អន្តរជាតិ
មេដឹកនាំអាម៉េរិក និងចិន អបអរសាទរលោក Marcos Jr ដែលឈ្នះការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន
13, May 2022 , 10:01 am        
រូបភាព
លោក  Ferdinand Marcos Jr បេក្ខជននាំមុខគេក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន។ រូបភាព៖ AFP
លោក Ferdinand Marcos Jr បេក្ខជននាំមុខគេក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន។ រូបភាព៖ AFP
ប្រធានាធិបតីអាម៉េរិកលោកចូ បៃឌិន នៅថ្ងៃទី១២ ខែឧសភា បានជជែកតាមទូរស័ព្ទជាមួយលោក  Ferdinand Marcos Jr និងបានអបអរសាទរលោក ដែល បានឈ្នះការបោះឆ្នោតប្រធានាធិបតីហ្វីលីពីនដោយសំឡេងគាំទ្រភ្លូកទឹកភ្លូកដី។​ លោក ស៊ី ជិនភីង ប្រធានាធិបតីចិន ក៏បានផ្ញើសារអបអរ បេក្ខជនឈ្នះការបោះឆ្នោតរូបនេះដែរ។

 
បើទោះលទ្ធផលផ្លូវការ នៃការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន មិនទាន់ត្រូវបានប្រកាសក៏ដោយ ការរាប់សន្លឹកឆ្នោត បានបង្ហាញថា លោក Ferdinand Marcos Jr បាននាំមុខដាច់បេក្ខជនប្រជែងដទៃ ដោយលោកបានទទួលសន្លឹកឆ្នោតគាំទ្រ ប្រមាណជាង៣១លានសន្លឹក។ នៅថ្ងៃទី១១ ខែឧសភាលោក Marcos Jr  ក៏បានប្រកាសដោយខ្លួនឯងផ្ទាល់ថា លោកបានជាប់ឆ្នោតជាប្រធានាធិបតី ហើយសន្យាជំរុញលទ្ធិប្រជាធិបតេយ្យ ព្រមទាំងស្វែងរកមូលដ្ឋានរួមគ្នា ជុំវិញការបែកបាក់នយោបាយ។
 
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី១២ ខែឧសភា បានអបអរសាទរលោក  Marcos Jr  តាមទូរស័ព្ទ ក្នុងកិច្ចសន្ទនារយៈពេលជាង១០នាទី។ 
 
«ប្រធានាធិបតីអាម៉េរិក លោកបៃឌិន បានប្រាប់លោក Marcos Jr ថា ទីក្រុងវ៉ាស៊ីនតោន កំពុងទន្ទឹងរង់ចាំធ្វើការជាមួយលោក ហើយលោកបៃឌិន ក៏បានលើកឡើងពីសន្ធិសញ្ញាសម្ព័ន្ធមិត្ត រវាងប្រទេសទាំងពីរ ជាប្រវត្តិសាស្ត្រផងដែរ»។ អគ្គរដ្ឋទូតហ្វីលីពីនប្រចាំអាម៉េរិក លោក Jose Manuel Romualdez បានប្រាប់បែបនេះ ទៅទីភ្នាក់ងារព័តមាន AP។ 
 
លោក Romualdez ក៏បានបន្តថា ក្នុងកិច្ចសន្ទនាដដែលនោះ លោក Marcos Jr បានសង្កត់ធ្ងន់ ពីទំនាក់ទំនងដ៏រឹងមាំរវាងទីក្រុងម៉ានីល និងទីក្រុងវ៉ាស៊ីនតោន ហើយក៏បានសន្យានឹងបន្តពង្រឹងទំនាក់ទំនងបន្ថែមទៀត ក្រោមរដ្ឋាភិបាលរបស់លោក។
 
លោក Marcos Jr  ក៏បានអញ្ជើញលោកបៃឌិន ឱ្យចូលរួមពិធីចូលកាន់តំណែងផង។ យ៉ាងណាមិញ លោក បៃឌិន បានឆ្លើយតបវិញថា​ លោកប្រហែលមិនអាចបានចូលរួម ដោយសារត្រូវដោះស្រាយបញ្ហាបន្ទាន់ផ្សេងៗ ហើយអាចនឹងបញ្ជូនអ្នកតំណាងអាម៉េរិកជាន់ខ្ពស់ ឱ្យទៅជំនួសវិញ។
 
ជុំវិញការបោះឆ្នោតប្រធានាធិបតីហ្វីលីពីននេះ​ ក្រសួងការបរទេសអាម៉េរិកបានអះអាងថា ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតជាបន្តបន្ទាប់ បានអនុវត្តតាមស្តង់ដារអន្តរជាតិ ដោយ គ្មានឧប្បត្តិហេតុធំដុំណាមួយឡើយ។
 
មុនអាម៉េរិកមួយថ្ងៃ ប្រធានាធិបតីចិន បានបញ្ជូនលិខិតមួយច្បាប់ អបអរលោក Marcos Jr ដែលឈ្នះការបោះឆ្នោតនៅហ្វីលីពីនដែរ។ បើតាមលោកស៊ី ចិន នឹងធ្វើការជាមួយក្រុងម៉ានីល ព្រមទាំងរក្សាភាពជាអ្នកជិតខាងល្អ និងមិត្តភាព ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។ ជាការឆ្លើយតប លោក Marcos Jr ក៏បានបង្ហាញពីបំណង​រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយចិនផង។
 
គួរបញ្ជាក់ថា លទ្ធផលសម្រេចជាផ្លូវការសម្រាប់ប្រធានាធិបតីហ្វីលីពីនថ្មី នឹងត្រូវបាន សម្រេចដោយសភាហ្វីលីពីន។ ប្រសិនសភាសម្រេចអនុម័ត តាមលទ្ធផលដែលមាននេះ លោក Marcos Jr នឹងត្រូវកាន់តំណែងជាប្រធានាធិបតី ១អាណត្តិដែលរយៈពេល៦ឆ្នាំ។ បច្ចុប្បន្ន លោក Marcos Jr មិនទាន់ជាប្រធានាធិបតីជាប់ឆ្នោតពេញលេញនៅឡើយ។ លោកនឹងត្រូវ​ ប្រឈមនឹងបញ្ហាជាច្រើន ដូចជាការទប់ស្កាត់ជំងឺកូវីដ-១៩, វិសមភាព, ការបះបោរ, បញ្ហាសមុទ្រចិនខាងត្បូងជាមួយចិន, បញ្ហាក្នុងតំបន់ និងពិភពលោកជាច្រើន៕ 
 
 

Tag:
 អាម៉េរិក
  ចិន
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com