កីឡាអន្តរជាតិ
អន្តរជាតិ
UEFA អនុម័តកែប្រែទម្រង់ការប្រកួតថ្មីនៅ Champions league​ ចាប់ពីឆ្នាំ ២០២៤
12, May 2022 , 8:29 am        
រូបភាព
រូបភាព៖ UEFA.com
រូបភាព៖ UEFA.com
សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ថ្ងៃទី១០​ ខែឧសភា បានសម្រេចយល់ព្រមការផ្លាស់ប្តូរទម្រង់នៃការប្រកួត UEFA Champions league ចាប់ពីរដូវកាល ២០២៤-២៥ ទៅ។ ការកែប្រែទម្រង់ការប្រកួតនោះ ក៏មានការបង្កើនការប្រកួតវគ្គចែកពូលដល់ទៅ៨ប្រកួតដែរ។


 
កាលពីខែ​​មេសាកន្លងទៅ UEFA ធ្លាប់បានប្រកាសរួចមកហើយថា ការប្រកួតប្រជែងនឹងអាចបន្ថែមចំនួនក្រុមពី៣២ ទៅដល់ ៣៦ក្រុមនៅពីររដូវកាលបន្ទាប់។ គណៈកម្មាធិការប្រតិបត្តិ UEFA បន្ទាប់ពីមានកិច្ចប្រជុំពិភាក្សានាទីក្រុង Vienna រួចមក ក៏បានសម្រេចបង្កើនការប្រកួតក្នុងវគ្គចែកពូល ពី៦ប្រកួតកើនដល់៨ប្រកួត។ សម្រាប់ថ្ងៃនៃការប្រកួតវគ្គចែកពូល និងវគ្គជម្រុះ រហូតដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវបន្តកំណត់ថ្ងៃប្រកួតនៅចន្លោះកណ្តាលនៃសប្តាហ៍នីមួយៗដដែល។
 
មិនត្រឹមតែប៉ុណ្ណោះក្រុមចំនួន២ ក្នុងចំណោម៤ក្រុមដែល UEFA បានបន្ថែមតាមសេចក្តីសម្រេច នឹងត្រូវ ផ្តល់កៅអី Champions league ស្វ័យប្រវត្តិពី UEFA។ កៅអីស្វ័យប្រវត្តិ១ បន្ថែម នឹងត្រូវផ្តល់ឱ្យលីគដែលស្ថិតនៅកម្រិតទី៥នៃចំណាត់ថ្នាក់ UEFA ខណៈកៅអីមួយទៀតនឹងផ្តល់ឱ្យប្រទេស ដែលមានក្លិបឈ្នះពានរង្វាន់ UEFA Champions League ដោយបន្ថែមពី៤ក្រុម ទៅដល់៥ក្រុម។ ក្រុម២ផ្សេងទៀតក៏នឹងត្រូវប្រកួតជម្រុះ Play-Off ដណ្តើមកៅអី។
 
ទោះជាយ៉ាងនេះក្តី ក្រោយប្រកាសការផ្លាស់ប្តូរទម្រង់ប្រកួតបែបថ្មីនេះ ប្រធាន ​UEFA លោក Aleksander Ceferin បាននិយាយថា នេះជាការអភិវឌ្ឍន៍បាល់ទាត់អឺរ៉ុប នឹងបង្កើនសមត្ថភាពក្រុម។
 
«ថ្ងៃនេះការសម្រេចចិត្ត បានបញ្ចប់ទៅក្នុងដំណើរពិភាក្សានិងពិគ្រោះយោបល់យ៉ាងទូលំទូលាយ ហើយអំឡុងពេលដែលយើងបានស្តាប់មតិ ពីសំណាក់ អ្នកគាំទ្រ កីឡាករ គ្រូបង្វឹក ក្រុមជម្រើសជាតិ ក្លិប និងលីគ។ ពួគគេបានជួយស្វែងរកដំណោះស្រាយដ៏ល្អក្នុងការអភិវឌ្ឍន៍ ឱ្យកាន់តែជោគជ័យសម្រាប់បាល់ទាត់ទ្វីបអឺរ៉ុប ទាំងក្នុងប្រទេសនិងលើឆាកអន្តរជាតិ។»។លោក Ceferin បាននិយាយបែបនេះនាទីក្រុង Vienna។
 
ក្រោមកំណែងទម្រង់ថ្មីរបស់ UEFA ដំណាក់កាលដំបូងនឹងមានកែប្រែពីការចែកពូលទៅជាលីគតែមួយប៉ុណ្ណោះ ដែលមានក្រុមទាំង៣៦ រួមបញ្ជូលជាមួយគ្នាតែម្តង ដោយក្រុមនីមួយៗនឹងត្រូវប្រកួត ៨ លើកក្នុងពូលនេះ ដោយ៤ប្រកួតក្នុងទឹកដីនឹង៤ប្រកួតក្រៅទឹកដី ទល់នឹងក្រុម៨ផ្សេងគ្នា។
 
សម្រាប់ក្រុមដែលរកបានតំណែងកំពូលពីចំណាត់ថ្នាក់លេខ១ រហូតដល់លេង៨ នឹងទទួលបានកៅអីវគ្គ១៦ក្រុមស្វ័យប្រវត្តិ។ ក្រុមដែលស្ថិតនៅចំណាត់ថ្នាក់លេខ៩ ដល់ លេខ២៤ នឹងត្រូវលេង Play-Off ដែលមានពីរជើងទៅវិញទៅមក ដើម្បីកៅអីវគ្គ១៦ក្រុមចុងក្រោយ។
 
យ៉ាងណាមិញ UEFA ក៏បានបញ្ជាក់បន្ថែមទៀតថា កំណែទម្រង់ថ្មីក៏នឹងត្រូវធ្វើឡើងចំពោះពានរង្វាន់ Europa League និង Conference League ដូចគ្នា ប្រសិនបើទម្រង់ថ្មីនេះ បានផលនៅ Champions League៕
 
 

Tag:
 UEFA
  UEFA Champions league
© រក្សាសិទ្ធិដោយ thmeythmey.com