ជាតិ
ក្រសួង៖ បុណ្យឈប់សម្រាកចំថ្ងៃអាទិត្យ មិនត្រូវបានលើកថ្ងៃឈប់ទៀតឡើយ
06, May 2022 , 6:59 pm        
រូបភាព
កម្មកររោងចក្រកំពុងអង្គុយរៀនជំនាញទន់ ដែលរៀបចំបណ្ដុះបណ្ដាលដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (រូបពីទំព័រហ្វេសប៊ុករបស់ក្រសួងការងារ)
កម្មកររោងចក្រកំពុងអង្គុយរៀនជំនាញទន់ ដែលរៀបចំបណ្ដុះបណ្ដាលដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (រូបពីទំព័រហ្វេសប៊ុករបស់ក្រសួងការងារ)
ដោយ៖ វ៉ន ស៊ីចេន
 
ភ្នំពេញ៖ ក្រសួងការងារប្រកាសលែងឲ្យលើកថ្ងៃឈប់សម្រាកទៀតហើយ ប្រសិនបើថ្ងៃបុណ្យឈប់នោះ ចំថ្ងៃអាទិត្យ។ ប៉ុន្តែ បើភាគីបុគ្គលិកនិងថៅកែព្រមព្រៀងគ្នា ធ្វើការនៅថ្ងៃឈប់សម្រាកនោះ ក្រសួងបង្គាប់ឲ្យគិតប្រាក់ថែមម៉ោងគុណនឹងពីរនៃប្រាក់ខែគោល។

 
ក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ បានណែនាំឲ្យកម្មករនិយោជិត និងនិយោជក ដឹងថា ថ្ងៃបុណ្យឈប់សម្រាកចំថ្ងៃអាទិត្យ ពុំត្រូវបានអនុញ្ញាតឲ្យលើកថ្ងៃ ទៅឈប់សម្រាកនៅថ្ងៃបន្ទាប់ទៀតឡើយ។ 
 
យោងតាមសេចក្ដីណែនាំស្ដីពី ការឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ របស់ក្រសួង ដែលចេញថ្ងៃទី៤ ឧសភា បានបន្ថែមថា បុគ្គលិកនឹងទទួលប្រាក់បន្ថែមម៉ោងនៅថ្ងៃឈប់សម្រាក ដែលចំថ្ងៃអាទិត្យនោះ គុណនឹងពីរ បើបុគ្គលិកនិងថៅកែព្រមព្រៀងគ្នា ធ្វើការនៅថ្ងៃបុណ្យឈប់សម្រាកចំថ្ងៃអាទិត្យ។ 
 
ក្រសួងបានបញ្ជាក់ក្នុងសេចក្ដីណែនាំថា៖ «កម្មករនិយោជិតត្រូវទទួលបានប្រាក់ឈ្នួលបន្ថែមម៉ោងនោះ ក្នុងអត្រាស្មើនឹង២០០ភាគរយ នៃប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា»។ 
 
ដូច្នេះ ក្រសួងការងារសង្ឃឹមថា ម្ចាស់សហគ្រាស នាយករោងចក្រ កម្មករនិយោជិត និងអង្គការទាំងអស់ ចូលរួមអនុវត្តតាមសេចក្ដីណែនាំនេះ៕ 
 

Tag:
 ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com