ជាតិ
អន្តរជាតិ
ជំនួបអាស៊ាន-អាម៉េរិកនៅសេតវិមាន៖ ឱកាសល្អសម្រាប់កម្ពុជា
12, May 2022 , 4:38 pm        
រូបភាព
សម្ដេច ហ៊ុន សែន ទៅដល់ទឹកដីអាម៉េរិកដើម្បីចូលរួមជំនួបកំពូលអាស៊ាន-អាម៉េរិក។ រូបថត Facebook សម្ដេច ហ៊ុន សែន
សម្ដេច ហ៊ុន សែន ទៅដល់ទឹកដីអាម៉េរិកដើម្បីចូលរួមជំនួបកំពូលអាស៊ាន-អាម៉េរិក។ រូបថត Facebook សម្ដេច ហ៊ុន សែន
មេដឹកនាំអាស៊ាន៨ប្រទេស នឹងជួបជាមួយប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នាជំនួបកំពូលអាស៊ាន-អាម៉េរិកចាប់ពីថ្ងៃទី១២ ដល់ទី១៣ ខែឧសភា នៅសេតវិមាន។ នេះជាលើកទី២ ដែលអាម៉េរិកអញ្ជើញមេដឹកនាំអាស៊ានទៅជួប ចាប់តាំងពីជំនួបលើកទី១ កាលពីឆ្នាំ២០១៦ ក្រោមរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ។ ជំនួបបង្ហាញពីការប្ដេជ្ញាចិត្តរបស់អាម៉េរិកចំពោះតំបន់អាស៊ាន ដែលមានតួនាទីស្នូលក្នុងគោលនយោបាយឥណ្ឌូ-ប៉ាស៊ីហ្វិក តែក៏ជាឱកាសសម្រាប់ប្រទេសដែលមើលមុខគ្នាមិនសូវត្រូវជាមួយអាម៉េរិក ដើម្បីលាងជម្រះភាពល្អក់កករ ក្នុងទំនាក់ទំនងទ្វេភាគីដែរ។

 
បន្ទាប់ពីពន្យារពេលប្រជុំនៅខែមីនា​ មេដឹកនាំអាស៊ាន និងអាម៉េរិក នឹងជួបគ្នាដោយផ្ទាល់ នៅថ្ងៃទី១២ និងទី១៣ ខែឧសភានេះ នៅរដ្ឋធានីវ៉ាស៊ីនតោន។ នេះជាលើកដំបូង ដែលមេដឹកនាំអាស៊ាន ជួបមេដឹកនាំអាម៉េរិក នៅសេតវិមានតែម្ដង ខណៈជំនួបឆ្នាំ២០១៦ លោក បារ៉ាក់ អូបាម៉ា ស្វាគមន៍មេដឹកនាំអាស៊ាន នៅរដ្ឋកាលីហ្វ័រនីញ៉ាឯណោះ។ 
 
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ នឹងមិនមានវត្តមានក្នុងកិច្ចប្រជុំឡើយ ព្រោះហ្វីលីពីន ស្ថិតក្នុងរយៈពេលអន្តរកាល ក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី កាលពីថ្ងៃទី៩ ខែឧសភា។ ឯមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា មីន អ៊ុងឡាំង នៅតែត្រូវបានផាត់ចេញដដែល ស្របពេលដែលវិបត្តិមីយ៉ាន់ម៉ា ក៏ជាប្រធានបទសំខាន់មួយផងដែរ។
 
អាស៊ាន នៅតែសំខាន់ក្នុងក្រសែភ្នែកអាម៉េរិក
 
ជំនួបពិសេសលើកទី២ ជាឱកាសសម្រាប់អាម៉េរិក និងអាស៊ានក្នុងការពង្រឹងទំនាក់ទំនងទៅវិញទៅមក ក្រោយខកខានជួបផ្ទាល់២ឆ្នាំ ដោយសារជំងឺកូវីដ-១៩ អុកឡុក។ ជំនួបមេដឹកនាអាស៊ាន-អាម៉េរិកលើកនេះ ធ្វើឡើងស្របពេលដែលស្ថានការណ៍ពិភពលោក ពុះកញ្ជ្រោលខ្លាំង ពិសេសវិបត្តិអ៊ុយក្រែន។
 
ក្រៅពីរឿងមីយ៉ាន់ម៉ា ប្រធានបទសំខាន់ផ្សេងទៀត ដែលត្រូវលើកឡើងមានជំងឺកូវីដ-១៩ ដែលកំពុងបន្តយាយី បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងការកើនឡើងឥទ្ធិពលចិនក្នុងតំបន់ ដែលនៅចំកណ្ដាលនៃការប្រទាញប្រទង់ រវាងមហាអំណាចទាំងពីរ។ ដូចនេះ ការជួបគ្នាទល់មុខបែបនេះ ពិតជាឱកាសកម្រមានសម្រាប់អាស៊ាន និងអាម៉េរិក។
 
