ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវីរបស់លោក កឹម សុខា សរសេរសំណើររួចហើយ ត្រៀមដាក់ជូនតុលាការឲ្យកោះហៅបរទេសចូលបំភ្លឺ
11, May 2022 , 8:59 pm        
រូបភាព
លោក កឹម សុខា ទៅចូលរួមសវនាការនាពេលកន្លងមក (រូបពី AFP)
លោក កឹម សុខា ទៅចូលរួមសវនាការនាពេលកន្លងមក (រូបពី AFP)
ដោយ៖ ទេពញាណ 
 
ក្រុមមេធាវីរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានត្រៀមសំណើរួចរាល់ហើយ ដើម្បីដាក់ជូនទៅចៅក្រម សុំឲ្យអញ្ជើញតំណាងរដ្ឋបរទេស ចូលបំភ្លឺក្នុងសំណុំរឿងរបស់លោក កឹម សុខា។ អ្នកស្រី ម៉េង សុភារី មេធាវីម្នាក់ក្នុងចំណោមមេធាវីទាំង៤នាក់របស់លោក កឹម សុខា បានផ្តល់ព័ត៌មាននេះដល់អ្នកកាសែត នៅមុខតុលាការភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ក្រោយចាកចេញពីសវនាការ។



អ្នកស្រី ម៉េង សុភារី ថ្លែងដូច្នេះថា៖«យើងដឹងហើយ អនុសញ្ញាទីក្រុងវីយេន គឺអត់អាចកោះហៅមន្រ្តីទូត ឬមួយក៏កុងស៊ុលទេ យើង មិនមែនកោះហៅមន្រ្តីទូតទេ ព្រោះ​ វាទាក់ទងនឹងប្រទេស យើង អញ្ជើញតំណាងប្រទេស គឺយើង ស្នើសុំឲ្យមានការកោះហៅប្រទេសហ្នឹងតែម្តង ក្នុងអនុសញ្ញាទីក្រុងវីយេន គឺអត់មានបាននិយាយថា អញ្ជើញមិនបាននោះទេ»។ 
 
អ្នកស្រីមេធាវី អះអាងថា ក្រោយឆ្លងកាត់ការពិភាក្សាគ្នាចុងក្រោយរួចហើយ សំណើនេះ នឹងត្រូវដាក់ជូនទៅចៅក្រម។ យ៉ាងណា អ្នកស្រី ពុំបានបញ្ជាក់កាលបរិច្ឆេទជាក់លាក់នោះទេថា ក្រុមមេធាវី នឹងពិភាក្សាគ្នាជាលើកចុងក្រោយពីសំណើនេះនៅពេលណា ហើយនឹងត្រូវដាក់ជូនចៅក្រមនៅពេលណា។
 
តំណាងអយ្យការ បានចោទរដ្ឋបរទេសមួយចំនួន ថាជាប់ពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក កឹម សុខា ដូច្នេះហើយ ទើបបានជាក្រុមមេធាវីរបស់លោក កឹម សុខា ចង់ឲ្យមានការកោះហៅតំណាងរដ្ឋបរទេសទាំងនោះ ដើម្បីចូលផ្តល់ចម្លើយក្នុងនាមជាសាក្សី។ មេធាវីម្នាក់ទៀតរបស់លោក កឹម សុខា គឺលោក អាង ឧត្តម ធ្លាប់លើកឡើងនៅមុខតុលាការភ្នំពេញ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ថា ក្រុមមេធាវី អាចនឹងដាក់សំណើទៅតុលាការ នៅចុងខែមេសានេះ ឬអាចដើមខែឧសភា។
 
ចំណែកលោក ផែង ហេង ជាមេធាវីរបស់លោក កឹម សុខា ដែរនោះ និយាយនៅមុខតុលាការភ្នំពេញ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ថា បរទេស ដែលក្រុមមេធាវី ចង់ឲ្យតុលាការកោះហៅ មានជាអាទិ៍ អាម៉េរិក អាល្លឺម៉ង់ សហភាពអឺរ៉ុប ។ល។ រួមទាំង អង្គការអន្តរជាតិមួយចំនួន មានជាអាទិ៍ ទីភ្នាក់ងារ​សហរដ្ឋអាម៉េរិក​សម្រាប់​ការអភិវឌ្ឍអន្ដរជាតិ (USAID) មជ្ឈមណ្ឌលសិក្សាគោលនយោបាយអាល្លឺម៉ង់ (Konrad-Adenaur) ។ល។ 
 
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បកស្រាយតាមរយៈសំណេរលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ថា លោក កម្រឃើញមានណាស់ ឬមិនមានតែម្តង ដែលទូតបរទេស ត្រូវបានតុលាការនៃរដ្ឋម្ចាស់ផ្ទះ កោះហៅ។ អ្នកនាំពាក្យរូបនេះ បរិយាយថា៖«អ្នកចេះច្បាប់អន្តរជាតិ យល់ច្បាស់អំពីអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូតរវាងរដ្ឋ និងរដ្ឋ។ ជាទិដ្ឋភាពច្បាប់ ទូតបរទេស តែងមានអភ័យឯកសិទ្ធិ ហើយមិនចំណុះទៅនឹងអំណាចតុលាការនៃរដ្ឋម្ចាស់ផ្ទះទេ។ តើនៅក្នុងទំនាក់ទំនងការទូត ដែលឃើញមានតុលាការនៃរដ្ឋម្ចាស់ផ្ទះ កោះហៅទូតបរទេសចូលទៅតុលាការដែរឬទេ? សូម្បីតែរឿងរដ្ឋប្បវេណី ក៏កម្រនឹងកើតមាន ឬមិនដែលកើតមានផង កុំថាឡើយដល់សំណុំរឿងព្រហ្មទណ្ឌ»។
 
ផ្អែកតាមប្រសាសន៍របស់អ្នកស្រី ម៉េង សុភារី គឺក្រុមមេធាវីរបស់លោក កឹម សុខា ចង់ស្នើឲ្យកោះហៅតំណាងរដ្ឋបរទេស ដែលមិនមែនជាទូត មន្រ្តីទូត ឬកុងស៊ុល។ 
 
សូមរម្លឹកថា លោក កឹម សុខា ជាប់ចោទពីបទសន្ទិដ្ឋភាពជាមួយបរទេស ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧មក។ បទចោទនេះ សំដៅថា លោក គប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ តុលាការ បានបើកសវនាការលើកទី៣៩ លើសំណុំរឿងរបស់លោក។ សវនាការទាំង៣៩លើកនេះ មិនទាន់មានការសម្រេចសេចក្តីអ្វីលើលោកនៅឡើយទេ៕ 
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com