ជាតិ
សង្គមជាតិ
លោក កឹម សុខា មានគម្រោងទៅគោរពវិញ្ញាណក្ខន្ធលោក ហ៊ុន ណេង
06, May 2022 , 12:05 pm        
រូបភាព
រូបពី AFP
រូបពី AFP
ដោយ: ថ្មីៗ
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ មានគម្រោងធ្វើដំណើរជាមួយសហការីពីរាជធានីភ្នំពេញ ទៅគោរពវិញ្ញាណក្ខន្ធលោក ហ៊ុន ណេង បងប្រុសបង្កើតរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅខេត្តកំពង់ចាម។ ដោយសារមិនទាន់ទទួលបានព័ត៌មានច្បាស់លាស់ លោក មុត ចន្ថា ជំនួយការរបស់លោក កឹម សុខា ប្រើពាក្យថា លោក កឹម សុខា «ប្រហែលជា» អញ្ជើញទៅ។



ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ លោក មុត ចន្ថា ថ្លែងដូច្នេះថា៖«ខ្ញុំ អាចប្រើពាក្យថា គាត់ ប្រហែលនឹងទៅ។ ប្រហែលជាចន្លោះថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ សប្តាហ៍ហ្នឹង»។

លោក បន្តថា បើលោក កឹម សុខា ទៅគោរពវិញ្ញាណក្ខន្ធលោក ហ៊ុន ណេង ដូចការគ្រោងទុក រូបលោក និងសហការីផ្សេងទៀត នឹងអមដំណើរលោក កឹម សុខា។ លោក បន្ថែមថា ជាខ្មែរដូចគ្នា ជាអ្នកកាន់ព្រះពុទ្ធសាសនា និងជាប្រពៃណីខ្មែរ គឺបុគ្គលម្នាក់ៗ តែងបង្ហាញសមានចិត្តចូលរួមរំលែកទុក្ខជាមួយគ្នា នៅពេលអ្នកណាម្នាក់ បាត់បង់មនុស្សជាទីស្រឡាញ់។

លោក ហ៊ុន ណេង សមាជិករដ្ឋសភា បានទទួលមរណភាព ក្នុងវ័យ៧២ឆ្នាំ ដោយជំងឺគាំងបេះដូង កាលពីព្រលប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។ សពលោក ត្រូវបានកម្កល់ធ្វើបុណ្យ នៅគេហដ្ឋានរបស់លោក ក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។ 

ប៉ុន្មានម៉ោងក្រោយពីការទទួលបានដំណឹងមរណភាពរបស់លោក ហ៊ុន ណេង លោក កឹម សុខា បានសរសេរសារចូលរួមរំលែកទុក្ខ ទៅកាន់សម្តេច ហ៊ុន សែន តាមបណ្តាញសង្គម ហើយសម្តេច ក៏សរសេរសារត្រឡប់ទៅវិញ ដោយបានអរគុណលោក កឹម សុខា។ 

សូមរម្លឹកថា កាលពីមហាឧបាសិកា ប៊ុន ស៊ាងលី ម្តាយបង្កើតរបស់សម្តេច ប៊ុន រ៉ានី និងជាម្តាយក្មេករបស់សម្តេច ហ៊ុន សែន ទទួលមរណភាព ក្នុងអំឡុងខែឧសភា ឆ្នាំ២០២០ ក៏លោក កឹម សុខា បានទៅគោរពវិញ្ញាណក្ខន្ធមហាឧបាសិកា ប៊ុន ស៊ាងលី ដែរ និងបានអង្គុយនិយាយគ្នាជាមួយសម្តេច ហ៊ុន សែន ក្នុងរោងបុណ្យនាពេលនោះ៕ 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com