ជាតិ
សង្គមជាតិ
គ.ជ.ប បោះពុម្ពសន្លឹកឆ្នោតជាង ១ពាន់ប្រភេទ សម្រាប់បោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥
10, May 2022 , 10:07 am        
រូបភាព
រូបពីហ្វេសប៊ុក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
រូបពីហ្វេសប៊ុក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ដោយ៖ ញឹក សំអូន

ភ្នំពេញ៖ លោក ហង្ស ពុទ្ធា សមាជិក និងជាប្រធានក្រុមអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គ.ជ.ប បានបោះពុម្ពសន្លឹកឆ្នោត ១៦៥២ប្រភេទ ស្មើនឹង ១៦៥២ឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតអាណត្តិនេះ ។


សន្លឹកឆ្នោតជាង១ពាន់ប្រភេទខុសៗគ្នា​ ព្រោះអាស្រ័យតាមចំនួនគណបក្សនយោបាយ ដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងតាមលទ្ធផលនៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយដាក់លើសន្លឹកឆ្នោត នៅតាមឃុំ-សង្កាត់នីមួយៗ។ នេះបើតាមលោក ពុទ្ធា។
 
បើតាមអ្នកនាំពាក្យរូបនេះ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការមានចំនួន ៩ ២០៥ ៦៨១នាក់ ខណៈការិយាល័យបោះឆ្នោតមាន ២៣ ៦០២ការិយាល័យ។ សន្លឹកឆ្នោតត្រូវបោះពុម្ពប្រមាណ ១១លានសន្លឹក ហើយសន្លឹកឆ្នោតបម្រុងមានប្រមាណ ១លានសន្លឹក។ 
 
លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា សន្លឹកឆ្នោតដែលបោះពុម្ពនេះ មានលក្ខណៈពិសេស និងមានភាពសម្ងាត់ ដែលគ្មានជនណាម្នាក់អាចយកទៅបោះពុម្ពក្លែងបន្លំបានឡើយ។ ក្រុមហ៊ុ​នដែលដេញថ្លៃបានតាមអនុវត្តនីតិវិធីហិរញ្ញវត្ថុ ដែលត្រូវធានាសុវត្ថិភាពចំពោះ គ.ជ.ប ក្នុងការបោះពុម្ពសន្លឹកឆ្នោត។
 
ដោយឡែកគណបក្សនយោបាយ ៨គណបក្ស បានចូលរួមពិនិត្យ និងសង្កេតមើលសង្វាក់នៃការបោះពុម្ពសន្លឹកឆ្នោតនៅរោងពុម្ព ដែលរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្ពុជានិយម គណបក្សរស្មីខេមរា និងតំណាងអង្គការសមាគមចំនួន៩ ព្រមទាំងអ្នកសារព័ត៌មាន ប្រមាណ ៤០នាក់។ នេះបើតាមលោក ហង្ស ពុទ្ធា។
 
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ប្រាប់​ប្រជាពលរដ្ឋ​ដែលទៅបោះឆ្នោត ត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ និងអត្តសញ្ញាណប័ណ្ណសញ្ជិតខ្មែរ ដែលមានសុពលភាព។ សម្រាប់អ្នកមិនមានអត្តសញ្ញាណប័ណ្ណ ឬអស់សុពលភាព បាត់ និងខូច ត្រូវទៅ​ស្នើសុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ បម្រើ​ឱ្យ​ការបោះឆ្នោត​នៅ​គណៈកម្មការ​ឃុំ​-សង្កាត់​ រៀបចំ​ការបោះឆ្នោត​រយៈពេល ៣០ថ្ងៃ​ចាប់ពី​ថ្ងៃទី ​៥ឧសភា ដល់​ថ្ងៃទី​ ៣ មិថុនា ឆ្នាំ​ ២០២២​៕
 

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com