ជាតិ
សង្គមជាតិ
អាជ្ញាធរព្រះសីហនុ បានរុះស្លាកយីហោសរសេរអក្សរខ្មែរខុស ក្រោយធ្វើឱ្យប៉ះពាល់អត្តសញ្ញាណជាតិ
09, May 2022 , 4:12 pm        
រូបភាព
ក្រុមការងារមន្ទីរវប្បធម៌ បានសហការជាមួយសាលាក្រុងខេត្តព្រះសីហនុ ចុះរុះរើផ្លាកយីហោដែលសរសេរអក្សរខ្មែរខុស ១កន្លែង ស្ថិតនៅក្នុងភូមិ៤ សង្កាត់៤ កាលពីថ្ងៃទី៦ ឧសភា ២០២២
ក្រុមការងារមន្ទីរវប្បធម៌ បានសហការជាមួយសាលាក្រុងខេត្តព្រះសីហនុ ចុះរុះរើផ្លាកយីហោដែលសរសេរអក្សរខ្មែរខុស ១កន្លែង ស្ថិតនៅក្នុងភូមិ៤ សង្កាត់៤ កាលពីថ្ងៃទី៦ ឧសភា ២០២២
ដោយ៖ ញឹក សំអូន

ព្រះសីហនុ៖ មន្ទីរវប្បធម៌ខេត្តព្រះសីហនុ បានរុះស្លាកយីហោសរសេរអក្សរខ្មែរខុសមួយកន្លែង កាលពីថ្ងៃទី៦ ឧសភា ក្រោយធ្វើឱ្យប៉ះពាល់អត្តសញ្ញាណជាតិ ។ ការរុះរើនេះ ក្រោយពីមានមតិរិះគន់លើហ្វេសប៊ុក និងស្របពេលអាជ្ញាធរកំពុងយកចិត្តទុកដាក់លើបញ្ហាបរទេស ដែលមករកស៊ីនៅកម្ពុជា ហើយសរសេរអក្សរខ្មែរខុស។


លោក ប៊ុត បុប្ផា ប្រធានស្ដីទីមន្ទីរវប្បធម៌ខេត្តព្រះសីហនុ បានលើកឡើងថា មន្រ្តីទទួលបន្ទុកលើការងារនេះ តែងតែចុះទៅណែនាំដល់ម្ចាស់ទីតាំង។ បើមានករណីសរសេរអក្ខរាវិរុទ្ធខុស ក្រុមការងារ នឹងឱ្យពួកគេកែតម្រូវឱ្យត្រឹមត្រូវវិញ។ ក្រោយពិនិត្យហើយ មន្រ្តីជំនាញវប្បធម៌ខេត្ត បានចុះរុះរើស្លាកយីហោអាហារដ្ឋានវៀតណាមមួយកន្លែង ដែលសរសេរមិនត្រឹមត្រូវតាមអក្ខរាវិរុទ្ធខ្មែរ កាលពីថ្ងៃទី៦ ឧសភា។
 
បើតាមលោក ប៊ុត បុប្ផា ករណីនេះ និងផ្សេងទៀត ភាគច្រើនមកពីអាជីវករ ឬអាជីវកម្មខ្លះ មិនបានសុំច្បាប់ពីអាជ្ញាធរពាក់ព័ន្ធ ហើយលើកស្លាកឡើងដោយខ្លួនឯង។ 
 
ទាក់ទិនរឿននេះ មន្ទីរវប្បធម៌ខេត្ត មិនមានការផាកពិន័យជាទឹកប្រាក់នោះទេ។ ប៉ុន្តែអាជ្ញាធរចុះរុះរើហើយ ម្ចាស់ទីតាំងទទួលខុសត្រូវដោយខ្លួនឯង និងចេញថ្លៃសំណងក្នុងការរុះរើ។ ប្រសិនបើម្ចាស់ទីតាំងនៅតែរារាំងអាជ្ញាធរ ពួកគេនឹងប្រឈមមុខច្បាប់។ នេះបើតាមលោក ប៊ុត បុប្ផា ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) តាមទូរស័ព្ទ ។
 
លោកបញ្ជាក់ថា ៖«ពួកគាត់ផលិតស្លាកយីហោខុស មកពីបងប្អូនជនបរទេសមួយចំនួន គាត់យកតាម Google Translate។ មួយទៀតផលិតចេញមកមិនដឹងថា អក្សរនោះខុស និងមិនបានឆ្លងកាត់អ្នកជំនាញ។ គាត់ផលិតពីស្រុកចិនមក ពីភ្នំពេញមក ហើយយកមកតម្លើងនៅទីនេះ»។
 
មន្តី្រមន្ទីរវប្បធម៌ខេត្តព្រះសីហនុ បានណែនាំឱ្យអាជីវករ ត្រូវទៅសុំនៅមន្ទីរពាណិជ្ជកម្ម ឬច្រកចេញចូលតែមួយ នៃរដ្ឋបាលក្នុងស្រុក ដើម្បីស្នើសុំវិញ្ញាបណ្ណប័ត្រប្រកបអាជីវកម្ម ដែលអាចឈានទៅលើស្លាកយីហោ ផ្ទាំងប៉ាណូ ។ បន្ទាប់មកត្រូវទៅបង់ពន្ធដា ទើបអាចស្នើទៅមន្ទីរវប្បធម៌ ដើម្បីសុំលើកដាក់ស្លាកយីហោនោះ។
 
