ពីនេះ ពីនោះ
ចើក, រហើររហាយ, អាស ជាពាក្យ​មិន​ល្អដែល​និយាយចំពោះស្ត្រី
08, May 2022 , 7:29 am        
រូបភាព
វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត មានពន្យល់​សទិសន័យ​ជុំ​វិញ​ការប្រើ​ប្រាស់​ពាក្យ​មិនល្អ​ដែល​ច្រើន​និយាយ​ចំពោះ​តែស្ត្រី។ ពាក្យទាំងនោះ រួមមាន ចើក, រហើររហាយ និង អាស ជាដើម។

 
«ចើក» មានន័យថា ដែលមានចិត្តរហើររហាយ (ស្ដ្រី)។ ស្រីចើក ។ វចនានុក្រម​ តម្រូវឲ្យមើលពាក្យ «អាស»​ បន្ថែម។  ដូចគ្នា​ផងដែរ «អាស» មានន័យថា ដែលឥតបើគិតពីកេរ្តិ៍ខ្មាស, ដែលមានចិត្តនិងឫកពា-រហើ-រហាយឥតអៀនខ្មាស។ ស្រីអាស។
 
បញ្ចោរលើកអាស ឬ ជេរលើកអាស ជេរបញ្ចោរចំអាសចំអូងរំលើកបើកកកាយតាមតែរួចពីមាត់ ។ អាសតាងខ្ទើយ (ពាក្យ​ប្រៀបធៀប) ទទួលរ៉ាប់រងជួយឈ្លោះប្រកែកឬជជែកវែកដៃ ដោយខុសមុខខុសទំនង (ដូចជាស្រីអាសទទួលភារៈជាជំនួសខ្ទើយ); និយាយថា ចើកតាងខ្ទើយ ក៏បាន។
 
រីឯពាក្យ «រហើររហាយ» ក៏មានន័យដូចគ្នាដែរ គឺ ដែលច្រាស់ច្រាល់ដោយកម្លាំងកាមគុណ, ដែលមានសេចក្ដីស្រលាញ់ប្រតិព័ទ្ធរើរុះរវើរវាយហើរពីអ្នកនេះទៅរកអ្នកនោះពីអ្នកនោះទៅរកអ្នកឯណោះ មិនតាំងនៅយូរ ( ច្រើននិយាយចំពោះតែស្ត្រី ឬចិត្តរបស់ស្ត្រី )។ ស្រីរហើររហាយ ; ចិត្តរហើររហាយ ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com