ជាតិ
សេដ្ឋកិច្ច
បណ្តាក្រុមហ៊ុនធំៗ​របស់អាម៉េរិក ស្វែងយល់ឱកាសវិនិយោគបន្ថែមនៅ​​កម្ពុជា
07, May 2022 , 3:29 pm        
រូបភាព
សម្តេច ហ៊ុន សែន និង លោក Michael Michlalk នៅក្នុងជំនួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ច US- ASEAN)  រូបថត ៖ SPM
សម្តេច ហ៊ុន សែន និង លោក Michael Michlalk នៅក្នុងជំនួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ច US- ASEAN) រូបថត ៖ SPM
ដោយ៖ ធន់ សេងហុង 
 
បណ្តាក្រុមហ៊ុនធំៗរបស់អាម៉េរិក ​បានស្វែងយល់ពីសក្តានុពល​ ភាពរីកចម្រើននៅកម្ពុជា ក្នុងការចាប់ឱកាសបណ្តាក់ទុនវិនិយោគបន្ថែម។  ក្រុមហ៊ុនទាំងនេះ ភាគច្រើនមកពីវិស័យ រថយន្ត បច្ចេកវិទ្យា សុខាភិបាល ជាពិសេសវិស័យថាមពល បានមើលឃើញពីតម្រូវការទីផ្សារខ្ពស់នៅកម្ពុជា។

 
ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន​ (USA–ASEAN Business Council US-ABC) ជំនួបនេះ ដឹកនាំដោយលោក Michael Michlalk  អនុប្រធានជាន់ខ្ពស់នៃនាយកគ្រប់គ្រងប្រចាំតំបន់ នៃក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ​លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា​ និងតំណាងក្រុមហ៊ុន​អាម៉េរិកចំនួន១៣ បានជួបជាមួយ សម្តេច ហ៊ុន សែន  នៅថ្ងៃទី៥ ខែឧ​សភា ដើម្បីស្វែងយល់ពីសក្តានុពល ឱកាសបណ្តាក់វិនិយោគនៅកម្ពុជា​។ ​
 
ក្នុងជំនួបនេះ លោក Michael Michlalk បានថ្លែងអំណរគុណ សម្តេច ហ៊ុន សែន ដែលបានជួយគាំទ្រក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ហើយលោក ក៏គាំទ្រ និងសាទរចំ​ពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាដែរ។ សម្រាប់ Michael Michalak ​ ភាពដឹកនាំរបស់សម្តេច ហ៊ុន សែន ​បានដើរតួនាទីបានយ៉ាងល្អសម្រាប់តំបន់ ជាពិសេសសម្រាប់បញ្ហានៅមីយ៉ាន់ម៉ា។
 
​អនុប្រធានជាន់ខ្ពស់នៃនាយកគ្រប់គ្រងប្រចាំតំបន់ នៃក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ក៏បាន​វាយតម្លៃខ្ពស់ ចំពោះភាពជោគជ័យរបស់កម្ពុជា ក្នុងការ​ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រហូតដល់ការបើកឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា។
 
នៅក្នុងជំនួបនេះ ឯកឧត្តម Michael Michalak បានលើកឡើងបំណងពង្រីកស្ថានីយប្រេង និងលទ្ធភាពវិនិយោគស្ថានីយសាកថ្មរថយន្តអគ្គិសនី និងឱកាសសហការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពល រួមមានការពង្រឹង និងបង្កើនស្តង់ដារបណ្តាញបញ្ជូនអគ្គិសនី ការគ្រប់គ្រងថាម​ពល និងប្រព័ន្ធសន្សំសំចៃថាមពល​។ ក្រៅពីផ្នែកថាមពល លោក Michael ក៏លើកឡើងពីបំណងចូលរួម​ជំរុញកសាងសមត្ថភាព របស់សហគ្រាសធុនតូច និងមធ្យម បច្ចេកវិទ្យា​ ការជំរុញសេដ្ឋកិច្ច​ឌីជីថល និងសុខាភិបាលនៅកម្ពុជាដែរ។
 
ជាការឆ្លើយតប សម្តេច ហ៊ុន សែន បានអរគុណដល់សហរដ្ឋអាម៉េរិក ដែលបានផ្ដល់វ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជា។ ប្រមុខរដ្ឋាភិបាល បានប្រាប់ទៅប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ានថាកម្ពុជា កំពុងតែប្រើប្រាស់អគ្គិសនី ដែលផលិតដោយវារីអគ្គិសនីសរុបទាំងអស់មាន ៦៤,៣៩ភាគរយ អំពីសូឡា ៤.១ភាគរយ និងជីវឧស្ម័នចំនួន ០,២៨ភាគរយ។ ប្រមុខរដ្ឋាភិបាល បានលើកទឹកចិត្តឱ្យក្រុមហ៊ុនទាំងអស់ បន្តវិនិយោគ និងស្វែងរកសក្តានុពលវិនិយោគផ្សេងៗទៀតនៅកម្ពុជា នាពេលខាងមុខ។ 
 
សូមជម្រាបជូនថា ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជានិងអាម៉េរិក សម្រេចបានក្នុងរង្វង់ទឹកប្រាក់ ២,២ពាន់លានដុល្លារ នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២២នេះ​។ ទំហំនេះ បានកើនឡើងរហូតដល់ ៤១,៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានទឹកប្រាក់ជាង ១,៥ពាន់លានដុល្លារ៕

Tag:
 អាម៉េរិក
  វិនិយោគ
© រក្សាសិទ្ធិដោយ thmeythmey.com