កីឡាអន្តរជាតិ
អន្តរជាតិ
UEFA អនុញ្ញាតឱ្យរុស្ស៊ីចូលរួមកិច្ចប្រជុំសមាជរបស់ខ្លួន
12, May 2022 , 8:29 pm        
រូបភាព
អ្នកតំណាងប្រទេសរុស្ស៊ីនាថ្ងៃទី១១ ខែឧសភា ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងកិច្ចប្រជុំសមាជធំរបស់សហព័ន្ធបាល់ទាត់កីឡាបាល់ទាត់អឺរ៉ុប (UEFA) ក្នុងទីក្រុងវីយែន ទោះក្រុមជម្រើសជាតិនិងក្លិបរុស្ស៊ីត្រូវបានហាមឃាត់់ចូលរួមប្រកួតអន្តរជាតិនានាក្តី។



កាលពីខែកុម្ភៈកន្លងទៅស្ថាប័នបាល់ទាត់ដ៏ធំទាំងពីរក្នុងពិភពលោករួមមាន UEFA និងសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានសម្រេចចិត្តហាមឃាត់ប្រទេសរុស្ស៊ី និងក្លិបរុស្ស៊ីពីការប្រកួតអន្តរជាតិនានា។ មិនត្រឹមប៉ុណ្ណោះ UEFA ក៏បានដកសិទ្ធិរបស់រុស្ស៊ីក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះកាលប្រកួតពានរង្វាន់ទិ្វបអឺរ៉ុប Euro 2028 និង Euro 2032 កាលពីដើមខែឧសភានេះ។
 
 យ៉ាងណាមិញ សហព័ន្ធបាល់ទាត់ប្រចាំតំបន់អឺរ៉ុបមួយនេះបានអនុញ្ញាតឱ្យអ្នកតំណាងរុស្ស៊ីចូលរួមកិច្ចប្រជុំសមាជរបស់ខ្លួននាថ្ងៃទី១១ ខែឧសភា។
 
«អគ្គលេខាធិការសហព័ន្ធបាល់ទាត់រុស្ស៊ីបានចូលរួមក្នុងកិច្ចប្រជុំសមាជនាថ្ងៃនេះក្នុងទីក្រុង​វីយែន»។ អ្នកនាំពាក្យ UEFA ប្រាប់ទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះ។ 
ប្រធាន UEFA លោក Aleksander Ceferin និយាយថា មិនទាន់ដល់ពេលវេលាព្យួរសិទ្វិរបស់សហព័ន្ធបាល់ទាត់រុស្ស៊ីឡើយ។
 
«បើសិនអ្នកសួរខ្ញុំកាលពីខែមុន ខ្ញុំនឹងអាចគិតផ្ទុយគ្នាខុសពីថ្ងៃនេះ ហើយពីមួយខែទៅមួយខែយើងមិនដឹងថានឹងមានរឿងអ្វីកើតឡើងដែរ ហើយវាមិនទាន់ដល់ពេលវេលាឡើយ។ ខ្ញុំមិនអាចនិយាយបានឡើយថារឿងអនាគតទៅជាយ៉ាងណា ទណ្ឌកម្មរបស់យើងបានធ្វើឱ្យមានផលលំបាកដល់អត្តពលិក ខ្ញុំក៏សុំទោសពួកគេ ប៉ុន្តែក្នុងកាលៈទេសៈដូច្នេះ យើងគ្មានដំណោះស្រាយអ្វីឡើយ។» លោក ​Ceferin បាននិយាយបែបនេះក្នុងសិន្និសីទកាសែតបន្ទាប់ពីកិច្ចប្រជុំ។
 
លើសពីនេះទៅទៀត ប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុបមួយនេះ ក៏បានអះអាងបន្ថែមថា លោករំពឹងថានៅពេលអនាគត ទិដ្ឋភាពដ៏ខ្មៅងងឹតនៃសង្រ្គាមនឹងបានបញ្ចប់ទៅដោយឆាប់រហ័ស៕
 
 

Tag:
 UEFA
  Football
© រក្សាសិទ្ធិដោយ thmeythmey.com