សម្រាប់អាស៊ាន មជ្ឈភាពរបស់ខ្លួនក្នុងកិច្ចការតំបន់ ជារឿងដែលមិនអាចប្រកែកបាន ហើយអាស៊ាន ក៏ចង់ឱ្យប្រទេសដៃគូរបស់ខ្លួន ប្រកាន់ខ្ជាប់គោលការណ៍នេះ។ 
 
ជំនួបនេះ ក៏ជាសាររបស់រដ្ឋបាលលោក បៃឌិន ទៅកាន់អាស៊ានថា ខ្លួនមិនបានដោះដៃឡើយ ទោះជាប់ខ្លួនក្នុងរឿងអ៊ុយក្រែនក្ដី អាម៉េរិកនៅបន្ត​ធ្វើការជាមួយអាស៊ាន ក្រោមក្របខណ្ឌយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរបស់ខ្លួន។ មិនត្រឹមអាស៊ានឡើយ វាក៏ជាសារទៅកាន់ចិនថា អាម៉េរិកមិនទៅណាឡើយ ហើយបន្តឈរជើងក្នុងតំបន់ ដើម្បីទប់ទល់ចិនតែម្ដង។ បើអាស៊ានផ្អៀងទៅរកភាគីណាមួយ ភូមិសាស្រ្តនយោបាយក្នុងតំបន់ នឹងប្រែប្រួលមិនខាន។ ការរក្សា ឬបង្កើនកម្រិតទំនាក់ទំនងជាមួយអាស៊ាន ពិតជាអាចជួយអាម៉េរិក ក្នុងការសម្រេចគោលបំណងរបស់ខ្លួន។
 
ខណៈអាស៊ានក៏ចង់បានទំនាក់ទំនងល្អប្រសើរជាមួយអាម៉េរិក រដ្ឋបាលលោក បៃឌិន ហាក់មិនបានផ្ដល់អ្វីជាដុំកំភួន ដើម្បីទាក់ចិត្តអាស៊ានឡើយ។ ជាការពិត អាស៊ាន ត្រូវការអាម៉េរិកដើម្បីរក្សាតុល្យភាពជាមួយចិន ដែលជះលុយក្នុងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម តែត្រង់នេះ អាម៉េរិកដែលតែងប្រកាសវិលមកអាស៊ីវិញនោះ មិនទាន់បញ្ចេញផែនការ ដើម្បីទាក់ចិត្តអាស៊ានឡើយ។ ពេញមួយអាណត្តិលោក ដូណាល់ ត្រាំ ទំនាក់ទំនងរវាងអាម៉េរិក និងអាស៊ាន រឹតតែស្ងប់ស្ងាត់ ដ្បិតលោកអនុវត្តគោលការណ៍គិតប្រយោជន៍អាម៉េរិកមុន។
 
ជំនួបសេតវិមាន៖ ឱកាសដើម្បីជម្រះមន្ទិលរវាងកម្ពុជា-អាម៉េរិក
 
ជាប្រធានអាស៊ាននៅឆ្នាំ២០២២ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន ក៏មានឱកាសធ្វើសហប្រធាន ជាមួយលោក បៃឌិន ស្របពេលដែលទំនាក់ទំនងកម្ពុជា-អាម៉េរិក មិនសូវល្អនៅប៉ុន្មានឆ្នាំមកនេះ លើបញ្ហាដដែលៗ ដូចជាការធ្លាក់ចុះប្រជាធិបតេយ្យ របាយការណ៍នៃវត្តមានយោធាចិននៅកំពង់ផែរាម និងឥទ្ធិពលចិនក្នុងប្រទេស។ យ៉ាងណាមិញ មិនមានការបញ្ជាក់ណាមួយនៅឡើយថា មេដឹកនាំទាំងពីរ អាចនឹងជួបពិភាក្សាការងារជាមួយគ្នា។
 
ទោះទស្សនកិច្ចនៅអាម៉េរិក ស្ថិតក្រោមក្របខណ្ឌជំនួបអាស៊ាន-អាម៉េរិកក្ដី វាជាឱកាសសម្រាប់កម្ពុជា និងអាម៉េរិក ក្នុងការបោះដៃរកគ្នាទៅវិញទៅមក ដោយមិនបាច់បារម្ភថា អ្នកណាបោះដៃរកអ្នកណាមុនឡើយ។ អំឡុងកម្មវិធីសំណេះសំណាល ជាមួយពលរដ្ឋខ្មែររស់នៅអាម៉េរិកនៅថ្ងៃទី១១ ខែឧសភា (ម៉ោងនៅអាម៉េរិក) មេដឹកនាំកម្ពុជា ក៏ឆ្លៀតផ្ញើសារទៅមេដឹកនាំអាម៉េរិក មុនជួបគ្នានៅសេតវិមាន នៅថ្ងៃទី១២ ខែឧសភា។ 
 
