក់តូបការ ទៀតផង៕
 


Tag:
 កឹម សុខា
  ហ៊ុន សែន
  មរណភាពហ៊ុន ណេង
© រក្សាសិទ្ធិដោយ thmeythmey.com