អន្តរជាតិ
អាម៉េរិក ជំរុញឱ្យរុស្ស៊ី និងចិនបញ្ឈប់ការប្រើសិទ្ធិវេតូលើទណ្ឌកម្មកូរ៉េខាងជើង
12, May 2022 , 11:35 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
អាម៉េរិក នៅថ្ងៃទី១១ ខែឧសភា បានរិះគន់ចិន និងរុស្ស៊ី ដែលនៅតែបន្តជំទាស់នឹងចំណាត់ការបន្ថែមរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) លើកូរ៉េខាងជើង ជុំវិញការសាកល្បងមីស៊ីលអន្តរទ្វីប និងអាវុធនុយក្លេអ៊ែរ។ បើតាមប្រេសិតអាម៉េរិកប្រចាំនៅUN ក្រុមប្រឹក្សាសន្តិសុខ មិនអាចរង់ចាំរហូតដល់ក្រុងព្យុងយ៉ាងធ្វើសកម្មភាពបង្ករឿង និងខុសច្បាប់ជាថ្មីឡើយ។

 
កូរ៉េខាងជើង នៅក្នុងឆ្នាំ២០២២ បានសាកល្បងមីស៊ីលជាច្រើនលើក ក្នុងនោះរួមទាំងមីស៊ីលបាលីស្ទិកអន្តរទ្វីបផង។ មីស៊ីលប្រភេទនេះ ត្រូវបានកូរ៉េខាងជើង ផ្អាកបាញ់តាំងពីឆ្នាំ២០១៧ មកម្លេះ មុនកិច្ចចរចារំសាយកម្មវិធីនុយក្លេអ៊ែរជាមួយអាម៉េរិក។ ដោយមើលឃើញក្រុងព្យុងយ៉ាងបាញ់សាកល្បងមីស៊ីលជាច្រើនលើក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបន្ទាន់មួយលើបញ្ហានេះ ដែលស្នើដោយអាម៉េរិកជាប្រធានផ្លាស់វេន។  
 
ក្នុងកិច្ចប្រជុំនោះ អគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានលើកឡើងថា ចំណាត់ការដាក់សម្ពាធរបស់អង្គការសហប្រជាជាតិ នឹងជំរុញឱ្យកូរ៉េខាងជើងបញ្ឈប់ការរីកសាយនៃភាពតានតឹង និងចូលតុចរចា។
 
«ច្បាស់ណាស់ ភាពស្ងៀមស្ងាត់ និងការអត់ធ្មត់ មិនមានប្រសិទ្ធភាពឡើយ»។ លោកស្រី Thomas-Greenfield បានថ្លែងនៅក្នុងកិច្ចប្រជុំបែបនេះ ដោយទំនងចង់ប្រាប់ទៅរុស្ស៊ី និងចិន ដែលតែងជំទាស់នឹងទណ្ឌកម្មលើកូរ៉េខាងជើង។ បើតាមប្រេសិតអាម៉េរិក វាដល់ពេលហើយ ដែលត្រូវចាត់វិធានការបន្ថែមលើក្រុងព្យុងយ៉ាង។​ 
 
ទន្ទឹមនេះ តំណាងអាម៉េរិកនៅអង្គការសហប្រជាជាតិបានបន្ថែមថា ក្រុមប្រឹក្សាសន្តិសុខ មិនអាចរង់ចាំរហូតដល់ក្រុងព្យុងយ៉ាងធ្វើសកម្មភាពបង្ករឿង ខុសច្បាប់ និងគ្រោះថ្នាក់ ដូចជាការសាកល្បងអាវុធនុយក្លេអ៊ែរជាថ្មីនោះទេ។ មុនការបញ្ជាក់របស់ប្រេសិតអាម៉េរិកបែបនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប៉ាន់ប្រមាណថា កូរ៉េខាងជើងអាចត្រៀមខ្លួនជាស្រេចក្នុងការសាកល្បងមីស៊ីលបន្ថែមទៀតនៅក្នុងខែនេះ។
 
យ៉ាងណាមិញការលើកឡើងរបស់អាម៉េរិកខាងលើ ត្រូវបានតំណាងចិន និងរុស្ស៊ីនៅអង្គការសហប្រជាជាតិច្រានចោល ដោយសំអាងថា វាមិនទាន់ដល់ពេលត្រឹមត្រូវ។ កន្លងមក ចិន និងរុស្ស៊ីបានព្យាយាមជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខបន្ធូរបន្ថយទណ្ឌកម្មលើកូរ៉េខាងជើង ក្រោមហេតុផលមនុស្សធម៌។ 
 
នៅចំពោះមុនតំណាងប្រទេសផ្សេង លោក Zhang Jun អគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ បានពន្យល់ថា សេចក្តីព្រាងដាក់ទណ្ឌកម្មលើកូរ៉េខាងជើងរបស់អាម៉េរិក មិនស័ក្កិសមក្នុងការបញ្ជាក់ពីស្ថានភាពបច្ចុប្បន្នឡើយ។ បើតាមប្រេសិតចិនរូបនេះ អាម៉េរិកនៅតែមិនយល់ពីសំណើរបស់ចិន ហើយតែងយកទណ្ឌកម្ម ដើម្បីដោះស្រាយបញ្ហា។ កន្លងមក តំណាងអាម៉េរិក បានបញ្ជាក់ថា ខ្លួននឹងស្វះស្វែងរកទណ្ឌកម្មលើកូរ៉េខាងជើង មុនខ្លួនផុតអាណត្តិជាប្រធានក្រុមប្រឹក្សានៅដំណាច់ខែឧសភា។ 
 
ចំណែក អង្គរដ្ឋទូតរងរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Anna Evstigneeva បានអះអាងថា ក្រុមប្រឹក្សាសន្តិសុខ កន្លងមក បានដាក់តែទណ្ឌកម្មលើក្រុងព្យុងយ៉ាងប៉ុណ្ណោះ ប៉ុន្តែមិនបានទទួលយកកាយវិការវិជ្ជមានរបស់កូរ៉េខាងជើង ជុំវិញកម្មវិធីនុយក្លេអ៊ែរ។ 
 
គួររំលឹកថា ចាប់តាំងពីឆ្នាំ ២០០៦ មក ក្រុមប្រឹក្សាសន្តិសុខ បានដាក់ទណ្ឌកម្មជាច្រើនលើកូរ៉េខាងជើង ដើម្បីរឹតត្បិតចំណូលក្នុងការបង្វែរទៅអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលអន្តរជាតិ។ ទណ្ឌកម្មចុងក្រោយនៅក្រុមប្រឹក្សាសន្តិសុខ បានធ្វើឡើងនៅក្នុងឆ្នាំ២០១៧ នៅពេលកូរ៉េខាងជើងសាកល្បងមីស៊ីលអន្តរទ្វីប៕ 
 

Tag:
 អាម៉េរិក
  ចិន
  ​រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com