ការលើកស្លាកយីហោនេះ មានប្រភេទខុសៗគ្នា ដោយស្លាកយីហោ ៤ម៉ែត្រការ៉េចុះ ស្នើត្រឹមរដ្ឋបាលក្រុងស្រុក ហើយចាប់ពី ៤ម៉ែត្រការ៉េឡើង ស្នើនៅរដ្ឋបាលខេត្ត។ នេះបើតាមលោក បុប្ផា។ 
លោកបន្តថា កាលពីមុនបរិបទកូវីដ-១៩ ករណីសរសេរអក្ខរាវិរុទ្ធខុស នៅខេត្តព្រះសីហនុ មានប្រមាណ ៨០០កន្លែង។ បន្ទាប់មកចុះនៅសល់ជាង ៤០០កន្លែង និងក្រោយបរិបទកូវីដ-១៩ ថយចុះជាបន្តបន្ទាប់នៅសល់ជាង ១០០កន្លែង។ 
 
លោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុ បានឱ្យដឹងថា អាជ្ញាធរនៅតែបន្តអនុវត្ត និងចុះណែនាំដល់ម្ចាស់អាជីវកម្ម ដែលលើកស្លាកយីហោ ហើយសរសេរអក្សរខ្មែរខុសអក្ខរាវិរុទ្ធ។ 
ការណែនាំនេះ តម្រូវឱ្យម្ចាស់ទីតាំងកែឱ្យត្រូវអក្សរខ្មែរវិញ និងធ្វើកិច្ចសន្យាជាមួយអាជ្ញាធរ។ ប្រសិនបើពួកគេមិនកែតម្រូវទេ អាជ្ញាធរមិនអនុញ្ញាតឱ្យបើកអាជីវកម្មទេ។
 
«មិនមែននៅតែខេត្តព្រះសីហនុទេ ប្រហែលជាមានកន្លែងផ្សេងទៀតក៏មានដែរ។ តែអាជ្ញាធរមើលមិនអស់ ហើយក៏មិនមែនអាជ្ញាធរអត់ចុះមើលដែរ។ ពេលខ្លះម្ចាស់ទីតាំងលើកស្លាកយីហោដោយចិត្តឯងមិនបានប្រាប់អាជ្ញាធរ»។ នេះបើតាមការអះអាងរបស់លោក ឃាង ភារម្យ។
 
អ្នកនាំពាក្យខេត្តព្រះសីហនុ បានសង្កត់ថា ប្រសិនបើប្រជាពលរដ្ឋប្រទះឃើញទីតាំង ឬភោជនីយដ្ឋាន ដែលស្លាកយីហោសរសេរអក្សរខ្មែរខុស ត្រូវផ្ដល់ព័ត៌មានជូនអាជ្ញាធរ ដើម្បីចុះទៅអន្តរាគមន៍ កុំឱ្យមានបន្តសរសេរខុសទៀត។
 
លោក ឈត ប៊ុនថង មន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា បានបន្ថែមថា បច្ចុប្បន្នបញ្ហាអក្ខរាវិរុទ្ធអក្សរខ្មែរ គឺមានកំហុសច្រើនស្ទើតែគ្រប់កន្លែង ហើយអក្សរខ្មែរ មានច្រើនបែប អាចមន្រ្តីពាក់ព័ន្ធមិនបានមើលគ្រប់ជ្រុងជ្រោយ។ 
 
បើតាមលោក ឈត ប៊ុនថង ស្លាកតូចធំ នៅតាមខណ្ឌមានច្រើន ដែលធ្វើឱ្យអាជ្ញាធរអាចមាន ចន្លោះប្រហោងក្នុងការត្រួតពិនិត្យ។ លោក បញ្ជាក់បែបនេះ៖«អ្នកសរសេរស្លាកក៏ពុំបានដឹងថា ពាក្យនោះសរសេរយ៉ាងណានោះដែរ ដូច្នេះគាត់មិនដឹងមានកំហុសក៏សរសេរតាមហ្នឹង។ បើអាជ្ញាធរមិនបានមើល ឬបុគ្គលអាជ្ញាធរខ្លះគាត់មិនចេះអក្សរទៀត អ៊ឹចឹងមិនដឹងអ្នកណាជួយអ្នកណាបានទេ»។
 
ចំពោះការសរសេរអក្សរខ្មែរខុសនេះ អាចមានផលប៉ះពាល់ច្រើន ដូចជា អាចបង្ហាញឱ្យឃើញពីការប្រើប្រាស់ភាសាខ្មែរ មិនមានក្បួនខ្នាត។ ម្យ៉ាងទៀត ក៏ប៉ះពាល់ទៅលើកុមារ ឬយុវជនដែលនៅរៀនថ្នាក់ទាបៗដែរ។ ពួកគេមិនដឹងថាពាក្យ ឬអក្សរទាំងនោះ សរសេរបែបណា និងអក្ខរាវិរុទ្ធបែបណា ទើបត្រឹមត្រូវ។ នេះបើតាមលោក ប៊ុនថង ដែលបានបន្ថែមថា អាជ្ញាធរពាក់ព័ន្ធ មិនបានយកចិត្តទុកដាក់ ត្រួតពិនិត្យល្អិតល្អន់ ទើបបណ្ដោយឱ្យមានកំហុសកើតឡើងដដែលៗ នៅលើផ្លាកសញ្ញា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com