ជាតិ
សង្គមជាតិ
អាជ្ញាធរកំពង់ឆ្នាំង បានរុះរើដំបូលជញ្ជាំង«បែរ​ចិញ្ចឹម​ត្រី» និងបង្គន់តាមដងទន្លេសាប ដើម្បីការពារបរិស្ថាន
09, May 2022 , 9:59 pm        
រូបភាព
រូបតំណាង៖ ផ្ទះបណ្ដែតទឹក នៅតំបន់ទន្លេផ្សារក្រោម ក្នុងសង្កាត់ផ្សារឆ្នាំង មុនពេលអាជ្ញាធរបណ្ដេញពលរដ្ឋទាំងនោះ ឱ្យឡើងរស់នៅលើគោកវិញ។ រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ឆ្នាំង
រូបតំណាង៖ ផ្ទះបណ្ដែតទឹក នៅតំបន់ទន្លេផ្សារក្រោម ក្នុងសង្កាត់ផ្សារឆ្នាំង មុនពេលអាជ្ញាធរបណ្ដេញពលរដ្ឋទាំងនោះ ឱ្យឡើងរស់នៅលើគោកវិញ។ រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ឆ្នាំង
ដោយ៖ ញឹក សំអូន

អាជ្ញាធរខេត្តកំពង់ឆ្នាំង អនុញ្ញាតឱ្យប្រជាពលរដ្ឋរស់នៅតាមដងទន្លេសាប អាចប្រកបរបរចិញ្ចឹមត្រីនៅក្នុងបែរ ប៉ុន្តែតម្រូវឱ្យរុះរើដំបូល ជញ្ជាំងកសិដ្ឋាន​ចិញ្ចឹម​ត្រីចេញ។ ទន្ទឹមនឹងនោះ អាជ្ញាធរ ក៏មិនអនុញ្ញាត​ឱ្យមានបង្គន់អនាម័យនៅលើទឹកដែរ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។



លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា នៅតាមដងទន្លេសាប មិនមានប្រជាជនរស់នៅលើផ្ទះបណ្ដែតទឹកទៀតនោះទេ បន្ទាប់ពីអាជ្ញាធរ បានឱ្យពួកគេទៅរស់នៅលើគោក។ ប៉ុន្តែពួកគេនៅប្រកបរបរចិញ្ចឹមត្រី ដែលមានប្រមាណ ៧៥០បែរ។ 
 
អាជ្ញាធរអនុញ្ញាតឱ្យពួកគេចិញឹមត្រី តែមិនឱ្យរស់នៅលើទឹកទេ ព្រោះខ្លាចពួកគេបន្ទោបង់ ឬបោះកាកសំណល់ចូលក្នុងទន្លេ។ បច្ចុប្បន្នដំបូល ជញ្ជាំងបែរចិញ្ចឹមត្រី និងបង្គន់អនាម័យ បានរុះរើរួចរាល់១០០ភាគរយហើយ។ នេះបើតាមលោកអភិបាលខេត្តកំពងឆ្នាំង បានប្រាប់សារព័ត៌មានថ្មីៗ (ThmeyThmey)តាមទូរស័ព្ទ នាព្រឹកថ្ងៃទី ០៩ឧសភា។
 
លោក សុវណ្ណារិទ្ធ បន្តថា៖ «យើងត្រូវការរុះបង្គន់ រុះដំបូល និងជញ្ជាំង។ បើសិនជាយើងមានបង្គន់ មានដំបូល មានជញ្ជាំង មនុស្សនឹងនៅលើទឹកដដែល។ អ៊ីចឹងមនុស្សនៅដដែល នឹងបន្ទោបង់លាមកចូលក្នុងទន្លេ ដូច្នេះវាខូចបរិស្ថាន»។ 
 
បើតាមអភិបាលខេត្តកំពង់ឆ្នាំងរូបនេះ ពលរដ្ឋទាំងនោះ មិនបានជំទាស់លើចំណាត់ការរបស់អាជ្ញាធរឡើយ។ «ប្រជាពលរដ្ឋគាត់យល់ស្របឱ្យរុះរើទាំងស្រុង ព្រោះយើងមានរបៀប នៃការធ្វើការរបស់យើង។ ពួកគាត់ដឹងថា គាត់ធ្វើខុស អ៊ីចឹងគាត់យល់ស្របឱ្យរុះរើ»។ នេះជាការបញ្ជាក់របស់លោក សុវណ្ណារិទ្ធ ដែលបានបន្ថែមថា នៅតាមដងទន្លេសាបនៃទឹកដីខេត្តនេះ គឺមានតែបែរចិញ្ចឹមត្រីប៉ុណ្ណោះ។ 
 
បច្ចុប្បន្នប្រជាពលដែលនៅតាមដងទន្លេ មានចម្រុះជាតិសាសន៍ ទាំងជនជាតិខ្មែរ វៀតណាម និងខ្មែរអ៊ីស្លាម។ ពួកគេប្រើប្រាស់ទឹកទន្លេ ហើយអ្នកខ្លះទិញទឹកសុទ្ធប្រើ និងអ្នកខ្លះប្រើប្រាស់ទឹករបស់រដ្ឋ។ 
 
កន្លងមក អាជ្ញាធរបានចុះដេញប្រជាពលរដ្ឋ ដែលរស់នៅលើផ្ទះបណ្ដែតទឹកមានប្រមាណ ៤ ០០០គ្រួសារ។ បច្ចុប្បន្នពួកគេបានទៅរស់នៅលើគោក ដែលជាទីតាំងអាជ្ញាធរខេត្តបានរៀបចំឱ្យពួកគេ និងអ្នកខ្លះមានផ្ទះដោយខ្លួនឯង។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន សុវណ្ណារិទ្ធ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com