ជាតិ
សង្គមជាតិ
កញ្ញា ចាន់សូលីនដា៖ វេទិកាតស៊ូមតិ«នារី»បង្កើតឡើងដើម្បីចូលរួមឱ្យសង្គម មានសមភាពយេនឌ័រ
07, May 2022 , 9:59 pm        
រូបភាព
កញ្ញា ជាតិ ចាន់សូលីនដា ស្ថាបនិកវេទិកា «នារី»
កញ្ញា ជាតិ ចាន់សូលីនដា ស្ថាបនិកវេទិកា «នារី»
ដោយ៖ លិវ លីម៉ឹង (Liv liming)
 
ភ្នំពេញ៖ «នារី» ជាវេទិកាតាមប្រព័ន្ធអនឡាញមួយ ដែលធ្វើឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) និងអ៊ិនស្តា្រក្រាម (Instagram) ក្នុងគោលដៅលុបបំផុតនូវផ្នត់គំនិតអវិជ្ជមាននានារបស់សង្គម តាមរយៈការផលិតវីដេអូអប់រំ​។ បើតាមកញ្ញា ជាតិ ចាន់សូលីន​ដា ស្ថាបនិក«នារី» វេទិកានេះបង្កើតឡើងតាំងពីចុងឆ្នាំ២០១៩មក ដើម្បីចូលរួមធ្វើឱ្យសង្គមមានសមភាពយេនឌ័រ ដោយបុរស ស្រ្តី និងក្រុមអ្នកស្រលាញ់ភេទដូចគ្នា មានស្មើគ្នាក្នុងការធ្វើអ្វីមួយ។

 
«ខ្ញុំស្អាត អ្នកស្អាត» ជាយុទ្ធនាការមួយ​នៅលើបណ្តាញសង្គម ​ដែលធ្វើឡើងដើម្បីលុបបំ​បាត់នូវផ្នត់គំនិតអវិជ្ជមានរបស់សង្គម ដែលទាក់ទងនឹងការកំណត់ស្តង់ដារសម្រស់ ទៅដល់អ្នកដទៃ។ នេះជាការលើកឡើងរបស់ កញ្ញា ជាតិ ចាន់សូលីនដា ដោយបញ្ជាក់ថា ការសម្រេចចិត្តធ្វើយុទ្ធនាការនេះ​ គឺដើម្បីធ្វើឱ្យសង្គម លុបបំបាត់នូវការរើសអើងគ្នាទៅវិញទៅមក។ កញ្ញា ចាន់សូលីនដា​ និយាយដូច្នេះ៖ «យុទ្ធនាការខ្ញុំស្អាត-អ្នកស្អាត [ធ្វើឡើង] ដើម្បីលុបបំបាត់នូវផ្នត់គំនិតអវិជ្ជមាន ទាក់ទងនឹងការកំណត់ស្តង់ដារសម្រស់ ទៅលើអ្នកដទៃ មិនថាស្រ្តី បុរស ឬអ្នកស្រឡាញ់ភេទដូចគ្នាទេ។​ ទោះជាគាត់ធាត់ ឬស្គម ឬមានរូបរាងបែបណា​ក៏ដោយ ក៏គាត់ស្អាតបែបគាត់។ ពីព្រោះស្តង់ដារនៃភាពស្អាត គឺខ្ញុំស្អាត អ្នកស្អាត យើងទាំងអស់គ្នាស្អាត»។ 
 
 
ក្រៅពីនេះ នារីក៏បានធ្វើយុទ្ធនាការម្ចាស់កូដសម្លៀកបំពាក់ផងដែរ។ កញ្ញា ចាន់សូលីនដា​ បន្តរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ (ThmeyThmey) ថា ៖ « [ការធ្វើយុទ្ធនាការនេះ គឺ]  ដើម្បីផ្តល់សិទ្ធិសេរីភាព និងជម្រើសទៅដល់គ្រប់គ្នាក្នុងការស្លៀកពាក់  ហើយប្រសិនបើការរំលោភផ្សេងៗ យើងត្រូវបឈ្ឈប់វប្បធម៌បន្ទោសជនរងគ្រោះ»។
 
ការផ្លាស់ប្តូរគំនិតអវិជ្ជមានរបស់សង្គម ជារឿងមួយចាំបាច់ណាស់ ដែលមនុស្សគ្រប់រូបត្រូវចូលរួមអនុវត្ត សម្រាប់ជួយដល់អនាគតខ្លួនឯងនោះទេ និងសម្រាប់មនុស្សជំនាន់ក្រោយ​ទៀត។ «ជារឿងចាំបាច់ណាស់ ដែលយើងត្រូវផ្លាស់ប្តូរគំនិតអវិជ្ជមានរបស់សង្គម ហើយការផ្លាស់ប្តូរគឺត្រូវចូលរួមអស់គ្នា មិនថាមនុស្សស្រី មិនថាមនុស្សប្រុស ឬអ្នកស្រលាញ់ភេទដូចគ្នានោះទេ ជាពិសេសគឺសង្គមទាំងមូលតែម្តង។ ចាស់ ក្មេង ត្រូវចូលរួមទាំងអស់គ្នា ក្នុងការផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមានហ្នឹងមិនត្រឹមតែខ្លួនឯងទេ គឺដើម្បីមនុស្សជំនាន់ក្រោយទៀត ដោយពួកគាត់អាចធ្វើអ្វីបានទៅតាមចំណងចំណូល ចិត្តឬទៅតាមបេះដូងដែលពួកគាត់ស្រលាញ់»។ នេះជាការៀបរាប់បន្ថែមរបស់កញ្ញា ចាន់សូលីនដា៕

Tag:
 ស្រ្តី
  កញ្ញា ជាតិ ចាន់សូលីនដា
  BBC
© រក្សាសិទ្ធិដោយ thmeythmey.com