ជាតិ
សេដ្ឋកិច្ច
កម្ពុជា និងស្រីលង្កា អាចមានជើងហោះហើរត្រង់ ក្នុងពេលឆាប់ៗ
12, May 2022 , 11:29 pm        
រូបភាព
ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសស្រីលង្កាប្រចាំកម្ពុជា លោកស្រី COLONNE APPUHAMILLAGE CHAMINDA INOKA COLONNE រូបថត ៖ MOC
ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសស្រីលង្កាប្រចាំកម្ពុជា លោកស្រី COLONNE APPUHAMILLAGE CHAMINDA INOKA COLONNE រូបថត ៖ MOC
ដោយ ៖ ធន់ សេងហុង 
 
ប្រទេសស្រីលង្កា បានបង្ហាញពីបំណងក្នុងការជំរុញដល់វិស័យធុរកិច្ច និងទេសចរណ៍ជាមួយកម្ពុជា តាមរយៈជើងហោះហើរត្រង់ ដែលនឹងកើតមានក្នុងពេលលឆាប់ៗនេះរវាងប្រទេសទាំងពីរ ។ នេះបើតាមការលើកឡើងរបស់ឯកអគ្គរដ្ឋទូតតែងតាំងថ្មីស្រីលង្កាប្រចាំកម្ពុជា ។


ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសស្រីលង្កាប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកកប្រទេសថៃ លោកស្រី COLONNE APPUHAMILLAGE CHAMINDA INOKA COLONNE បានជួបពិភាក្សាការងារជាមួយលោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អំពីការជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១១ខែឧសភា។ 
 
លោក ពេជ ឫទ្ធី បានលើកឡើងអំពីសក្តានុពលធុរកិច្ច និងវិនិយោគនៅកម្ពុជា  តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន អាស៊ានបូកមួយ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន កូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)។ 
 
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មរូបនេះ បានលើកទឹកចិត្តឱ្យធុរជនស្រីលង្កា ពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើន និងបានជំរុញឱ្យមានការបង្កើនកិច្ចសហប្រតិបត្តិការធុរកិច្ចបន្ថែមទៀត តាមរយៈសភាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
 
លោកស្រី COLONNE APPUHAMILLAGE CHAMINDA INOKA COLONNE បានសង្កត់ធ្ងន់ថា៖«ដើម្បីជំរុញដល់វិស័យធុរកិច្ច និងទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរជាងមុន កម្ពុជា និងស្រីលង្កា អាចបង្កើតជើងហោះហើរត្រង់ ក្នុងពេលឆាប់ៗនេះ»។  
 
គួរបញ្ជាក់ផងដែរថា ដើម្បីអបអរសាទរខួបទំនាក់ទំនងការទូតលើកទី៧០ ដែលគ្រោងរៀបចំឡើងក្នុងឆ្នាំនេះ កម្ពុជា និងស្រីលង្កា នឹងពិនិត្យលទ្ធភាពរៀបចំព្រឹត្តិការណ៍ផ្គូរផ្គងធុរកិច្ច ក៏ដូចជាជំរុញពាណិជ្ជកម្មទ្វេភាគីផងដែរ។ នេះបើតាមការលើកឡើង របស់ឯកអគ្គរដ្ឋទូតតែងតាំងថ្មីស្រីលង្កាប្រចាំកម្ពុជា៕
 
 
 

Tag:
 ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com