«ចង់ធ្វើមិត្តអាម៉េរិក អីក៏ពិបាកម្ល៉េះ?»។ ប្រមុខរដ្ឋាភិបាលកម្ពុជា ចោទជាសំណួរបែបនេះទៅកាន់អ្នកចូលរួម ដោយឆ្លៀតបន្លុយពាក្យថា ការសំណេះសំណាលពេលនេះ នឹងត្រូវបានអាម៉េរិកតាមដានផងដែរ។
 
តើការធ្វើមិត្តជាមួយអាម៉េរិក ពិតជារឿងពិបាកមែន? ប៉ុន្មានឆ្នាំមកនេះ បន្ថែមពីលើអ្វីដែលអាម៉េរិក ចាត់ទុកជាការធ្លាក់ចុះប្រជាធិបតេយ្យ ការឃុំខ្លួនអ្នកនយោបាយមាននិន្នាការប្រឆាំង និងការកើនឡើងការបំពានសិទ្ធិមនុស្សនោះ ទំនាក់ទំនងកម្ពុជា និងអាម៉េរិក ក៏ជួបបញ្ហាមួយទៀត។ លោក ម៉ៃ ផេន អនុប្រធានាធិបតីអាម៉េរិក ក្នុងឆ្នាំ២០១៨ បានផ្ញើសំបុត្រឱ្យសម្ដេច ហ៊ុន សែន ដោយបង្ហាញក្ដីបារម្ភពីវត្តមានយោធាចិន។ របាយការណ៍នានាទាក់ទងមូលដ្ឋានសមុទ្ររាម ក្លាយជាមូលដ្ឋានយោធាចិន ក៏ក្លាយជាបន្លាថ្មីមួយទៀត ក្នុងទំនាក់ទំនងដែលកំពុងរប៉ាក់រប៉ើកស្រាប់។
 
កម្ពុជា បានឆ្លើយតប និងបកស្រាយសឹងរេចមាត់ទៅហើយ តែវាប្រៀបដូចជាពាក្យបុរាណ «ចាក់ទឹកលើក្បាលទា» ឬ «ចូលត្រចៀកឆ្វេង ចេញត្រចៀកស្ដាំ» ទៅវិញ។ ជារឿងដែលអាម៉េរិក អាចមិនហ៊ានធ្វើ កម្ពុជាអនុញ្ញាតឱ្យអនុព័ន្ធយោធាអាម៉េរិក ទៅពិនិត្យមូលដ្ឋានរាមថែមទៀត។ តើអាម៉េរិក ត្រូវការព័ស្តុតាងប៉ុនណាទៀត ទើបអាចទទួលយកការបកស្រាយនេះ? 
 
ការជួបទល់មុខគ្នាណាមួយ នៅក្រៅកិច្ចប្រជុំអាស៊ាន-អាម៉េរិក នឹងជាឱកាស សម្រាប់ការជម្រះហ្មងសៅទាំងឡាយ ទាំងបញ្ហាប្រជាធិបតេយ្យ ទាំងបញ្ហាចិនផងដែរ។ ប៉ុន្តែគេក៏មិនត្រូវដាក់ក្ដីរំពឹងខ្ពស់ពេកដែរ ព្រោះក្នុងក្រសែភ្នែកអាម៉េរិក កម្ពុជាទោះជាសមាជិកអាស៊ាន មិនមែនជាដៃគូសំខាន់ដូចជាថៃ ហ្វីលីពីន ឬសិង្ហបុរីដែរ។
 
លើសពីនេះ អាម៉េរិក ដែលជាមហាអំណាចកំពូលលើលោក ក៏គួរឈប់សង្កត់កម្ពុជា ក្រោមហេតុផលដូចរ៉ាយរ៉ាប់ខាងលើ ហើយព្យាយាមស្វែងយល់ពីជំហរ និងតម្រូវការជាក់ស្ដែងរបស់កម្ពុជា ដែលជាប្រទេសតូចតាច មានប្រវត្តិជូរចត់ ដោយសារការមិនដើរតាមផ្លូវរបស់ខ្លួននោះ ហើយរឹតតែមិនចង់ជ្រើសរើស រវាងមហាអំណាចណាមួយដែរ៕
 

Tag:
 អាម៉េរិក
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com