កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន UEFA ៖ បញ្ហាអ្នកគាំទ្រនៅវគ្គផ្ដាច់ព្រ័ត្រ Euro 2020 មិនគួរកើតឡើងម្តងទៀតឡើយ
12, May 2022 , 2:34 pm        
រូបភាព
រូបភាព៖UEFA.com
រូបភាព៖UEFA.com
ប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) លោក Aleksander Ceferin ថ្ងៃទី១១ ខែឧសភា បានចាត់ទុកបញ្ហារបស់អ្នកគាំទ្រអំឡុងការប្រកួតព្រឹត្តិការណ៍ Euro 2020 វគ្គផ្តាច់ព្រ័ត្ររវាងអង់គ្លេសនិងអ៊ីតាលី ជារឿងមិនអាចទទួលយកបាន។ លោក Ceferin ក៏បានព្រមានថា ទង្វើទាំងនោះមិនគួរកើតឡើងម្តងទៀតឡើយ។


អ៊ីតាលីបានក្លាយជាក្រុមឈ្នះជើងឯកពានរង្វាន់ទ្វីបអឺរ៉ុប Euro 2020 លើកដំបូងចាប់តាំងឆ្នាំ ១៩៦៨ បន្ទាប់ពីយកឈ្នះលើក្រុមអង់គ្លេសដោយការស៊ុតបាល់១១ម៉ែត្រ។ ការប្រកួតនេះ បែរជាចោមរោមដោយ បញ្ហាភាពចម្រូងចម្រាស់រវាងអ្នកគាំទ្រអង់គ្លេសនិងអ៊ីតាលីរ។
 
អ្នកគាំទ្ររាប់ពាន់នាក់ដែលគ្មានសំបុត្រចូលទស្សនា បានព្យាយាមសម្រុកចូលក្នុងទីលានប្រកួតមុនការប្រកួតចាប់ផ្តើម និងមានការប្រើពាក្យសម្តីឌឺដងគ្នារវាងអ្នកគាំទ្រសងខាង ដែលជាហេតុនាំមានការប៉ះទង្គិចគ្នារហូតមានអ្នកគាំទ្រមួយចំនួនរងរបួស។
 
UEFA បានដាក់ពិន័យទៅលើសហព័ន្ធបាល់ទាត់អង់គ្លេស (FA) ដោយហាមឃាត់ការប្រកួតក្នុងទឹកដីរបស់ខ្លួន២ប្រកួតក្នុងរយៈពេល២ឆ្នាំ និងពិន័យជាប្រាក់ ៨៤,៥៦០ផោន (ជាង១សែនដុល្លារ)។ ក្រោយរងការដាក់ពិន័យ FA ក៏បានចេញសេចក្តីថ្លែងការណ៍សុំទោសចំពោះទង្វើរបស់អ្នកគាំទ្រ។
 
ទោះជាយ៉ាងនេះក្តីលោក Ceferin ដែលមានវត្តមាននៅជំនួបវគ្គផ្តាច់ព្រ័ត្រដែរនោះ បានបង្ហាញអារម្មណ៍ថា វាជារឿងសោកស្តាយចំពោះការបរាជ័យនៃបាល់ទាត់ និងជារឿងពិបាកទទួលយក។
 
 «យើងនៅតែមានបញ្ហាច្រើនដែលត្រូវដោះស្រាយ ដើម្បីជួយឱ្យកីឡារបស់យើងក្លាយជាកីឡាដ៏គំរូនិងជាប្រភពនៃការបំផុសគំនិតកីឡា។ រូបភាពនៃអំពើហិង្សានៅកីឡដ្ឋាន Wembley កាលពីឆ្នាំមុន ជារឿងពិបាកទទួលយក ហើយមនុស្សគ្រប់គ្នាគួរទទួលបានអារម្មណ៍សុវត្តិភាពទាំងក្នុងទាំងក្រៅទីលាន ពួកគេមិនគូរទទួលបានអារម្មណ៍ភ័យខ្លាចឡើយ រឿងនេះមិនគួរកើតមានម្តងទៀតឡើយ។» នេះជាការលើកឡើងរបស់លោក Ceferin ក្នុងកិច្ចប្រជុំគណៈកម្មាធិការ UEFA នាទីក្រុង Vienna ថ្ងៃទី១១ ខែឧសភា៕
 

Tag:
 UEFA
  Aleksander Ceferin
© រក្សាសិទ្ធិដោយ thmeythmey.com